backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Hemorrhoids (ជំងឺឫសដូង​បាត)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 19, 2019

Hemorrhoids (ជំងឺឫសដូង​បាត)

និយមន័យ

១- អ្វី​ទៅ​ជា​ជំងឺឫសដូង​បាត?

ឫសដូង​បាត មក​ពី​ពាក្យបច្ចេកទេស Hemorrhoids សំដៅ​លើ​ការ​ហើម​ និង​រលាក​សរសៃ​វ៉ែន​នៅ​ជុំវិញ រន្ធ​គូទ និង​ដំបន់​ខាង​ក្រោម​ចុង​ពោះ​វៀន​ធំ (Rectum) ។ វា​អាច​នៅ ឃើញ​នៅ​ក្នុង​ចុង​ពោះ​វៀន​ធំ ឬ​នៅ​ជុំវិញ​រន្ធ​គូទ ​ហើយ​បញ្ហា​នេះ​ ជាទូទៅ​ធ្វើ​ឲ្យ​ពិបាក​បន្ទោរ​បង់​ ខណៈប្រភេទជំងឺ​​ឫសដូង​បាត ​គឺ​អាស្រ័យ​លើ​ទីតាំង​ដែល​កើតដូច​ជា៖

– ឫសដូង​បាត​នៅ​ខាង​ក្នុង (Internal hemorrhoids)៖ ឫសដូង​បាតប្រភេទ​នេះ នឹង​រក​ឃើញ​នៅ​ខាង​ក្នុង​ចុង​ពោះវៀន។ ឫសដូង​បាត​នៅ​ខាង​ក្នុង ជាទូទៅ​ ​មិនមាន​​ឈឺ​ចាប់​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​យើង​បត់​ជើង​ធំ​ចេញ​ឈាម​ ទាំង​មិន​មាន​ការ​ឈឺ​ចាប់។

– ឫសដូង​បាតខាង​ក្រៅ (External hemorrhoids)៖ ឫសដូង​បាត ប្រភេទ​នេះ មានឃើញ​នៅ​ខាង​ក្រៅ ​ជុំវិញ រន្ធ​គូទ ហើយ​អាច​ធ្វើ​ឲ្យ​រមាស់ ឬ​ឈឺ​ចាប់ ​ពេល​ខ្លះ​អាច​ដាច់​រហែកទៀត​ផង។

ជំងឺឫសដូង​បាត មិនមែន​ជា​ជំងឺ​ឆ្លងទេ ហើយ​ក៏​មិន​ធ្ងន់​ធ្ងរ​អ្វី​ដែរ។ បញ្ហា​ទាំង​នេះ​អាច​នឹង​ជា​ដោយ​ខ្លួន​ឯង ឬ​អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ។

២- ជំងឺឫសដូង​បាតកើត​មាន​ញឹក​ញាប់ដែរ​ទេ?

ជំងឺ​ឫសដូង​បាត កើត​មាន​ញឹក​ញាប់​ណាស់។ យោង​តាម​ការ​ស្រាវ ទៅ​លើ​មនុស្ស អាយុ ៥០​ឆ្នាំ ជាង​ពាក់​កណ្ដាល​ធ្លាប់​មាន​កើត​ជំងឺឫសដូង​បាត យ៉ាង​ហោច​ណាស់​ម្ដង​​ក្នុង​ជីវិត។ ជំងឺឫសដូង​បាត អាច​កើត​ទាំង​ប្រុស​ទាំង​ស្រី ប៉ុន្តែ​ស្រីៗ​មាន​ផ្ទៃ​ពោះ​ និង​គ្នា​យើង​មាន​បញ្ហាទល់​លាមក​រ៉ាំរ៉ៃ ឬ​រាក​រ៉ាំរ៉ៃ​ ប្រឈម​កើត​ជំងឺ​នេះ​ច្រើន​ជាង​ធម្មតា។

រោគ​សញ្ញា

៣- អ្វី​ទៅ​ជា​រោគ​សញ្ញា​ជំងឺ​ឫសដូង​បាត?

​រោគ​សញ្ញា​ទូទៅ នៃ​ជំងឺឫសដូង​បាត មាន​ដូច​ជា៖

– ហូរ​ឈាម​អំឡុង​ពេល​បត់​ជើង​ធំ មាន​ពណ៌​ក្រហម​ស្រស់ និង​មិន​ឈឺ

– រមាស់ ​និង​ស្កៀប​នៅ​ជុំវិញ​រន្ធ​គូទ

– ឈឺ និង​នៅ​មិន​សុខ

– ហើម​នៅ​ជុំវិញរន្ធ​គូទ

– មាន​ដុំ​ពក​ ហើយ​ឈឺ​នៅ​ជុំវិញ​រន្ធ​គូទ

ជំងឺ​ឫសដូង​បាតខាង​ក្រៅ (External hemorrhoids) គឺ​ធ្វើ​ឲ្យ​ឈឺ​ និង​ពិបាក​ទ្រាំ​ខ្លាំង​បំផុត ឯជំងឺ​ឫសដូង​បាត​​ខាង​ក្នុង (Internal hemorrhoids) ជា​ទូទៅ​មិន​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ទេ។

ប្រហែល​អាច​មាន​រោគ​សញ្ញា​ដទៃ​ទៀត​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​បើ​មាន​ចម្ងល់​ ឬ​មាន​រោគ​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។

៤- ពេល​ណាត្រូវ​ទៅជួប​ពេទ្យ?

សូម​ទាក់​ទង​ទៅ​គ្រូពេទ្យ​ភ្លាម ប្រសិន​បើ៖

– ឫសដូង​បាត បង្ក​ឲ្យ​ឈឺ​ខ្លាំង ហើយ​មិន​អាច​ធ្វើ​ឲ្យ​ធូរ​ស្រាលដោយ​ការ​​ព្យាបាល​នៅ​ផ្ទះ

– បើ​លាមក​មាន​ពណ៌​ខ្មៅ ​និង​មើល​ទៅ​ដូច​ជា​ជ័រ​កៅស៊ូ​ខ្មៅ

– ​បើ​មាន​ឃើញ​ឈាម​នៅ​ក្នុង​លាមក

– ​បើ​មាន​វិលមុខ ឬ​មាន​អារម្មណ៍​ស្រាល​ក្បាល។

ព្រោះ​សញ្ញា​ទាំង​អស់​នេះ​ អាច​ជា​សញ្ញា​បង្ហាញ​ថា​ ជំងឺ​ឫសដូង​បាត អាច​នឹង​ធ្ងន់ធ្ងរ ខណៈ​អ្នក​ជំងឺ​ត្រូវ​តែ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ​ភ្លាម។

មូល​ហេតុបង្ក

៥- មូលហេតុអ្វី​ខ្លះ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ឫសដូង​បាត?

ឫសដូង​បាត បណ្ដាល​មក​ពី​ការ​ហើម​សរសៃ​វ៉ែន ដែល​វិវត្ត​មក​ពី​ការ​កើន​ឡើង​សម្ពាធ​នៅ​ផ្នែក​ខាង​ក្រោម​ចុង​ពោះ​វៀន​ធំ ហើយ​មូល​ហេតុ​នាំ​ឲ្យ​​មាន​សម្ពាធ​ទាំង​នោះ​រួមមាន៖

– ប្រឹង​ខ្លាំង​នៅ​ពេល​បត់​ជើង​ធំ

– អង្គុយ​រយៈ​ពេល​យូរ​ពេក

– មាន​បញ្ហា​ទល់លាមក ឬ​រាករ៉ាំរ៉ៃ

– ធាត់​លើស​ទម្ងន់

– មាន​ផ្ទៃ​ពោះ

– ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​តិច

កត្តាប្រឈម

៦- ​កត្តាប្រឈម​ជំងឺឫសដូង​បាតមាន​អ្វី​ខ្លះ?

មាន​កត្តាប្រឈម​​ជា​ច្រើន​ ​នាំ​ឲ្យយើង​មាន​ជំងឺ​ឫសដូង​បាត ដូច​ជា៖

– ការងារ​ដែល​តម្រូវ​ឲ្យ​អង្គុយ​ ឬ​ឈ​រយៈពេល​យូរ

– រាក ​ឬ​ទល់​លាមក​រ៉ាំរ៉ៃ

– មាន​ផ្ទៃ​ពោះ

– រួមភេទ​តាម​រន្ធ​គូទ

– របប​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន និង​ជាតិ​សរសៃ​តិច

– មាន​អាយុ​ច្រើន​ជាង ​៦០​ឆ្នាំ

អ្នក​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ដឹង​ពី​ព័ត៌មាន​បន្ថែម។

អត្ថបទ​ពាក់ព័ន្ធ៖

រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ គ្រូពេទ្យ​នឹង​អាច​ពិនិត្យ ​និង​ធ្វើ​តេស្ត​ដូច​ជា៖

– ពិនិត្យ​មើល​សុខភាព ​និង​រាងកាយ

– ពិនិត្យ​មើល​​រន្ធ​គូទ ហើយ​ជាទូទៅ​ គេ​ប្រើ​ឧបករណ៍​ពេទ្យ​ ដើម្បី​អាច​មើលឃើញ​នៅ​ក្នុង​រន្ធ​គូទ​បាន (Anoscope, Proctoscope ឬ Sigmoidoscope)។

៨- ព្យាបាល​ដោយ​វិធី​ណា?

ជំងឺឫសដូង​បាត ពេល​ខ្លះ​អាច​នឹង​ជា​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​ពេល​ខ្លះ​ទៀត​ ដែលមាន​​បង្ក​​រោគ​សញ្ញា ​អាច​នឹង​ត្រូវ​ការ​ការ​ព្យាបាល ហើយ​ជម្រើស​ក្នុង​ការ​ព្យាបាល​រួម​មាន៖

– អាហារ​បំប៉ន​មាន​ជាតិ​សរសៃ ដូច​ជា Psyllium (Metamucil) ឬ Methylcellulos (Citrucel) ​អាច​ជួយ​បន្ទន់​លាមក និង​បន្ថយ​បញ្ហា​ទល់​លាមក។

– ក្រែម​លាប​មិន​ត្រូវ​ការ​វេជ្ជ​បញ្ជា និង​ថ្នាំ​សុល ​អាច​បន្ថយ​ការ​ឈឺ​ចាប់​បណ្ដោះ​អាសន្ន និង​រមាស​ដោយ​សារឫសដូង​បាត ។

– វះ​កាត់​ចោល​ឫសដូង​បាត ​គេ​ស្គាល់​ជា​ពាក្យ​បច្ចេកទេស​ថា Hemorrhoidectomy អាច​នឹង​ធ្វើ​ប្រសិន​បើ​វិធី​ផ្សេង​ទៀត​បរាជ័យ។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ

ទម្លាប់​​រស់នៅ​ និង​វិធី​ព្យាបាល​នៅ​ផ្ទះ​ខ្លះ អាច​ទប់ទល់​ បង្ការ នឹង​ជំងឺឫសដូង​បាត​បាន ​ដូច​ជា៖

– ញ៉ាំអាហារ​សម្បូរ​​ជាតិ​សរសៃ និង​ញ៉ាំ​ទឹក​ឲ្យ​ច្រើន

– អង្គុយ​ក្នុង​អាង​ មាន​ទឹក​ក្ដៅ​ឧណ្ហៗ រយៈពេល ១០​នាទី ២-៣ ដង/ថ្ងៃ

– ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន

– រក្សា​កន្លែង​នៅ​ជុំវិញ​រន្ធ​គូទ​ឲ្យ​ស្អាត

– មិន​ត្រូវ​ប្រើ​ក្រដាស​អនាម័យ​ស្ងួត ដើម្បី​សម្អាត​គូទបន្ទាប់​ពី​បន្ទោ​បង់​រួចឡើយ ត្រូវ​ប្រើ​កន្សែងសើម ឬ​ក្រដាស​អនាម័យ​សើម​ ​មិន​មាន​ក្លិន ឬជាតិ​អាល់កុល។

– ស្អំរបស់​ត្រជាក់ ដូចជាទឹក​កក ឬ​បង់​រុំ​ត្រជាក់ទៅ​លើ​រន្ធ​គូទ ដើម្បី​បន្ថយ​ការ​ហើម។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម