នារីចិនវ័យ២០ឆ្នាំម្នាក់ មកពីក្រុងអ៊ូហាន ជាកន្លែងផ្ទុះការរាតត្បាតនៃវីរុស COVID-19 ហើយបានចម្លងមេរោគថ្មីនេះទៅលើសាច់ញាតិចំនួន៥នាក់ផ្សេងទៀត ខណៈនារីរូបនេះពុំមានបង្ហាញអាការៈរោគសញ្ញាអ្វីឡើយ។ អ្នកវិទ្យាសាស្រ្តចិនថានេះជាសញ្ញាបញ្ជាក់ថា មេរោគនេះ អាចឆ្លងទៅអ្នកផ្សេង ដោយអ្នកផ្ទុកមេរោគគ្មានបង្ហាញរោគសញ្ញា។
ប្រភពព័ត៌មាន Reuters បានបង្ហាញពីរបាយការណ៍របស់លោកវេជ្ជបណ្ឌិតចិន Meiyun Wang នៃមន្ទីរពេទ្យ Zhengzhou ដែលលើកឡើងថា នារីចិនខាងលើ បានធ្វើដំណើរទៅកាន់ ក្រុងអានយ៉ាង ដើម្បីជួបបងប្អូន កាលពីថ្ងៃទី១០ មករា ពោលគឺមុនការបិទក្រុងវូហាន នាថ្ងៃ២៣ មករា ២០២០។ ក្រោយមក បងប្អូនដែលជាសាច់ញាតិរបស់នាង បានធ្លាក់ខ្លួនឈឺ ហើយក្រុមគ្រូពេទ្យសង្គ្រោះ ក៏បានបំបែកពួកគេដាក់នៅដោយឡែក ដោយពិនិត្យឃើញថា នារីខាងលើតេស្តពុំឃើញមានវីរុស ឯបងប្អូនរបស់នាង ជាអ្នករស់នៅ ក្រុងអានយ៉ាង (ចម្ងាយ ៦៧៥គីឡូម៉ែត្រពី វូហាន) បែរជាតេស្តឃើញវិជ្ជមាន មានមេរោគCOVID-19 ទៅវិញ។
ជាមួយករណីនេះ លោកវេជ្ជបណ្ឌិត William Schaffner ពេទ្យជំនាញផ្នែកជំងឺឆ្លង នៃមន្ទីរពេទ្យ Vanderbilt សហរដ្ឋអាមេរិក បានលើកឡើងថា៖ “អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តជាច្រើន បានចោទសួរថា អាចមានទេករណីឆ្លង (COVID-19) ហើយមិនមានបង្ហាញរោគសញ្ញាឈឺអ្វីទាល់តែសោះ? ចម្លើយពេលនេះ គឺ មាន ដូចដែលឃើញស្រាប់។ អ្នកអាចឃើញ គេ(នារីចិន) ពុំមានបង្ហាញរោគសញ្ញាអ្វីឡើយ ហើយបានចម្លងទៅសាច់ញាតិរបស់គេ ក្រោយគ្រូពេទ្យបានធ្វើតេស្ត “។
លទ្ធផលតាមដានរហូតដល់ថ្ងៃ ១១ កុម្ភៈកន្លងទៅ សាច់ញាតិរបស់នារីខាងលើទាំង៥ បានធ្លាក់ខ្លួនឈឺ ដោយឡែក នាងវ័យ២០ឆ្នាំរូបនោះ នៅតែពុំមានវិវត្តបង្ហាញពីរោគសញ្ញាអ្វីឡើង ដោយពុំមានគ្រុនក្តៅ ក្អក ឈឺក ឬបញ្ហាដង្ហើមអ្វីគួរឱ្យកត់សម្គាល់ឡើយ។
មកទល់ពេលនេះ ក្រុមអ្នកស្រាវជ្រាវចិន បូករួមទាំងអ្នកស្រាវជ្រាវផ្សេងៗ ដែលចាប់អារម្មណ៍លើករណីកម្រនេះ កំពុងស្រាវជ្រាវបន្ថែមទៅលើបញ្ហាដែលចម្លងមេរោគ ដោយគ្មានបង្ហាញរោគសញ្ញានេះ។ ហើយបើតាមការលើកឡើង របស់អ្នកវិទ្យាសាស្រ្តខ្លះ ថានេះអាចបញ្ហាថ្មីចំពោះមុខ ដែលត្រូវដោះស្រាយ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕