អាការៈរាករូស គ្នាយើងសុទ្ធតែធ្លាប់ជួបប្រទះ គ្រាន់តែកើតឡើងអាស្រ័យលើករណីផ្សេងៗពីគ្នា ដូចជាពុលអាហារ ឆ្លងមេរោគ និងការប្រើប្រាស់ថ្នាំមួយចំនួន ពិសេសថ្នាំផ្សះតែម្តង។ ការដោះស្រាយបញ្ហារាករូស ក៏អាស្រ័យមូលហេតុបង្ក បើគ្នាយើងរាកដោយសារប្រើថ្នាំផ្សះ “Hello គ្រូពេទ្យ’ នឹងណែនាំវិធីដោះស្រាយបញ្ហារាកនេះ ដោយប្រើសារធាតុប្រូបាយអូទិក (Probiotics) ឲ្យបានដឹងទាំងអស់គ្នា។
១- អ្វីទៅជាអាការៈរាកដោយសារថ្នាំផ្សះ?
អាការៈរាកដោយសារថ្នាំផ្សះ (Antibiotic) កើតឡើងដោយសារភាពអតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន ក៏ជាផលរំខានដែលកើតមានជាញឹកញាប់ នៅពេលយើងប្រើថ្នាំផ្សះ ដោយអាការៈមានដូចជា មិនសូវស្រួលក្នុងពោះ លាមករាវ ជ្រាយៗ បន្ទោបង់ច្រើនដងក្នុងមួយថ្ងៃ។
២- អ្វីទៅជា Probiotics?
Probiotic ជាពពួកបាក់តេរី និងផ្សិត “ល្អ’ ជួយការពារ និងជំរុញមុខងារប្រព័ន្ធរំលាយអាហារ។ យើងគ្រប់គ្នា សុទ្ធតែមានប្រូបាយអូទិកក្នុងក្រពះពោះវៀន គ្រាន់តែតិច ឬច្រើន អាស្រ័យទៅតាមសុខភាព និងបុគ្គលិកលក្ខណៈយើងម្នាក់ៗ។ ពេលដែលក្រពះខ្វះសារធាតុ Probiotics នឹងបណ្តាលពិបាករំលាយអាហារ ថយចុះការស្រូបសារធាតុចិញ្ចឹម ដែលកត្តាទាំងអស់នេះ នឹងធ្វើឲ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តចុះខ្សោយ។
ដោយសារគុណសម្បត្តិច្រើនសន្ធឹកសន្ធាប់ នាំឲ្យសារធាតុ Probiotics ត្រូវបានបន្ថែមក្នុងអាហារជាច្រើន និងបង្កើតជាអាហារបំប៉នទៀតផង។ ប្រភេទពេញនិយម រួមមាន Lactobacillus (មាននៅក្នុងពោះវៀនតូចសយើង) និង Bifidobacterium (មាននៅក្នុងពោះវៀនធំ)។
អត្ថបទពាក់ព័ន្ធ៖
- ម៉ាក់ប៉ាត្រូវដឹង! នេះវីតាមីនសំខាន់ៗបំផុត ក្មេងត្រូវការ ខានមិនបាន
- ផ្លែឈើ ១១មុខ ល្អបំផុតសម្រាប់ពេលចាប់ផ្តើមផ្តល់អាហារដំបូងឲ្យកូន
៣- ការប្រើ Probiotics បង្ការអាការៈរាកលើក្មេងៗដោយសារថ្នាំផ្សះ?
ក្នុងករណីជាច្រើន អាការៈរាកដោយសារថ្នាំផ្សះ គឺត្រូវបានចាត់ទុកថាជាបញ្ហាសុខភាពកម្រិតស្រាល មិនចាំបាច់ព្យាបាលឡើយ ដោយសារវានឹងបាត់ទៅវិញដោយខ្លួនឯង ក្នុងរយៈពេល ២-៣ ថ្ងៃប៉ុណ្ណោះ ក៏ប៉ុន្តែវាអាចធ្វើឲ្យមិនស្រួលខ្លួន។ យោងតាមការវិភាគមួយលើការសិក្សាចំនួន ២៣រួមគ្នា បង្ហាញថា អាការៈរាកដោយសារថ្នាំផ្សះ ឬ AAD អាចចៀសវាង បានដោយការប្រើពពួកសារធាតុ Probiotics តាមរយៈការស្តារឡើងវិញ ពពួកបាក់តេរីល្អក្នុងពោះវៀន។
ក្មេងៗប្រមាណជាង ៣.៩០០នាក់ បានព្យាបាលដោយដោយថ្នាំផ្សះ (Antibiotics) នៅអាយុចន្លោះពី ២សប្តាហ៍ ទៅ ១៧ឆ្នាំ ត្រូវគេប្រើពពួក Probiotics ដើម្បីការពារបញ្ហារាកដោយសារថ្នាំផ្សះនេះឯង។ ជាក់ស្តែង គេចែកជាក្រុមតូចៗទៀត ដូចជា ប្រើ Probiotics ដូចជា Lactobacilli spp., Bifidobacterium spp., Streptococcus spp., ឬ Saccharomyces boulardii តែឯង ឬរួមជាមួយគ្នា ប្រើពពួកថ្នាំផ្លាសេបូ (ថ្នាំគ្មានប្រសិទ្ធភាព) និងការព្យាបាលផ្សេងៗ ដូចជា Diosmectite ឬម្សៅទឹកដោះគោ ឬមិនព្យាបាលតែម្តង។ រយៈពេលនៃការសិក្សា មានចន្លោះពី ១-១២ សប្តាហ៍។
ជាលទ្ធផល អ្នកស្រាវជ្រាវរកឃើញថា ក្មេងស្ថិតក្នុងក្រុមប្រើថ្នាំផ្លាសេបូ មានកត្តាប្រឈមនឹងការកើតបញ្ហា AAD ពី ១១,៩-២៨,៥ ភាគរយ ប្រៀបធៀបទៅនឹងក្រុមប្រើសារធាតុ Probiotics ពិតប្រាកដ។ ការសិក្សានេះ បានចង្អុលបង្ហាញថែមទៀត ក្រុមក្មេងប្រើថ្នាំផ្លាសេបូ (ថ្នាំគ្មានប្រសិទ្ធភាព) ឬសារធាតុផ្សេងៗ ឬមិនប្រើអ្វីទាំងអស់ មានផលប៉ះពាល់ច្រើនជាង និងធ្ងន់ធ្ងរជាង ដូចជា ឡើងកន្ទួលក្រហម ក្អួត ទល់លាមក បាត់បង់រសជាតិអាហារ ក៏ដូចជា ឈឺពោះ និងទ្រូង។
ក្នុងចំនោមការប្រើសារធាតុ Probiotics ទាំងអស់ សារធាតុ Lactobacillus rhamnosus និង Saccharomyces boulardii គឺឥទ្ធិពលជាងគេ។ យ៉ាងណាវិញ នៅតែមានមន្ទិលសង្ស័យទៅលើក្មេងមានប្រព័ន្ធការពារខ្សោយ មិនគួរប្រើ Probiotics ឡើយ ដោយសារប្រឈមនឹងផលរំខានធ្ងន់ធ្ងរជាច្រើន រហូតទាល់តែមានការស្រាវជ្រាវបន្ថែម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យឬការព្យាបាលជូនទេ៕
[embed-health-tool-bmr]