កើតជំងឺឫសដូងបាតទាមទារឲ្យមានការព្យាបាលត្រឹមត្រូវតាមបច្ចេកទេស និងការចូលរួមរបស់អ្នកជំងឺដែរ មិនដូច្នេះទេការព្យាបាលមិនមានប្រសិទ្ធភាព ឬអ្នកជំងឺអាចលាប់ឡើងវិញ។ លោកវេជ្ជបណ្ឌិត ផៃ សុភា ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និងរន្ធបាត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា បន្ថែមលើការព្យាបាលត្រឹមត្រូវ អ្នកជំងឺឫសដូងបាត ត្រូវតែផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួនខាងក្រោម ទើបការព្យាបាលជំងឺឫសដូងបាតមានប្រសិទ្ធភាព។
១. ផឹកទឹកឲ្យច្រើន
ក្នុងមួយថ្ងៃគួរតែផឹកទឹកយ៉ាងតិចណាស់ ២ លីត្រ ឬយ៉ាងហោចណាស់ ១២ កែវ ដើម្បីបំបាត់ការស្រេក និងផ្គត់ផ្គង់រាងកាយ។ ការផឹកទឹកច្រើនពិតជាល្អសម្រាប់សុខភាព សម្រស់ និងជួយឲ្យអារម្មណ៍ស្រស់ស្រាយ។ មិនតែប៉ុណ្ណោះ គ្រាន់តែផឹកទឹកអាចជួយបន្សាបជាតិពុលក្នុងពោះវៀន ជួយសម្រួលដល់ការបន្ទោបង់ និងសម្រួលដល់ប្រព័ន្ធរំលាយអាហារឲ្យមានដំណើរការល្អ។
២. ញ៉ាំអាហារសម្បូរជាតិកាកសរសៃ
ការញ៉ាំសាច់ច្រើនក៏មានផលប៉ះពាល់ដល់ជំងឺឫសដូងបាតដែរ។ អ្នកជំងឺឬសដូងបាតត្រូវតែញ៉ាំអាហារមានតុល្យភាពរវាងបន្លែ ត្រី សាច់ ពិសេសញ៉ាំអាហារដែលសម្បូរជាតិកាកសរសៃឲ្យបានច្រើន ដូចជាបន្លែ និងផ្លែឈើ។ អាហារជាតិកាកសរសៃ (Fiber) ធ្វើឲ្យលាមកទន់ និងមិនសូវមានបញ្ហាទល់លាមកឡើយ។ ក្នុងករណីដែលយើងរាករូស ជាតិសរសៃ នឹងជួយធ្វើឲ្យលាមកទៅជារឹង ដោយវានឹងបឺតជាតិទឹក ធ្វើឲ្យលាមកប្រែទៅជាដុំៗវិញ។
៣. ហាត់ប្រាណជាប្រចាំ
អ្នកកើតជំងឺឫសដូងបាតមិនគួរអង្គុយយូរពេកទេ ត្រូវធ្វើសកម្មភាពឲ្យបានច្រើន និងហាត់ប្រាណឲ្យទៀងទាត់។ ការហាត់ប្រាណជួយបង្កើនចលនាពោះវៀន និងជួយសម្រួលការបន្ទោបង់ ដែលអាចឈានទៅកាត់បន្ថយអាការៈទល់លាមក និងសម្ពាធលើសរសៃឈាមឫសដូងបាត។
![ហាត់ប្រាណ Hello គ្រូពេទ្យ](https://cdn.hellokrupet.com/wp-content/uploads/2019/09/shutterstock_1345456688.jpg)
៤. កុំអង្គុយលើចានបង្គន់យូរពេក
អ្នកជំងឺឫសដូងបាត បើចៀសវាងការអង្គុយលើចានបង្គន់យូរ អាចជួយបន្ថយរោគសញ្ញាជំងឺឫសដូងបាត និងការហូរឈាមពេលប្រឹងបន្ទោបង់។
៥. ចៀសវាងការទល់លាមក
បើសិនជាអ្នកជំងឺឫសដូងបាតជាអ្នកទល់លាមក ទោះបីជាអ្នកជំងឺព្យាបាលដោយប្រើថ្នាំ ដោយចង ឬដោយវះកាត់ ការបន្តឲ្យមានបញ្ហាទល់លាមក អាចធ្វើឲ្យជំងឺឫសដូងបាតលាប់ឡើងវិញបាន។