backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

រឿងគ្នាយើង​ត្រូវដឹងពីការប្រើប្រាស់ថ្នាំផ្សះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 13, 2020

រឿងគ្នាយើង​ត្រូវដឹងពីការប្រើប្រាស់ថ្នាំផ្សះ

គ្នា​យើង​ធ្លាប់​ប្រើ​ថ្នាំ​ផ្សះ​អត់? ប្រើ​ក្នុង​កាលៈ​ទេសៈ​បែប​ណា? ​គ្នា​យើង​ដឹង​ទេ​ថា​ថ្នាំ​ផ្សះ​មិន​មែន​ចេះតែ​ប្រើ​តាម​ការ​នឹក​ឃើញ​នោះ​ទេ។ ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​បាន​ត្រឹម​ត្រូវ នឹង​ជួយ​យើង​ឆាប់​ជា​ពី​របួស ឬ​ជំងឺ​ដែល​បង្ក​ដោយ​បាក់តេរី​ផ្សេងៗ​មិន​មែន​បង្ក​ដោយ​​វីរុស​ តែ​បើ​យើង​ប្រើ​មិន​ត្រឹម​ត្រូវ​នឹង​ធ្វើ​ឲ្យ​យើង​ទៅជា​ស៊ាំ​នឹង​ថ្នាំ​ផ្សះ ហើយ​នាំឲ្យ​យើង​ពិបាក​ព្យាបាល ឬ​ត្រូវ​ការ​ព្យាបាល​យូរ​ជាង​មុន​ជាដើម។

ខាង​ក្រោម​នេះ គឺជា​ការ​ណែនាំ​របស់​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការជំងឺ​របស់​សហរដ្ឋអាមេរិក​(CDC) អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ៖

១.ថ្នាំ​ផ្សះ​ប្រើតែ​ពេល​ចាំបាច់ និង​តាម​វេជ្ជបញ្ជា

ថ្នាំ​ផ្សះ​អាច​ប្រើ​បានតែ​លើ​ការ​ឆ្លង​រោគ​បង្ក​ដោយ​បាក់​តេរី ដូចជា រលាក​បំពង់ក(Strep throat) ក្អកមាន់ និង​រលាក​ប្រពន្ធ័ផ្លូវទឺកនោមជាដើម។

ថ្នាំ​ផ្សះ​មិន​មាន​ប្រ​សិទ្ធភាព​លើ​ជំងឺ​បង្ក​ដោយ​វីរុស​ដូច​ជា​៖

  • ផ្ដាសាយធម្មតានិង​ហៀរសម្បោរ ទោះ​ជា​មាន​ស្លេស្ម​ច្រើន​ មាន​ពណ៌​លឿង ឬ​បៃតង​ជាដើម
  • ករណី​ឈឺ​ក​ (លើកលែង​រលាក​បំពង់​ក)
  • ផ្ដាសាយ​ធំ
  • ករណី​មួយ​ចំនួន​ទាក់​ទង​នឹង​ជំងឺ​រលាក​ទង​សួត​

ថ្នាំ​ផ្សះ​ក៏​មិន​ចាំ​បាច់​ប្រើ​ពេល​យើង​ឆ្លង​រោគ​ធម្មតា​​បង្ក​ដោយ​បាក់​តេ​រី ដូច​ជា ករណី​មួយ​ចំនួន​នៃ​ការ​ឆ្លង​រោគ​នៅ​Sinus ច្រមុះ និង​ករណី​ខ្លះ​នៃ​ការ​ឆ្លង​រោគ​នៅ​ត្រចៀក​។​

ថ្នាំផ្សះលើកុមារ

២.​ប្រើ​ថ្នាំ​ផ្សះ​តាម​វេជ្ជបញ្ជា

បើ​សិន​ជា​វេជ្ជបណ្ឌិត​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​យើង​ប្រើ​ថ្នាំ​ផ្សះ​សម្រាប់​ព្យាបាល​ជំងឺ​យើង​ត្រូវ៖

  • ប្រើ​ថ្នាំ​ផ្សះ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា
  • ហាម​ចែក​រំលែក​ថ្នាំ​ផ្សះ​របស់​យើង​ទៅ​អ្នក​ផ្សេង​ប្រើ​ប្រាស់
  • ហាម​ទុក​ប្រើ​នៅ​ពេល​ក្រោយ​ទៀត
  • ហាម​ទិញ​ថ្នាំផ្សះ​ប្រើ​ខ្លួន​ឯង​តាម​វេជ្ជបញ្ជា​របស់​អ្នកជំងឺ​ផ្សេង។ ការ​ធ្វើ​ដូច​នេះ​នឹង​នាំឲ្យ​ជំងឺ​កាន់តែ​ធ្ងន់​ធ្ងរ និង​អាច​មាន​ផល​រំខាន​។

បើ​គ្នា​យើង​មាន​ចម្ងល់​ណា​មួយ​ទាក់ទង​នឹង​ថ្នាំ​ផ្សះ​ ត្រូវ​សួរ​នាំ​គ្រូពេទ្យ ឬ​ឱសថការី​ឲ្យ​បាន​ច្បាស់​លាស់​។

៣.ផល​រំខាន​របស់​ថ្នាំ​ផ្សះ

ផល​រំខាន​កម្រិត​ស្រាល​៖

  • កន្ទួល​រមាស់
  • ចង្អោរ
  • រាក និង​
  • ឆ្លង​រោគ​ផ្សិត​(Yeast infections)

ផល​រំខាន​កម្រិត​ធ្ងន់៖

  • C. diff infectionដែល​បង្ក​ឲ្យ​មាន​ជំងឺ​រាក​អាច​បំផ្លាញ​​ពោះ​វៀន​ធំ​ធ្ងន់​ធ្ងរ​ និង​ស្លាប់​បាន។
  • ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ និង​គំរាម​កំហែង​ដល់​អាយុជីវិត
  • ស៊ាំថ្នាំ​ផ្សះ(Antibiotic-resistant infections)​​

៤.របៀប​ថែទាំ​សុខ​ភាព​ឲ្យបាន​ល្អ

យើង​អាច​អនុវត្ត​វិធី​មួយ​ចំនួន​ដើម្បី​ជួយ​ការ​ពារ​យើង​ចៀស​ផុត​ពី​ជំងឺ​ផ្សេងៗ​ដោយ​៖

  • លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់
  • ប្រើ​កន្សែង ឬក្រដាស ​ខ្ទប់​មាត់​ពេល​ក្អក ឬ​កណ្ដាស់​
  • បើ​ឈឺ​គួរ​សម្រាក​នៅ​ផ្ទះ
  • ហាម​យក​ដៃ​មិន​ស្អាត​ប៉ះពាល់​ភ្នែក ច្រមុះ និង​មាត់​
  • ចៀស​វាង​នៅ​ជិត​អ្នក​មាន​ជំងឺ​ផ្ដាសាយ ឬ​ជំងឺ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​
  • គួរ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម