ញ៉ាំ​សាច់​ច្រើន​ មិនសូវញ៉ាំបន្លែ អាចមានបញ្ហាសុខភាពទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 01, 2021

    ញ៉ាំ​សាច់​ច្រើន​ មិនសូវញ៉ាំបន្លែ អាចមានបញ្ហាសុខភាពទាំងនេះ

    ទោះ​បី​ជា​សាច់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​នៅ​ក្នុង​របប​អាហារ​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ញ៉ាំ​សាច់​ច្រើន​​ជ្រុល​ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ដូច​គ្នា​។ ខាង​ក្រោម​នេះ​ គឺ​ជា​ហានិភ័យ​សុខភាព​មួយ​ចំនួន​ដែល​កើត​ឡើង​​ នៅ​ពេល​ដែល​យើង​ញ៉ាំ​​សាច់​ច្រើន​។

    ១. ក្រួស​តម្រង​នោម​

    ប្រូតេអ៊ីន​នៅ​ក្នុង​​សត្វ​សាច់​​មាន​សមាសធាតុ​ជាច្រើន​ ដែល​ហៅ​ថា​ Purine ហើយ​វា​នឹង​បំបែក​ទៅ​ជា​អាស៊ីដUric។​ នៅ​ពេល​ដែល​រាងកាយ​យើង​ផ្ទុក​អាស៊ីដ​មួយ​ប្រភេទ​នេះ​ច្រើន​ជ្រុល​ វា​អាច​​វិវត្ត​​ទៅ​ជា​ក្រួស​តម្រង​នោម។​ យ៉ាង​ណា​មិញ​ គ្នា​យើង​គប្បី​ញ៉ាំ​សាច់​នៅ​ក្នុង​បរិមាណ​សម​ល្មម​ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​បង្ការ​ក្រួស​តម្រង​នោម​។

    ២. កង្វះ​ជាតិ​ទឹក​

    ពីព្រោះ​​តែ​បរិមាណ​លើស​នៃ​អាស៊ីដ​Uric យើង​អាច​នឹង​មាន​អារម្មណ៍​ស្រេក​ទឹក​​លើស​ពី​ធម្មតា​។​ ពិត​ណាស់​ ​តម្រង​នោម​របស់​យើង​ត្រូវការ​ទឹក​ដើម្បី​រំលាយ​កាកសំណល់​ពុល​ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ញ៉ាំ​ទឹក​​ឲ្យ​បាន​ច្រើន​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

    ៣. ទល់​លាមក​

    អាហារ​ដែល​ធ្វើ​ពី​សាច់​មាន​ផ្ទុក​ប្រូតេអ៊ីន​ច្រើន​ ប៉ុន្តែ​វា​មិន​មាន​ជាតិ​សរសៃ​ឡើយ​។​ ជា​ទូទៅ​ ការ​ទល់​លាមក​ និង​ឈឺ​ចាប់​​ពេល​បន្ទោបង់​ អាច​ជា​សញ្ញា​ដំបូង​ ដែល​បង្ហាញ​ថា​យើង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ទាប។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​បន្ថែម​អាហារ​ដែល​មាន​ជាតិ​សរសៃ​ដូចជា​ ផ្លែឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ ។​

    ៤. ឈឺ​ក្បាល​

    កង្វះ​ជាតិ​ទឹក​ក៏​អាច​បណ្ដាល​ឲ្យ​យើង​ឈឺ​ក្បាល​​ដែរ​។​ វា​ធ្វើ​ឲ្យ​ឈាម​កាន់​តែ​ខាប់ ដោយ​​កាត់បន្ថយ​លំហូរ​អុកស៊ីសែន​ទៅ​ក្នុង​ខួរ​ក្បាល​។​ ម្យ៉ាង​វិញ​ទៀត​ ផលិតផល​សាច់​មួយ​ចំនួន​ដូចជា​Hotdog សាច់​ក្រក​ជ្រូក​ (Salami) ផ្ទុក​សារធាតុ​នីត្រាត​ ដែល​អាច​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​​​របស់​យើង បណ្ដាល​ឲ្យ​មាន​អាការៈឈឺក្បាល​ដែរ​។

    ញ៉ាំសាច់ច្រើន២

    ៥. បញ្ហា​បេះដូង​

    ​​​​​​​​​​​ជាតិ​សរសៃ​ដែល​មាន​នៅ​ក្នុង​របប​អាហារ​ មាន​គុណប្រយោជន៍​ជួយ​ការពារ​សុខភាព​បេះដូង​របស់​យើង​។​ ប៉ុន្តែ​ ប្រសិនបើ​យើង​ញ៉ាំ​សាច់​ច្រើន​ ជាតិ​សរសៃ​នៅ​ក្នុង​រាងកាយ​ប្រាកដ​ជា​មាន​កម្រិត​​ទាប ដែល​ជា​ហេតុ​​នាំ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​​ជំងឺ​បេះដូង​។

    ៦. ឧស្សាហ៍​ឈឺ​

    ជាមួយ​គ្នា​នេះ​ដែរ ខ្លាញ់​ឆ្អែត​​នៅ​ក្នុង​សាច់​ក្រហម​ និង​សាច់​កែច្នៃ​មិន​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​ចាំបាច់​សម្រាប់​​ឲ្យ​រាងកាយ​ប្រឆាំង​នឹង​ការ​រលាក​​ណា​មួយ​បាន​ឡើយ​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ញ៉ាំ​អាហារ​​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ឲ្យ​បាន​ច្រើន​ ដែល​មាន​នៅ​ក្នុង​បន្លែ​ និង​ផ្លែឈើ​។

    ៧. ឆ្អឹង​ចុះ​ខ្សោយ​

    ​បន្ថែម​ពី​នេះ បរិមាណ​ប្រូតេអ៊ីន​ខ្ពស់​អាច​បង្កើន​ការ​បាត់បង់​​ជាតិ​កាល់ស្យូម​តាម​រយៈ​ទឹក​នោម​ ហើយ​ជាតិ​កាល់ស្យូម​នេះ​ដែរ មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​ឆ្អឹង​។​ ជាក់​ស្ដែង​ រាងកាយ​របស់​យើង​មិន​អាច​ផលិត​ជាតិ​កាល់ស្យូម​បាន​​ឡើយ​ ហើយ​វា​​ទទួល​បាន​​ជាតិ​កាល់ស្យូម​​តាម​រយៈ​អាហារ​ ឬ​ថ្នាំ​បំប៉ន​ប៉ុណ្ណោះ​។​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 01, 2021

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម