និយមន័យ
១- អ្វីទៅជាអាការៈក្រោយស្រវឹង?
អាការៈក្រោយស្រវឹង ជារោគសញ្ញា កើតឡើងបន្ទាប់ពីផឹកស្រាច្រើនលើសកម្រិត។ វាមិនត្រឹមតែពិបាកក្នុងខ្លួនប៉ុណ្ណោះទេ អាចធ្វើលទ្ធផលការងារប្រចាំថ្ងៃយើងមិនល្អ ក៏អាចបង្កឲ្យមានជម្លោះក្នុងការងារទៀតផង។
ជាទូទៅ ផឹកស្រាកាន់តែច្រើន អាការៈក្រោយស្រវឹងនៅថ្ងៃបន្ទាប់កាន់តែធ្ងន់ធ្ងរ ហើយក៏គ្មានថ្នាំទិព្វឯណា អាចជួយយើងអាចផឹកស្រាច្រើន ប៉ុន្តែស្រវឹងតិចបាននោះដែរ។
ទោះអាការៈក្រោយស្រវឹង ជាអាការៈមិនល្អក៏ដោយ តែវានឹងបាត់ទៅវិញដោយខ្លួនឯង ដោយយ៉ាងយូរបំផុត ត្រឹមរយៈ ២៤ ម៉ោង។ បើយើងជ្រើសរើសផឹកស្រា ត្រូវផឹកដោយការទទួលខុសត្រូវ ដើម្បីចៀសកុំឲ្យមានអាការៈក្រោយស្រវឹងខ្លាំង។
២- អាការៈក្រោយស្រវឹងកើតឡើងញឹកញាប់ដែរទេ?
អាការៈក្រោយស្រវឹង កើតឡើងញឹកញាប់ណាស់ ឲ្យតែផឹកស្រា ឬជាតិអាល់កុលច្រើន មិនថាស្រី មិនថាប្រុស សុទ្ធតែអាចប្រឈមអាការៈស្រវឹងខ្លាំង និងធ្វើទុក្ខក្រោយស្រវឹងទាំងអស់។
រោគសញ្ញា
៣- រោគសញ្ញាអាការៈក្រោយស្រវឹងមានអ្វីខ្លះ?
រោគសញ្ញាឃើញញឹកញាប់រួមមាន៖
– បេះដូងលោតលឿន
– ថប់បារម្ភ
– ភ្នែកមានដុំឈាម
– ឈឺសាច់ដុំ និងរាងកាយ
– រាក
– វិលមុខ
– ខ្យល់ដង្ហើមមិនល្អ
– ឈឺក្បាល
– ហៀរទឹកមាត់ច្រើន
– ទន់ខ្លួន អស់កម្លាំង ល្ហិតល្ហៃ
– ចង្អោរ
– ខ្លាចពន្លឺ (Photophobia)
– មានបញ្ហាពិបាកផ្ចង់អារម្មណ៍
– ពិបាកទ្រាំសំឡេងខ្លាំងៗ
– មានបញ្ហាផ្លូវចិត្ត (Dysphoria)
– ឆាប់ខឹង ឆេវឆាវ
– ឈឺក្រពះ
– ស្រេកទឹក
– ញ័រដៃជើង
– ក្អួត។
អាចមានរោគសញ្ញាខ្លះទៀតមិនបានរៀបរាប់ខាងលើ បើមានការបារម្ភពីរោគសញ្ញាអ្វីមួយ សូមពិគ្រោះជាមួយគ្រូពេទ្យជំងឺ។
៤- ពេលណាត្រូវទៅជួបពេទ្យ?
បើមានចេញរោគសញ្ញាធ្ងន់ធ្ងរមានរៀបរាប់ខាងក្រោមនេះ ទាំងពេលកំពុងផឹក ឬបន្ទាប់ពីផឹក យើងអាចមានបញ្ហាពុលស្រា ទាមទារការសង្គ្រោះបន្ទាន់ ឲ្យលឿនតាមដែលអាចធ្វើទៅបាន។
– ដកដង្ហើមមិនប្រក្រតី
– ដកដង្ហើមយឺតជាងធម្មតា រហូតដល់ហឺតចូលតិចជាង៨ដងក្នុងមួយនាទី
– វង្វេងវង្វាន់ ឬធីងធោង
– ប្រកាច់
– កម្ដៅរាងកាយធ្លាក់ចុះ (Hypothermia)
– សន្លប់
– ស្បែកឡើងស្លេក
– ក្អួតមិនឈប់។
មូលហេតុបង្ក
៥- មូលហេតុអី្វនាំឲ្យមានបញ្ហានេះ?
អាការៈក្រោយស្រវឹង បណ្ដាលមកពីការផឹកជាតិអាល់កុលច្រើនពេក។ ត្រឹមតែផឹកស្រាតែបន្តិច ក៏អាចធ្វើឲ្យគ្នាយើងខ្លះមានបញ្ហានេះដែរ ប៉ុន្តែខ្លះទៀត ទោះផឹកច្រើនប៉ុណ្ណា ក៏ប្រហែលមិនមានអាការៈនេះដូចគ្នា ខណៈកត្តាផ្សេងៗអាចនាំឲ្យមានបញ្ហានេះ ដូចជា៖
– ជាតិអាល់កុលធ្វើរាងកាយនោមច្រើន ហើយការនោមច្រើននេះ នាំឲ្យបាត់បង់ជាតិទឹកច្រើន ជាហេតុនាំស្រេកទឹក វិលមុខ និងមានអារម្មណ៍ស្រាលក្បាល។
– ជាតិអាល់កុល អាចធ្វើឲ្យរលាក ដោយសារតែការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ។ ប្រព័ន្ធភាពស៊ាំ អាចភ្ញោចដោយសារធាតុមួយចំនួន ជាហេតុធ្វើឲ្យរាងកាយមាន រោគសញ្ញា ដូចជា មិនអាចផ្ចង់អារម្មណ៍ បញ្ហាក្នុងការចងចាំ លែងសូវឃ្លានអាហារ និងលែងចាប់អារម្មណ៍សកម្មភាពប្រចាំថ្ងៃ។
– ជាតិអាល់កុល ធ្វើឲ្យរលាកភ្នាសក្រពះ កើនឡើងអាស៊ីដក្រពះ និងធ្វើក្រពះនៅទទេកាន់តែយូរ។ ដោយសារកត្តានេះ អាចបង្កឲ្យមាន ឈឺពោះ ចង្អោរ ឬក្អួត។
– ជាតិអាល់កុល អាចបង្កឲ្យធ្លាក់ចុះជាតិស្ករក្នុងឈាម ហើយនៅពេលជាតិស្ករក្នុងឈាមទាបខ្លាំង ធ្វើឲ្យយើងមានអារម្មណ៍ ហត់ អស់កម្លាំង ខ្សោយ ញ័រ អារម្មណ៍មិនល្អ និងអាចប្រកាច់ទៀតផង។
– ជាតិអាល់កុល អាចធ្វើសរសៃឈាមរីកធំ នាំឲ្យយើងឈឺក្បាល។
– ជាតិអាល់កុល អាចធ្វើឲ្យងងុយគេង ប៉ុន្តែគុណភាពនៃការគេង គឺធ្លាក់ចុះ ជាហេតុនាំឲ្យធេងធោង និងអស់កម្លាំង។
– ភេសជ្ជៈជាតិអាល់កុល សារធាតុមួយ ហៅថា Congener ជួយបង្កើនក្លិនឈ្ងុយសម្រាប់គ្រឿងស្រវឹង អាចនាំឲ្យមានអាការៈក្រោយស្រវឹង។ ជាតិ Congeners អាចរកឃើញមានក្នុងស្រាមានពណ៌ក្រមៅ ដូចជា ស្រា Brandy និងវិស្គី ច្រើនជាងនៅក្នុងស្រាដែលថ្លា ដូចជា វ៉ូកា (Vodka) និង Gin។
កត្តាប្រឈម
៦- កត្តាអ្វីនាំឲ្យមានអាការៈក្រោយស្រវឹង?
មានកត្តាជាច្រើននាំឲ្យមានអាការនេះកើតឡើងដូចជា៖
– ផឹកស្រាទាំងពោះទទេ ព្រោះនៅពេលគ្មានអាហារក្នុងក្រពះ ធ្វើរាងកាយកាន់តែស្រូបយកជាតិអាល់កុលលឿន។
– ប្រើថ្នាំផ្សេងៗ ដូចជា ជាតិនីកូទីន ជាមួយស្រា ជក់បារី និងផឹកស្រា សុទ្ធតែអាចធ្វើឲ្យកើតមានអាការៈក្រោយស្រវឹងនេះ កាន់តែធ្ងន់ធ្ងរនៅថ្ងៃបន្ទាប់។
– គេងមិនបានស្កប់ល្អ ឬមិនបានយូរបន្ទាប់ពីផឹកស្រារួច។ អ្នកស្រាវជ្រាវខ្លះជឿថា រោគសញ្ញាអាការៈក្រោយស្រវឹង ជាញឹកញាប់ ដោយសារ គុណភាព និងរយៈពេលគេងតិចពេក ដោយសារភាគច្រើនយើងផឹកស្រានៅពេលយប់។
– ប្រវត្តិគ្រួសារមានសមាជិកញៀនស្រា (ប្រមឹក)។ ក្នុងករណីសាច់ញាតិណាមួយ ធ្លាប់ញៀនស្រា អាចធ្វើមានបញ្ហានេះតពូជ ដោយសារតែវិធីរាងកាយបញ្ចេញជាតិអាល់កុល។
– ផឹកស្រាមានពណ៌ក្រមៅ ព្រោះជាទូទៅស្រាប្រភេទនេះ មានជាតិ Congeners កម្រិតខ្ពស់។ ជាតិ Congeners អាចជាមូលហេតុមួយ នាំឲ្យមានអាការៈក្រោយស្រវឹងនេះ ខណៈប្រភេទស្រាមានជាតិ Congener ខ្ពស់រួមមាន៖
- ស្រា Bourbon
- ស្រា Scotch
- ស្រា Tequila
- ស្រា Brandy
- ស្រាក្រហម
- ស្រាបៀរមានពណ៌ខ្មៅ និងស្រាបៀមានកម្រិតជាតិអាល់កុលខ្ពស់។
ដោយប្រៀបធៀបជាមួយភេសជ្ជៈដែលមានជាតិ Congener តិច ដូចជាស្រាបៀមានពណ៌ស្រាល និងស្រា Gin ស្រា វ៉ូកា គឺធ្វើឲ្យមានអាការៈក្រោយស្រវឹងតិចជាង។ ទោះយ៉ាងនេះក្ដី ភេសជ្ជៈមានពណ៌ស្រាល អាចជួយការពារកុំឲ្យមានអាការៈក្រោយស្រវឹងធ្ងន់ធ្ងរ ប៉ុន្តែបើផឹកច្រើនលើសកម្រិត ទោះពណ៌អ្វីក៏ដោយ អាការៈនៅតែធ្ងន់ធ្ងរ។
អត្ថបទពាក់ព័ន្ធ៖
- ស្រា អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាលបាន
- ផឹកស្រាមួយថ្ងៃ ២កែវ ជួយឲ្យអាយុកាន់តែវែងក្បែររយ
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មានទាំងនេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
បញ្ហានេះ មិនចាំបាច់ត្រូវការជំនួយពីពេទ្យទេ ប៉ុន្តែក្នុងករណីខ្លះ ពិគ្រោះជាមួយពេទ្យ អាចជួយឲ្យដឹងពីអាការៈក្រោយស្រវឹង បន្ទាប់ពីលម្អិតរោគសញ្ញា ទម្លាប់ញ៉ាំស្រា និងប្រវត្តិផឹកស្រាពីមុនមក។
៨- ព្យាបាលដោយវិធីណា?
ពេលវេលា អាចធ្វើឲ្យអាការៈបាត់ទៅវិញដោយខ្លួនឯង។ ប៉ុន្តែបើពិបាកក្នុងខ្លួនខ្លាំង មានវិធីសាស្ត្រមួយចំនួន អាចជួយឲ្យមានអារម្មណ៍ប្រសើរវិញ ដូចជា៖
– ផឹកទឹក ឬទឹកផ្លែឈើ ដើម្បីការពារកុំអោយបាត់បង់ជាតិទឹក (Dehydration)។ មិនត្រូវផឹកស្រាបន្ថែមទៀតទេ ព្រោះវាធ្វើអាការៈកាន់តែធ្ងន់ធ្ងរ។
– ញ៉ាំអាហារ ដូចជា នំ និងនំប្រៃ ដើម្បីបង្កើនជាតិស្ករក្នុងឈាម និងបំពេញក្រពះ។
– ញ៉ាំថ្នាំបំបាត់ការឈឺចាប់។ កម្រិតថ្នាំធម្មតាចំពោះថ្នាំបំបាត់ការឈឺចាប់ដោយមិនចាំបាច់វេជ្ជបញ្ជា អាចធ្វើបន្ថយការឈឺក្បាលបាន។ ប៉ុន្តែថ្នាំអាស្ពៀរីន អាចធ្វើឲ្យរលាកក្រពះ ហើយប្រសិនបើអ្នកផឹកស្រាច្រើនញឹកញាប់ ថ្នាំប៉ារ៉ាសេតាមុល អាចធ្វើឲ្យខូចថ្លើមធ្ងន់ធ្ងរ ទោះបីប្រើក្នុងកម្រិតធម្មតាក៏ដោយ។
– គេងឲ្យបានគ្រប់គ្រាន់ ជួយអាការៈក្រោយស្រវឹងអាចបាត់ទៅវិញពេលភ្ញាក់ឡើង។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពនេះបាន ដូចជា៖
– ត្រូវញ៉ាំអាហារ មុននឹងផឹកជាតិអាល់កុល ព្រោះបើមិនបានញ៉ាំអាហារ ក្រពះនឹងស្រូបជាតិអាល់កុលកាន់តែលឿន។
– ផឹកយឺតៗ ត្រូវកំណត់ខ្លួនឯងដោយផឹកតែមួយកំប៉ុង ឬតិចជាងនេះនៅរៀងរាល់ម៉ោង។
– ត្រូវជ្រើសរើសដោយប្រុងប្រយ័ត្ន ប្រភេទស្រា ឬស្រាបៀរមានជាតិ Congeners តិច។
– ផឹកទឹកបន្តិចៗនៅចន្លោះពេលផឹកម្ដងៗ។ គួរផឹកទឹកមួយកែវពេញ បន្ទាប់ពីផឹកម្ដងៗ ព្រោះធ្វើរបៀបនេះអាចជួយយើងមានជាតិទឹកគ្រប់គ្រាន់ យើងផឹកស្រាបានតិចជាមុន។
– ត្រូវដឹងពីបរិមាណស្រាខ្លួនឯងអាចផឹកបាន។ ត្រូវកំណត់ពេល និងចំនួនផឹក និងកុំដាក់សម្ពាធខ្លួនឯង ផឹកកាន់តែច្រើន។
– គ្នាយើងខ្លះ លេបថ្នាំបំបាត់ការឈឺចាប់ដែលមិនត្រូវការវេជ្ជបញ្ជាមួយចំនួន ដូចជា អាស្ពីរីន ឬអ៊ីប៊ុយប្រូហ្វែន (Ibuprofen) ដើម្បីកុំឲ្យមានរោគសញ្ញាអាការៈក្រោយស្រវឹង។ ប៉ុន្តែត្រូវសួរគ្រូពេទ្យជាមុន ថាតើមានសុវត្ថិភាពចំពោះយើងដែរទេ ហើយថ្នាំកម្រិតណាល្អសម្រាប់យើង ព្រោះថ្នាំទាំងនេះ អាចនឹងមានប្រតិកម្មជាមួយថ្នាំផ្សេងទៀត ខណៈថ្នាំប៉ារ៉ាសេតាមុល អាចធ្វើខូចថ្លើមបាន ចំពោះគ្នាយើងផឹកស្រាច្រើនច្រើន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]