កើតជំងឺឫសដូងបាតជារឿងខ្មាសអៀន គួរតែលាក់បាំង
ការកើតជំងឺឫសដូងបាតមិនមែនជារឿងខ្មាសអៀន គួរតែលាក់បាំងឡើយ។ ផ្ទុយទៅវិញការលាក់បាំងមិនព្រមពិគ្រោះជាមួយគ្រូពេទ្យនឹងធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃ ហើយស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។ បញ្ហានេះដែរ ឱសថការី លាង ម៊ីលិញ លើកឡើងថា តាមបទពិសោធន៍របស់ខ្លួនដែលជួបអ្នកជំងឺឫសដូងបាត ក្នុង ១០ នាក់ ប្រហែលជាអៀន ៨ នាក់ហើយ ដោយអ្នកជំងឺដែលមកទិញថ្នាំ និងសាកសួរព័ត៌មាន ភាគច្រើនមិនហ៊ាននិយាយពីស្ថានភាពជំងឺរបស់ខ្លួនទេ ពេលខ្លះប្រាប់ត្រឹមរោគសញ្ញាប៉ុណ្ណោះ។
ញ៉ាំហឹរនាំឲ្យកើតជំងឺឫសដូងបាត
លោកវេជ្ជបណ្ឌិត ផៃ សុភា ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និងរន្ធបាត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ពន្យល់ថា ទាក់ទងនឹងការញ៉ាំហឹរ មិនមានការសិក្សាណាដែលបញ្ជាក់ថា ការញ៉ាំហឹរធ្វើឲ្យកើតជំងឺឫសដូងបាតឡើយ។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា “ខ្ញុំចេះតែនិយាយលេងជាមួយអ្នកជំងឺថា បើសិនជាការញ៉ាំហឹរធ្វើឲ្យមានជំងឺឫសដូងបាត ជនជាតិថៃដែលចូលចិត្តញ៉ាំអាហារហឹរ ប្រហែលជាកើតជំងឺឫសដូងបាតគ្រប់គ្នាហើយ ឬមួយក៏ជនជាតិឈីលីដែលញ៉ាំហឹរខ្លាំងដែលនោះ ក៏មានជំងឺឫសដូងបាតទាំងអស់គ្នាដែរហើយ”។