ការដើរលេង ពិសេសនៅកន្លែងធម្មជាតិៗ ព្រៃភ្នំ ទឹកជ្រោះជួយឲ្យអារម្មណ៍ស្រស់ថ្លា សាកថ្មជីវិតឡើងវិញ តែទន្ទឹមនឹងនេះ ក៏គួរប្រុងប្រយ័ត្នខ្លះដែរ ដោយថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានចេញរបាយការណ៍ថា មានមនុស្សរាប់សែននាក់បានស្លាប់ និងពិការដោយសារតែពស់ចឹក ឬខាំ។
តាមសារព័ត៌មាន BBC អង្គការសុខភាពពិភពលោកបានចាត់ទុកថា “ពស់ចឹក” គឺជាវិបត្តិដ៏ធំមួយដែលលាក់ខ្លួនយូរមកហើយ ហើយគួរតែត្រូវដោះស្រាយ។ ការចាត់ទុកថារឿងពស់ចឹកជាវិបត្តិបែបនេះ ក៏ព្រោះតែរបាយការណ៍របស់អង្គការពិភពលោកនេះ បង្ហាញថា ជារៀងរាល់ឆ្នាំ មានករណីពស់ចឹកប្រហែល ២,៧ លានករណី (ក្នុងនោះរាប់ទាំងករណីពស់បាញ់ពិសចូលភ្នែកផងដែរ) ដែលករណីទាំងនោះឆក់យកជីវិតមនុស្សប្រមាណពីជាង ៨ ម៉ឺននាក់ ទៅ ជិត ១៤ ម៉ឺននាក់រៀងរាល់ឆ្នាំ ហើយប្រមាណ ៤ សែននាក់ក្លាយជាមនុស្សពិការ ដោយសារត្រូវកាត់អវៈយវៈចោល។