ការប្រកាសរបស់ក្រុមហ៊ុន Allergan Plc បានធ្វើឡើងក្រោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) រកឃើញថា ការប្រើប្រាស់ជាលិកា ឬស៊ីលីកូន ពង្រីកដើមទ្រូងក្រុមហ៊ុននេះ បង្កឲ្យកើតជំងឺមហារីកប្រភេទកម្រ ហៅថា Breast-implant Associated Anaplastic Large Cell Lymphoma (BIA-ALCL)។ ក្រុមហ៊ុនក៏បានបញ្ឈប់ការលក់ផលិតផលសម្រាប់វះកាត់ពង្រីកដើមទ្រូងរបស់ខ្លួន នៅតំបន់អឺរ៉ុប និងប្រទេសកាណាដា ផងដែរ។
FDA ធ្លាប់ព្រមានពីហានិភ័យប្រឈមកើតមហារីក ប្រភេទ BIA-ALCL គឺមានអត្រាខ្ពស់ក្នុងការពង្រីកដើមទ្រូង ដោយប្រើផលិតផលរបស់ក្រុមហ៊ុន Allergan Plc។ បើធៀបនឹងក្រុមហ៊ុនផ្សេង ផលិតផលក្រុមហ៊ុន Allergan Plc គឺមានហានិភ័យខ្ពស់ជាង រហូតដល់ ៦ ដង។ FDA បន្តថា ជំងឺមហារីក ប្រភេទ BIA-ALCL មានដល់ទៅ ៥៧៣ ករណី ទូទាំងពិភពលោក ដោយក្នុងនោះអ្នកជំងឺ ៤៨១ នាក់ លេចចេញរោគសញ្ញា ក្រោយវះកាត់ពង្រីកដើមទ្រូង ដោយប្រើផលិតផលរបស់ក្រុមហ៊ុន Allergan Plc។