និយមន័យ
១- អ្វីជាជំងឺរលាកពោះវៀនធំដោយសារបង្ករោគ?
ជំងឺរលាកពោះវៀនធំដោយសារបង្ករោគ ដែលភាសាបច្ចេកទេសហៅថា Infectious Colitis គឺជាការរលាកទៅលើពោះវៀនធំ ដោយសារតែការបង្ករោគពី ពពួកបាក់តេរី វីរុស ពពួកប្រូតូហ្សូអែ ឬពពួកផ្សិត ហើយវាច្រើនតែបណ្ដាលឲ្យមានការឈឺចាប់ ចុករមួលភ្លាមៗលើពោះផ្នែកខាងក្រោម និងបង្កឲ្យមានអាការៈរាករូស។
ជំងឺរលាកពោះវៀនធំដោយសារបង្ករោគ ពិសេសករណីពុលអាហារ ជាទូទៅជាប់ទាក់ទងទៅនឹងការបង្ករោគលើក្រពះនិងពោះវៀនតូច (Gastroenteritis) ធ្វើឲ្យឈឺចាប់ពីខាងលើពោះ រហូតដល់រន្ធគូទ (Rectum) ដែលជាផ្នែកខាងចុងរបស់ពោះវៀនធំ។
ភាគច្រើនជំងឺនេះ ជាជំងឺស្រួចស្រាវ ដោយរោគសញ្ញារបស់ គឺធ្ងន់ធ្ងរ ប៉ុន្តែនឹងធូរស្រាលទៅវិញយ៉ាងឆាប់រហ័ស ដោយមានត្រឹមការព្យាបាលបន្តិចបន្តួច ខណៈបញ្ហាប្រឈមខ្លាំងនោះនៅពេលមានជំងឺរលាកពោះវៀនធំដោយសារឆ្លងរោគ គឺបញ្ហាបាត់បង់ជាតិទឹក។
តែទោះជាយ៉ាងណា ប្រភេទខ្លះនៃអាការៈរាករូសដោយសារមានការបង្ករោគ គឺធ្ងន់ធ្ងរខ្លាំង អាចនាំឲ្យមានអាការៈរាកលាយឡំជាមួយឈាម អាចបណ្តាលឲ្យស្លាប់ក្នុងរយៈពេលយ៉ាងខ្លី។
២- ជំងឺរលាកពោះវៀនធំដោយសារបង្ករោគកើតឡើងញឹកញាប់ដែរទេ?
ជំងឺរលាកពោះវៀនធំដោយសារបង្ករោគ កើតមានញឹកញាប់ មិនថាក្មេង មិនថាចាស់ ដូចនេះសូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលព័ត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាជំងឺរលាកពោះវៀនធំដោយសារបង្ករោគមានអ្វីខ្លះ?
រោគសញ្ញាទូទៅរបស់ជំងឺរលាកពោះវៀនធំដោយសារបង្ករោគ (Infectious Colitis) រួមមាន៖
– រាកច្រើនជាង ៣ ដងក្នុងមួយថ្ងៃ
– បត់ជើងធំមានឈាម ឬស្លេស្ម
– ឈឺក្បាល ឈឺខ្លួន
– គ្រុនក្ដៅក្នុងកម្រិតទាប (តិចជាង ៣៨ អង្សារសេ)
– ឈឺពោះ ហើមពោះ និងចុករមួលពោះ។
អាចមានរោគសញ្ញាផ្សេងទៀតមិនបានរៀបរាប់ខាងលើ ដូចនេះបើមានក្តីបារម្ភពីរោគសញ្ញាណាមួយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាត្រូវទៅជួបពេទ្យ?
ត្រូវទៅជួបពេទ្យភ្លាម បើមានបញ្ហាដូចខាងក្រោម៖
– ទឹកនោមតិចជាងធម្មតា ឬមិននោមទាល់តែសោះ
– ឈឺក្បាល វិលមុខ ឬវង្វេងវង្វាន់
– ដកដង្ហើមខុសប្រក្រតី ឬញាប់ ចង្វាក់បេះដូងលោតញាប់ ឬខ្លាំង
– ស្រកទម្ងន់ភ្លាមៗ។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យមានជំងឺរលាកពោះវៀនធំដោយសារបង្ករោគមានអ្វីខ្លះ?
វីរុស បាក់តេរី និងពពួកប្រូតូហ្សូអែ គឺមូលហេតុចម្បងនាំឲ្យមានជំងឺនេះ ប៉ុន្តែក្នុងករណីកម្រ ពពួកផ្សិតប្រភេទខ្លះ ក៏អាចជាមូលហេតុបង្កជំងឺដូចគ្នា។ ដង្កូវប៉ារ៉ាស៊ីត រូមមាន ពពួកព្រូនតម្ពក់ ឬព្រូនក្នុងពោះវៀនតូច ក៏អាចធ្វើឲ្យប៉ះពាល់ដល់ពោះវៀនយើង (infestation) ប៉ុន្តែនេះ មិនអាចថាជាការបង្ករោគទេ។ ដូចនេះ ហើយទើបពពួកព្រូនពោះវៀននេះ មិនត្រូវគេយកមកពិភាក្សាបន្ថែមទៀតឡើយ។
ភ្នាក់ងារបង្ករោគខាងក្រោមនេះ អាចធ្វើឲ្យគ្រោះថ្នាក់ដោយផ្ទាល់ទៅលើស្រទាប់ភ្នាស និងជាលិកាជ្រៅក្នុងជញ្ជាំងពោះវៀនធំ ឬអាចបង្កគ្រោះថ្នាក់ដោយមិនផ្ទាល់ តាមរយៈសកម្មភាព និងជាតិពុលរបស់វា។ ភ្នាក់ងារបង្ករោគទាំងនោះ អាចនឹងរាលដាលតាមវិធីសាស្ត្រខុសៗគ្នា ហើយភាគច្រើន ចម្លងតាមរយៈម្ហូបអាហារ ឬទឹក ដែលមានពួកវារស់នៅ ឬជាតិពុលរបស់វា។
– រលាកពោះវៀនធំដោយសារពុលអាហារ៖ គ្នាយើងមានជំងឺនេះ នឹងរាកខ្លាំងហើយភ្លាមៗ នៅរយៈពេលចន្លោះ ១២-៧២ ម៉ោងក្រោយញ៉ាំអាហារមានបាក់តេរី ដូចជា E.coli, Shigella, Salmonella, Yersinia ឬ Campylobacter spp ដែលសុទ្ធសឹងជាភ្នាក់ងារបង្ករាគ ជារោគសញ្ញានៃការបង្ករោគលើពោះវៀន ដោយសារតែបាក់តេរី ហើយជាប្រភេទរលាកពោះវៀន កើតមានញឹកញាប់ជាងគេ។
- មេរោគ E.coli៖ គឺជាមូលហេតុបង្កអាការៈរាករូស ខណៈមេរោគ Shigella មាននៅប្រទេសកំពុងអភិវឌ្ឍ ជាទូទៅ បង្កជំងឺកម្រិតស្រាល និងមានរយៈពេលកំណត់ (Self-limiting) ប៉ុន្តែចំពោះតំបន់ក្រីក្រវិញ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ ហើយការបង្ករោគ អាចឈានដល់ស្លាប់ ដែលភាសាបច្ចេកទេសគេហៅថា Bacillary dysentery។
- ពពួកបាក់តេរី ដូចជា Cholerae vibrio ដែលបង្កជំងឺអាសន្នរោគ (Cholera) អាចធ្វើឲ្យអាការៈរាក មានសុទ្ធតែទឹកយ៉ាងច្រើន ហើយជាទូទៅអាការៈរាកនេះ មានពណ៌ស ហើយស្រដៀងទៅនឹងទឹកអង្ករ។ ជំងឺអាសន្នរោគ ជាទម្រង់ជំងឺរលាកពោះវៀនធំ ដែលកើតមានញឹកញាប់ ពិសេសអាចបណ្តាលឲ្យស្លាប់ ដោយសារបាត់បង់ជាតិទឹក (Dehydration) នៅពេលមិនបានព្យាបាល និងគ្រប់គ្រងស្ថានភាពជំងឺត្រឹមត្រូវ។
– រលាកពោះវៀនធំដោយពពួកប្រូតូហ្សូអែ
អាការៈរាក ដែលវិវត្តកាន់តែធ្ងន់ទៅ ម្ដងបន្តិចៗ ដោយមានអមជាមួយស្លេស្ម និងហើមពោះ រយៈពេល ២-៣ ថ្ងៃ ឬដល់រាប់អាទិត្យ បន្ទាប់ពីហូបអាហារ មានផ្ទុកពពួកប្រូតូហ្សូអែ គឺសុទ្ធតែជារោគសញ្ញាជំងឺរលាកពោះវៀនធំដោយសារ ពពួកប៉ារ៉ាស៊ីត។ មូលហេតុញឹកញាប់នាំឲ្យមានជំងឺនេះ ដោយសារពពួកប៉ារ៉ាស៊ីត Entameba hystolytica ដែលមានកោសិកាតែមួយ ហើយចម្លងតាមរយៈទឹក នាំឲ្យយើងមានជំងឺរលាកពោះវៀនធំស្រួចស្រាវ ឬឈានដល់ធ្ងន់ធ្ងរ។ ការបង្ករោគ ក៏អាចឈានដល់ស្លាប់បាន ដោយត្រូវបានគេហៅថា Amebic dysentery។
– ជំងឺរលាកពោះវៀនធំ Pseudomembranous៖ ជាការលូតលាស់ខ្លាំងរបស់ បាក់តេរី Cl. Difficile បន្ទាប់ពីប្រើថ្នាំផ្សះច្រើន។ ពពួកបាក់តេរី Clostridium difficile ជាធម្មតាមានវត្តមាននៅក្នុងពោះវៀនធំយើង ដោយវាជាផ្នែកនៃពពួកបាក់តេរីល្អរបស់ពោះវៀន (Normal intestinal flora)។ ប៉ុន្តែការលូតលាស់នៃបាក់តេរីល្អនេះ គឺត្រូវបានកម្រិតដោយពពួកបាក់តេរីល្អផ្សេងទៀត។ នៅពេលបាក់តេរីល្អ ត្រូវបំផ្លាញដោយថ្នាំផ្សះលេបតាមមាត់ ដូចជាថ្នាំអាម៉ុកស៊ីក្លីន និងក្លាំងដាមីស៊ីន នោះបាក់តេរី Clostridium difficile នឹងលូតលាស់កាន់តែខ្លាំង ហើយបញ្ចេញ ជាតិពុលបង្កឲ្យមានការរលាកពោះវៀនធំ ជាភាសាបច្ចេកទេសហៅថា ជំងឺរលាកពោះវៀនធំ Pseudomembranous។ រោគសញ្ញាមានដូចជា រាកលក្ខណៈទឹករាវ ឈឺពោះខាងឆ្វេងផ្នែកខាងក្រោម ឬហើមពោះ លាមក និងផោម មានក្លិនស្អុយខ្លាំង និងមានគ្រុនក្ដៅ។
– ជំងឺរលាកពោះវៀនធំដោយសារវីរុស៖ ជំងឺនេះអាចបណ្ដាលមកពីវីរុសមួយចំនួន ធ្វើឲ្យប៉ះពាល់ដល់ពោះវៀនតូច និងក្រពះ។ វីរុស Cytomelovirus (CMV) អាចបង្កឲ្យមានជំងឺរលាកពោះវៀនធំ ចំពោះគ្នាយើងមានប្រព័ន្ធភាពស៊ាំចុះខ្សោយ (ដោយសារតែការព្យាបាលដោយជាតិគីមី មេរោគហ៊ីវ/ជំងឺអេដស៍ និងផ្សេងៗទៀត)។ ជំងឺរលាកពោះវៀនធំដោយសារតែវីរុស ពិសេមេរោគរើម (Herpes simplex Virus) ដែលហៅថា Herpetic Colitis ច្រើនកើតមានចំពោះប្រុសៗស្រលាញ់ភេទដូចគ្នា ហើយជំងឺនេះកើតមាន នៅពេលមានការរួមភេទតាមរន្ធគូទ។
– រលាកពោះវៀនធំដោយពពួកផ្សិត៖ ជំងឺនេះច្រើន បង្កដោយពពួកផ្សិត ដូចជា ផ្សិត Candida albicans ឬពពួកផ្សិតប្រភេទផ្សេងទៀត។ វាច្រើនកើតមានចំពោះគ្នាយើងមានប្រព័ន្ធភាពស៊ាំខ្សោយ ជាពិសេសអ្នកជំងឺអេដស៍។
កត្តាប្រឈម
៦- កត្តាប្រឈមរលាកពោះវៀនធំដោយសរបង្ករោគមានអ្វីខ្លះ?
មានកត្តាប្រឈមជំងឺរលាកពោះវៀនធំដោយសារបង្ករោគ មានច្រើន ប៉ុន្តែកត្តាប្រឈមចម្បងមានដួចជា៖
– រស់នៅ ឬធ្វើការងារថែទាំអ្នកជំងឺ
– ធ្វើការនៅមជ្ឈមណ្ឌលមើលថែក្មេង (Daycare center) ឬក្មេងៗដែលស្នាក់នៅកន្លែងថែទាំ
– មិនលាងសម្អាតដៃ បន្ទាប់ពីប្រើប្រាស់បន្ទប់ទឹក ឬមុនពេលញ៉ាំអាហារ
– ញ៉ាំទឹកមិនស្អាត ឬញ៉ាំអាហារគ្មានអនាម័យ
– ញ៉ាំថ្នាំផ្សះច្រើន
– មានប្រព័ន្ធភាពស៊ាំខ្សោយ។
អត្ថបទពាក់ព័ន្ធ៖
- ជំងឺរលាកពោះវៀនធំ (Colitis)
- ជំងឺដង្កូវព្រូនក្នុងពោះវៀន (Strongyloidiasis)
រោគវិនិច្ឆ័យនិងការព្យាបាល
ព័ត៌មានទាំងនេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ការធ្វើរោគវិនិច្ឆ័យជំងឺ អាចចាប់ផ្ដើមពីប្រវត្តិជំងឺ ថាតើយើងធ្លាប់មានអាការៈរាកលាយឈាមថ្មីៗនេះ ឬអត់? ហើយអាការៈរាក ចាប់ផ្ដើមកើតឡើងនៅប៉ុន្មានម៉ោងក្រោយញ៉ាំអាហារ ជាករណីគួរឲ្យសង្ស័យ ពិសេសបើនរណម្នាក់ផ្សេងទៀតញ៉ាំអាហារដូចយើង បង្កឲ្យមានអាការៈជំងឺដូចគ្នា។ ការធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យនឹងធ្វើតាមតេស្តមួយចំនួនដូចខាងក្រោម៖
– ការបង្ករោគដោយបាក់តេរី អាចនឹងកំណត់បាន ដោយការធ្វើតេស្តបណ្ដុះមេរោគពីលាមក (Stool culture)។
– ចំពោះប៉ារ៉ាស៊ីត អាចកំណត់បានដោយការធ្វើតេស្ត O&P (Ova និង Parasites ឬវិធីធ្វើតេស្តលើលាមក ដោយលាយជាមួយសូលុយស្យុងម្យ៉ាង រួចយកទៅបង្វិលក្នុងម៉ាស៊ីន រួចយកទៅពិនិត្យរកមើលប៉ារ៉ាស៊ីត និងពងវាក្រោមមីក្រូទស្សន៍)។ ពេលខ្លះលទ្ធផលតេស្តនេះ អាចមើលមិនច្បាស់ ឬចេញមកខុស (False negative) ដូចនេះហើយ ការធ្វើតេស្តនេះ តម្រូវឲ្យធ្វើម្ដងហើយ ម្ដងទៀតបើគ្រូពេទ្យត្រូវការ ដោយសារតែសង្ស័យទាក់ទងនឹងការបង្ករោគដោយប៉ារ៉ាស៊ីត។
– តេស្តឈាម ដើម្បីពិនិត្យមើលកំណើនគ្រប់ឈាមស ព្រោះអាចបង្ហាញពីការរលាកនៅកន្លែងណាមួយក្នុងរាងកាយ ប៉ុន្តែក៏មិនអាចបញ្ជាក់ថា ការបង្ករោគនៅលើពោះវៀនធំនោះទេ។ ការកើនឡើងគ្រាប់ឈាមសប្រភេទ Eosinophils និងអង់ទីករ IgE ជាទូទៅ ដោយសារតែការបង្ករោគដោយពពួកប៉ារ៉ាស៊ីត។ មីក្រុប នឹងរកឃើញមាននៅក្នុងឈាមគ្នាយើងមានជំងឺ និងមានអាការៈរាកលាយឈាម ដោយសារការរលាកពោះវៀនធំបានរាលដាលធ្ងន់ធ្ងរ (Invasive colitis)។
មូលហេតុផ្សេងទៀតនៃអាការៈឈឺពោះផ្នែកខាងឆ្វេង ពិសេ ជំងឺរលាកផ្នែកពោះវៀនធំ Diverticula (Diverticulitis) ឬឈឺពោះផ្នែកខាងស្ដាំ ដូចជា ការរលាកដោយជំងឺ Crohn (ជំងឺរលាកពោះវៀនធំ រលាកជាច្រើនផ្នែករបស់ពោះវៀន) និងមូលហេតុនាំឲ្យមានឈាមក្នុងលាមក និងមានអាការៈរាកស្រួចស្រាវភ្លាមៗ សុទ្ធតែត្រូវគ្រូពេទ្យពិចារណា។
៨- ព្យាបាលដោយវិធីណា?
ជំងឺនេះ ត្រូវព្យាបាលដោយថ្នាំផ្សះ ឬថ្នាំប្រឆាំងពពួកប៉ារ៉ាស៊ីត ដែលថ្នាំទាំងនេះ ចាំបាច់ត្រូវតែមានវេជ្ជបញ្ជាពីគ្រូពេទ្យ និងដោយផ្អែកលើលទ្ធផលតេស្តលាមក។ ការបង្ករោគដោយវីរុស ជាទូទៅ មិនត្រូវការការព្យាបាលពិសេសដើម្បីកម្ចាត់ការបង្ករោគនោះទេ ហើយវានឹងធូរស្បើយទៅវិញ។
ដើម្បីបង្គ្រប់ជាតិទឹក និងរ៉ែបាត់បង់ គ្នាយើងមានជំងឺត្រូវញ៉ាំសូលុយស្យុងបង្គ្រប់ជាតិទឹក (Rehydration solution) ឡើងវិញ។ ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំបញ្ចុះកម្តៅ អាចនឹងត្រូវប្រើ បើការបង្ករោគធ្ងន់ធ្ងរ ហើយជាតិដែក ក៏អាចតម្រូវឲ្យប្រើដូចគ្នា ដើម្បីបង្កើតគ្រាប់ឈាម ក្នុងករណីមានការហូរឈាមច្រើន និងរយៈពេលយូរ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្ដូររបៀបរស់នៅ និងវិធីព្យាបាលនៅផ្ទះ ដូចខាងក្រោម អាចជួយឲ្យយើងអាចគ្រប់គ្រងជំងឺបាន ដូចជា៖
– ញ៉ាំទឹកឲ្យច្រើន ដើម្បីការពារកុំឲ្យបាត់បង់ជាតិទឹក (Dehydration)។ សួរគ្រូពេទ្យពីបរិមាណជាតិទឹកត្រូវញ៉ាំប្រចាំថ្ងៃ និងសារធាតុរាវអ្វី ល្អសម្រាប់យើងកំពុងមានជំងឺ។ ពេទ្យ អាចនឹងតម្រូវឲ្យញ៉ាំទឹកអូរ៉ាលីត្រ (ORS- oral rehydration solution) ព្រោះទឹកអូរ៉ាលីត្រ មានតុល្យភាពជាតិទឹក អំបិល និងស្ករ ដើម្បីជំនួសជាតិទឹកបាត់បង់ពីរាងកាយ អំឡុងពេលរាករូស។ សួរគ្រូពេទ្យពីប្រភេទទឹកអូរ៉ាលីត្រត្រូវប្រើ កម្រិតត្រូវផឹក និងរកវានៅកន្លែងណា។
– មិនត្រូវញ៉ាំថ្នាំរាកទេ ព្រោះថ្នាំទាំងនោះ អាចធ្វើឲ្យរោគសញ្ញាកើតមានកាន់តែយូរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]