ជាតិសរសៃល្អ តែបើញ៉ាំច្រើនជ្រុលអាចបង្កផលវិបាកដល់សុខភាព ៤ យ៉ាង

    ជាតិសរសៃល្អ តែបើញ៉ាំច្រើនជ្រុលអាចបង្កផលវិបាកដល់សុខភាព ៤ យ៉ាង

    ជាតិសរសៃសម្បូរនៅក្នុងបន្លែ គ្រាប់ធញ្ញជាតិ សណ្តែក ផ្លែឈើ និងគ្រាប់ផ្លែ​ឈើ។ ការញុំា​អាហារ​សម្បូរទៅដោយជាតិសរសៃជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងការបន្ទោរបង់ ព្រមទាំងកាត់​បន្ថយហានិភ័យជំងឺបេះដូង ជំងឺធាត់ ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺលើស​សម្ពាធ​ឈាម​​ជាដើម។ យ៉ាងណា​មិញ​បើមានអាការៈ ៤ យ៉ាងដូចខាងក្រោម ​បញ្ជាក់​ថាយើង​ញុំា​ជាតិ​សរសៃច្រើនជ្រុលហើយ។

    ១. ទល់លាមក

    ប្រសិនបើយើងញុំាអាហា​រដែលមាន​ជាតិសរសៃ​រលាយក្នុងទឹកដូចជា អាហារផ្សំពីស្រូវសាលីអូត សណ្តែក ផ្លែប៉ោម ស្ត្រប៊ើរី ឬប៊្លូប៊ើរីច្រើន និងញឹកញាប់ វានឹងធ្វើឱ្យ​ពោះ​រៀន​ពិបាក​នឹង​បញ្ចេញ​លាមក​មក​ក្រៅ ព្រោះជាតិ​​​សរសៃទាំងនេះស្រូបយកជាតិទឹកនៅក្នុងពោះវៀន។ ជាពិសេស​នៅ​ពេល​​​រាង​កាយ​យើង​ខ្វះជាតិទឹក។

    ២. រាក

    ផ្ទុយទៅវិញបើយើងញុំាអាហារដែលមានជាតិសរសៃមិនរំលាយក្នុងទឹកដូច​ជា ស្រូវសាលី បន្លែស្លឹក ផ្កាខាត់ណាបៃតង ប៉េងប៉ោះជាដើមច្រើន ហើយញឹកញាប់ពេក វាអាចបណ្តាលឱ្យលាមករាវ និង​រាក​វិញ ព្រោះជាតិសរសៃទាំងនោះធ្លងកាត់ពោះវៀនលឿនពេក។

    ៣. ហើមពោះ

    វាច្រើនកើតឡើង ពេលយើងញុំាជាតិសរសៃច្រើន និងញឹកញាប់ពេក ព្រោះជាតិ​សរសៃភាគច្រើន​មិនអាចរំលាយ ឬបំបែកក្នុងខណៈធ្វើដំណើរឆ្លងកាត់ប្រព័ន្ធរំលាយអាហារ។ ជាលទ្ធផល​បាក់តេរី​ដែល​នៅក្នុងពោះវៀនស៊ីជាតិសរសៃ​ដែលនៅសេសសល់ ហើយធ្វើឱ្យមានខ្យល់ក្នុងពោះ។

    ៤. ចុកពោះ

    នេះបណ្តាលមកពីការញុំាជាតិសរសៃច្រើនពេកដែលធ្វើឱ្យការរំលាយអាហារ​យឺត ឬឈប់​ដំណើរ​ការ។​

    ញុំាជាតិសរសៃច្រើនជ្រុលអាចបង្កផលវិបាកដល់សុខភាព ៤ យ៉ាង

    បញ្ហាប្រព័ន្ធរំលាយអាហារ

    ក្នុងករណីយើងមានបញ្ហាសុខភាពដោយសារការញុំាជាតិសរសៃច្រើន យើងត្រូវ៖

    • ចៀសវាងការទំពារស្ករកៅស៊ូ ឬភេសជ្ជៈដែលមានជាតិហ្គាស ព្រោះអាហារ​ទាំងនេះ​ធ្វើឱ្យ​មាន​ខ្យល់ក្នុងពោះ
    • ញុំាទឹកឱ្យបានគ្រប់គ្រាន់
    • ហាត់ប្រាណ
    • ញុំាបន្លែឆ្អិនជាជាងញុំាបន្លែឆៅ ព្រោះបន្លែឆ្អិនងាយរំលាយជាង
    • ប្រសិនបើទល់លាមក ត្រូវប្តូរមកញុំាអាហារដែលមានជាតិសរសៃមិនរលាយក្នុងទឹក តែបើរាកត្រូវប្តូរមកញុំាអាហារដែលមានជាតិសរសៃរលាយក្នុងទឹក។
    • ញុំាអាហារពីគ្រប់ក្រុមអាហារ និងញុំាអាហារដែលមានទាំងជាតិសរសៃរលាយ និងមិន​រលាយ​ក្នុងទឹកដើម្បីឱ្យមានតុល្យភាព។
    • កាត់បន្ថយការញុំាអាហារដែលមានជាតិសរសៃ

    តើក្នុង ១ ថ្ងៃរាងកាយយើងត្រូវការជាតិសរសៃប៉ុន្មាន?

    សមាគមន៍បេះដូងអាមេរិកណែនាំឱ្យញុំាជាតិសរសៃចន្លោះពី ២៥-៣០ ក្រាម/ថ្ងៃពីអាហារគ្រប់ក្រុម​ មិន​មែនពីអាហារបំប៉នជាតិសរសៃទេ។ ឯបណ្ឌិត​សភាអាមេរិកផ្នែកអាហាររូបត្ថម្ភ និង​របបអាហារ​​បាន​ណែនាំ​ឱ្យញុំាជាតិសរសៃ ២៥ ក្រាមសម្រាប់ស្ត្រី និង ៣៨ ក្រាមសម្រាប់បុរស។ ចំណែក​មនុស្ស​ចាស់​ដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅគឺ ២១ ក្រាមសម្រាប់ស្ត្រី និង ២៨ ក្រាមសម្រាប់បុរស។ សម្រាប់ស្ត្រីមានផ្ទៃពោះ ឬបំបៅដោះកូនគឺ ២៨ ក្រាម​/ថ្ងៃ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    All About Fiber: Why You Need It, the Top Sources, and What Happens if You Eat Too Much
    https://www.everydayhealth.com/diet-nutrition/diet/fiber-benefits-food-sources-supplements-side-effects/

    4 Signs You’re Eating Too Much Fiber (Yes, It Is Possible)
    https://www.drselhub.com/4-signs-youre-eating-much-fiber-yes-possible/

    TOO MUCH FIBER IN YOUR DIET? SYMPTOMS AND EFFECTS OF FIBER OVERLOAD
    https://www.brightlifeclinic.com/too-much-fiber-in-your-diet-symptoms-and-effects-of-fiber-overload/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 27/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត