និយមន័យ
១- អ្វីទៅជាតេស្តពិនិត្យមេរោគរលាកថ្លើមប្រភេទ A?
តេស្តពិនិត្យមេរោគរលាកថ្លើមប្រភេទ A ដើម្បីរកមើលប្រូតេអ៊ីន (អង់ទីករ) ផលិតដោយខ្លួនយើង ពេលឆ្លើយតប ជាមួយមេរោគបង្កឲ្យមានរលាកថ្លើមប្រភេទ A។ ប្រតេអ៊ីនទាំងនោះ នឹងឃើញមានក្នុងឈាមអ្នក បើយើងកំពុងឆ្លងមេរោគរលាកថ្លើម A ឬធ្លាប់ឆ្លងមេរោគនេះពីមុនមក។ រឿងចាំបាច់ ត្រូវដឹងអំពីប្រភេទមេរោគរលាកថ្លើម ដើម្បីធ្វើការ ការពារកុំឲ្យរាលដាលកាន់តែធ្ងន់ធ្ងរ និងជ្រើសរើសវិធីព្យាបាលមួយ ឲ្យបានសមស្រម។
– មេរោគ HAV គឺភ្នាក់ងារចម្លង រាលដាលតាមរយៈអាហារ ឬទឹក មានផ្ទុកលាមក សារធាតុរាវ (ទឹកមាត់ ទឹករងៃ) ឬឈាមរបស់អ្នកជំងឺ។
– បើរកឃើញអង់ទីករ IgM anti-HAV បញ្ជាក់ថា យើងទើបតែមានឆ្លងមេរោគរលាកថ្លើម A ថ្មីៗ ដោយអង់ទីករទាំងអស់នេះ នឹងបាត់ទៅវិញពីក្នុងឈាម រយៈពេល ៣-១២ សប្តាហ៍ បន្ទាប់ពីអ្នកឆ្លងមេរោគ។
– បើរកឃើញអង់ទីករ IgG anti-HAV អាចបញ្ជាក់បានថា យើងធ្លាប់ឆ្លងមេរោគរលាកថ្លើម A ពីមុន ហើយ ៨-១២ សប្តាហ៍ បន្ទាប់ពីឆ្លងមេរោគរលាកថ្លើមប្រភេទ A អង់ទីករ IgG anti-HAV នឹងចាប់ផ្តើមលេចចេញនៅក្នុងឈាម បន្តមានក្នុងរយៈយូរអង្វែង ដើម្បីការពារពីមេរោគ HAV។
គេមានវ៉ាក់សាំងសម្រាប់ប្រឆាំងជាមួយមេរោគរលាកថ្លើមប្រភេទ A ហើយបើយើងធ្លាប់ចាក់វ៉ាក់សាំងមួយនេះ យើងនឹងមានអង់ទីករ Anti-HAV នោះបានន័យថាវ៉ាក់សាំង យើងបានចាក់ គឺមានប្រសិទ្ធភាព។
២- ហេតុអ្វីចាំបាច់ធ្វើតេស្តពិនិត្យមេរោគរលាកថ្លើមប្រភេទ A?
គ្រូពេទ្យចង់ឲ្យយើងធ្វើតេស្តមួយនេះ នៅពេលមានរោគសញ្ញាបង្ហាញថា យើងមានជំងឺរលាកថ្លើម។ គេធ្វើតេស្តនេះសម្រាប់៖
– រកមើលមេរោគរលាកថ្លើម កំពុងឆ្លង ឬធ្លាប់ឆ្លងពីមុន
– កំណត់ថាមេរោគនេះអាចឆ្លងដល់អ្នកដទៃបានយ៉ាងណា
– តាមដានការព្យាបាលលើអ្នកជំងឺរលាកថ្លើម
គេអាចធ្វើតេស្តនេះក្នុងករណីមួយចំនួនដូចជា៖
– រលាកថ្លើមរ៉ាំរ៉ៃ
– មានភ្នាក់ងារ Delta (រលាកថ្លើមប្រភេទ D)
– មានជំងឺទឹកនោមប្រៃ (Nephrotic syndrome)។
កត្តាគួរប្រុងប្រយ័ត្ន
៣- គួរដឹងអ្វីខ្លះមុនធ្វើតេស្តមេរោគរលាកថ្លើមប្រភេទ A?
ជំងឺរលាកថ្លើមប្រភេទ A អាចការពារបានដោយការចាក់វ៉ាក់សាំង ខណៈទោះជាបានប៉ះពាល់ជាមួយមេរោគហើយក្តី យើងនៅតែអាចការពារខ្លួន បើបានចាក់វ៉ាក់សាំងរលាកថ្លើមប្រភេទ A ឬបានចាក់វ៉ាក់សាំង Immunoglobulin។
អង់ទីករជំងឺរលាកថ្លើម ត្រូវការរយៈពេលចាប់ពីសប្តាហ៍ រហូតទៅដល់ច្រើនខែ សម្រាប់វិវត្តខ្លួន ដូចនេះលទ្ធផលអាចចេញមកអវិជ្ជមាន ទោះបីជាយើងទើបតែឆ្លងមេរោគក្តី (គេហៅថាអវិជ្ជមានក្លែងក្លាយ)។
គ្រូពេទ្យអាចឲ្យយើងធ្វើតេស្តផ្សេងទៀត ដើម្បីពិនិត្យមើលសុខភាពថ្លើម បើសង្ស័យថាយើងអាចឆ្លងមេរោគរលាកថ្លើម។ តេស្តទាំងនោះមានដូចជា វាស់កម្រិតសារធាតុគីមីមួយចំនួនក្នុងរាងកាយ ដូចជា ជាតិប៊ីលីរ៉ូប៊ីន Alkaline, Phosphatase, Alanine, Aminotransferase និង Aspartate aminotransferase។
មេរោគរលាកថ្លើមប្រភេទ A មិនបង្ករឲ្យឈឺរយៈពេលយូរទេ។ ដូចនេះ មិនចាំបាច់តាមដានធ្វើតេស្តម្តងទៀត បើមេរោគទាំងនោះបានងាប់អស់ពីក្នុងខ្លួន។
អត្ថបទពាក់ព័ន្ធ៖
ដំណើរការតេស្ត
៤- គួរត្រៀមអ្វីខ្លះមុខពេលធ្វើតេស្ត?
យើងមិនចាំបាច់ត្រៀមខ្លួនអ្វីច្រើនទេ សម្រាប់ធ្វើតេស្តពិនិត្យមេរោគរលាកថ្លើមប្រភេទ A ឬអាចប្រឹក្សាជាមួយគ្រូពេទ្យ បើមានកង្វល់ជុំវិញការធ្វើតេស្ត កត្តាគ្រោះថ្នាក់ ឬចង់ដឹងពីរបៀបធ្វើតេស្តនេះ។
៥- មានអ្វីកើតឡើងអំឡុងពេលធ្វើតេស្ត?
គ្រូពេទ្យ នឹងបូមឈាមយើងយកទៅពិនិត្យ តាមរយៈ៖
– យកបង់យឺតមករុំដើមដៃ ដើម្បីឃាត់ការហូរឈាម។ ពេលធ្វើបែបនេះ សរសៃឈាមវ៉ែន នឹងរីកធំ ងាយស្រួលចាក់ម្ជុលចូល
– យកអាល់កុល មកសម្អាតកន្លែងចាក់ម្ជុល
– ចាក់ម្ជុលចូលក្នុងសរសៃឈាម ពេលខ្លះអាចចាក់លើសពីមួយដង
– តបំពង់ជាមួយសឺរ៉ាំងដើម្បីបូមឈាម
– យកបង់យឺតលើដៃចេញពេលបូមឈាមបានគ្រប់ហើយ
– យកសំឡីស្អាតមកបិតលើកន្លែងចាក់ថ្នាំ
– យកបង់របួសមកបិតលើមុខរបួស
៦- មានអ្វីកើតឡើងក្រោយធ្វើតេស្ត?
គ្រូពេទ្យ យកបង់រឹបជុំវិញដើមដៃ អាចមានអារម្មណ៍តឹងនៅកន្លែងរុំនោះ។ ពេលចាក់ថ្នាំ មិនមានការឈឺចាប់ឡើយ ឬអាចមានអារម្មណ៍ ដូចស្រមោចខាំ ហើយអាចត្រឡប់ទៅផ្ទះវិញ និងធ្វើកិច្ចការប្រចាំថ្ងៃបានធម្មតា បន្ទាប់ពីធ្វើតេស្តរួច។ គ្រូពេទ្យនឹងទាក់ទងមកយើង រួចណាត់ជួបដើម្បីពិភាក្សាពីលទ្ធផល ហើយជាទូទៅ លទ្ធផលចេញមកនៅអំឡុង ៥-៧ ថ្ងៃក្រោយ។
លទ្ធផល
៧- លទ្ធផលតេស្ត
នៅពេលពេទ្យមិនអាចរកឃើញអង់ទីករប្រឆាំងមេរោគនៅក្នុងឈាមយើងទេ លទ្ធផលអាចបញ្ជាក់ថា យើងគ្មានមេរោគរលាកថ្លើមដែរ។ លទ្ធផលវិជ្ជមាន គឺនៅពេលពេទ្យរកឃើញអង់ទីករមេរោគរលាកថ្លើមប្រភេទ A នៅក្នុងឈាម។
ករណីខ្លះ យើងប្រហែលជាត្រូវធ្វើតេស្តមួយចំនួនផ្សេង ដើម្បីរកមើលថា កំពុងឆ្លងមេរោគ ឬធ្លាប់ឆ្លងកាលពីមុន ឬទើបតែជាសះស្បើយ ដូចជា៖
– គេរកឃើញអង់ទីករ IgM anti-HAV នៅពេលយើងកំពុងឆ្លងមេរោគ ឬទើបឆ្លងមេរោគថ្មីៗ។ អង់ទីករ IgM ច្រើនលេចឡើងនៅអំឡុងពេល ២សប្តាហ៍ ក្រោយឆ្លងមេរោគ HAV ក៏ដូចជាពេលមានរោគសញ្ញារលាកថ្លើមប្រភេទ A និងលេចឡើងនៅអំឡុងពេលប៉ុន្មានខែក្រោយ មុនរោគសញ្ញាទាំងអស់បាត់ទៅវិញ។
– មានតែអង់ទីករ IgG anti-HAV ប៉ុណ្ណោះដែលអាចរកឃើញ បើយើងធ្លាប់ឆ្លងមេរោគនេះពីមុន ឬបានចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ A។ នោះបញ្ជាក់ថា រាងកាយមានភាពស៊ាំ ការពារខ្លួនពីការឆ្លងមេរោគបានហើយ។
កម្រិតធម្មតារបស់មេរោគរលាកថ្លើមប្រភេទ A អាចខុសគ្នាទៅតាមមន្ទីរពិសោធន៍ ឬមន្ទីរពេទ្យនីមួយៗ។ ដូចនេះអ្នកអាចសាកសួរគ្រូពេទ្យបាន បើអ្នកនៅមានមន្ទិលសង្ស័យជុំវិញលទ្ធផលធ្វើតេស្តមួយនេះ ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]