លោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានឲ្យដឹងថា ក្នុងពេលសម្រាកធម្មតា ចង្វាក់បេះដូងមនុស្សធំមានសុខភាពល្អ គឺលោតចាប់ពី ៦០-១០០ដង/នាទី។ បើសិនជាយើងមានបញ្ហាបេះដូងដើរញាប់ មានន័យថា អត្រានៃការលោតបេះដូង គឺច្រើនជាង ១០០ដង/នាទីនៅពេលសម្រាក។
ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានរូបនោះ បានបន្តទៀតថា ចង្វាក់បេះដូង ត្រូវបានគ្រប់គ្រងដោយចរន្តអគ្គិសនីជាច្រើន ដែលរត់នៅក្នុងជាលិកាបេះដូង។ បេះដូងដើរញាប់ អាចកើតឡើងនៅពេលដែលមានអ្វីមួយខុសធម្មតាក្នុងបេះដូង ដែលនាំឲ្យមានចរន្តអគ្គិសនីរត់ញាប់ពេក។ ករណីខ្លះបេះដូងដើរញាប់ មិនបង្កជារោគសញ្ញា ឬផលវិបាកអ្វីឡើយ។ ទោះបីជាយ៉ាងនេះក្ដី បេះដូងដើរញាប់ អាចនាំឲ្យរំខានដល់មុខងារបេះដូងយ៉ាងធ្ងន់ធ្ងរ បង្កើនការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងស្លាប់។
ការព្យាបាលអាចគ្រប់គ្រង បញ្ហាដើរញាប់របស់បេះដូង ឬគ្រប់គ្រងជំងឺដែលនាំឲ្យបេះដូងដើរញាប់បាន។ មានបញ្ហាច្រើនណាស់ ដែលដាក់សម្ពាធលើបេះដូង ឬការខូចជាលិកាបេះដូង អាចនាំឲ្យបេះដូងយើងដើរញាប់បាន។ ការផ្លាស់ប្ដូររបៀបរស់នៅ ឬការព្យាបាលជំងឺ អាចបន្ថយការប្រឈមមុខ ដូចខាងក្រោមនេះ៖
– ជំងឺបេះដូង
– ជក់បារី
– ផឹកគ្រឿងស្រវឹងច្រើន
– ញ៉ាំជាតិកាហ្វេអ៊ីនច្រើន
– ប្រើប្រាស់ថ្នាំ
– មានបញ្ហាផ្លូវចិត្តដូចជា ស្ត្រេស ឬថប់អារម្មណ៍
ចំណែកកត្តាផ្សេងៗទៀត ដែលអាចប្រឈមនឹងបេះដូងដើរញាប់ដែរនោះ មានដូចជា៖
– អាយុច្រើន
– គ្រួសារធ្លាប់មាននរណាម្នាក់ មានបញ្ហាបេះដូងដើរញាប់។
[embed-health-tool-heart-rate]