ចូលចិត្តដើរព្រៃ គួរប្រយ័ត្ន! ស្លាប់ និងពិការរាប់សែននាក់ដោយពស់ចឹក
ការដើរលេង ពិសេសនៅកន្លែងធម្មជាតិៗ ព្រៃភ្នំ ទឹកជ្រោះជួយឲ្យអារម្មណ៍ស្រស់ថ្លា សាកថ្មជីវិតឡើងវិញ តែទន្ទឹមនឹងនេះ ក៏គួរប្រុងប្រយ័ត្នខ្លះដែរ ដោយថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានចេញរបាយការណ៍ថា មានមនុស្សរាប់សែននាក់បានស្លាប់ និងពិការដោយសារតែពស់ចឹក ឬខាំ។

តាមសារព័ត៌មាន BBC អង្គការសុខភាពពិភពលោកបានចាត់ទុកថា “ពស់ចឹក’ គឺជាវិបត្តិដ៏ធំមួយដែលលាក់ខ្លួនយូរមកហើយ ហើយគួរតែត្រូវដោះស្រាយ។ ការចាត់ទុកថារឿងពស់ចឹកជាវិបត្តិបែបនេះ ក៏ព្រោះតែរបាយការណ៍របស់អង្គការពិភពលោកនេះ បង្ហាញថា ជារៀងរាល់ឆ្នាំ មានករណីពស់ចឹកប្រហែល ២,៧ លានករណី (ក្នុងនោះរាប់ទាំងករណីពស់បាញ់ពិសចូលភ្នែកផងដែរ) ដែលករណីទាំងនោះឆក់យកជីវិតមនុស្សប្រមាណពីជាង ៨ ម៉ឺននាក់ ទៅ ជិត ១៤ ម៉ឺននាក់រៀងរាល់ឆ្នាំ ហើយប្រមាណ ៤ សែននាក់ក្លាយជាមនុស្សពិការ ដោយសារត្រូវកាត់អវៈយវៈចោល។
លោកវេជ្ជបណ្ឌិត Williams ជាអ្នកជំនាញសិក្សាផ្នែកពិសពស់ និងជាមន្រ្តីនៃ WHO បានឲ្យដឹងថា ជនរងគ្រោះភាគច្រើនជាប្រជាពលរដ្ឋនៅតាមសហគមន៍ក្រីក្រដែលរស់នៅបណ្តាប្រទេសអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន (អាមេរិកខាងត្បូង)។ ជនរងគ្រោះទាំងនោះច្រើនជាកសិករ ក្មេងៗ និងអ្នកធ្វើការក្បែរធម្មជាតិច្រើន។
អង្គការសុខភាពពិភពលោកនាពេលនេះ ក៏កំពុងរៀបចំផ្សព្វផ្សាយពីផែនការសម្រាប់បន្ថយអត្រាមរណៈ និងពិការភាពដោយសារពស់ចឹក ឬខាំនេះឲ្យបានត្រឹមឆ្នាំ២០៣០។
អត្ថបទពាក់ព័ន្ធ៖
ពិសពស់ជាសារធាតុពុលដែលអាចបង្កឲ្យប្រព័ន្ធសរសៃឈាមមនុស្ស និងប្រព័ន្ធខាងការពារខាងក្នុង គាំងលែងដំណើរការ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតក្នុងរយៈពេលខ្លី បើសង្គ្រោះមិនទាន់។ ដូចនេះ ការប្រុងប្រយ័ត្ននាពេលធ្វើដំណើរកម្សាន្តទៅតាមព្រៃភ្នំ ជារឿងមួយគប្បីយកចិត្តទុកដាក់ផងដែរ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕