ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ពោះវៀនធំ ជាពោះវៀនដែលដំណើរការបញ្ចេញការសំណល់អាហារ ទឹក និងសារធាតុផ្សេងៗទៀត ចេញមកក្រៅរាងកាយ ក្នុងទម្រង់ជាលាមកតាមរន្ធគូទ។ ពោះវៀនធំ ស្ថិតនៅក្នុងស្រោមពោះ (Peritoneum) ដែលជាថង់របស់ពោះវៀន ហើយស្ថិតក្នុងប្រហោងពោះ។ ជំងឺរលាកពោះវៀនធំ សំដៅលើអាការហើមរលាកពោះវៀនធំនេះឯង។
ជំងឺរលាកពោះវៀនធំ ឧស្សាហ៍កើតមានណាស់ អាចកើតលើមនុស្សគ្រប់វ័យ។ ហេតុនេះ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
រោគសញ្ញាទូទៅរបស់ជំងឺរលាកពោះវៀនធំ រួមមាន៖
– ឈឺចុកពោះ និងហើមពោះកើតឡើងញឹកញាប់ ឬម្ដងមាន ម្ដងបាត់
– លាមកមានឈាម
– ឈឺបត់ជើងធំខ្លាំង និងញឹកញាប់ (Tenesmus)
– បាត់បង់ជាតិទឹក
– រាក
– គ្រុនក្ដៅ។
អាចនៅមានរោគសញ្ញាផ្សេងទៀតមិនបានរៀបរាប់ខាងលើ ដូចនេះបើមានការព្រួយបារម្ភពីរោគសញ្ញា សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
បើយើង ឬសមាជិកគ្រួសារ មានរោគសញ្ញាដូចរៀបរាប់ខាងលើ ឬមានសំណួរអ្វីមួយ សូមពិគ្រោះជាមួយគ្រូពេទ្យភ្លាម។ រាងកាយមនុស្សម្នាក់ៗមានសកម្មភាពខុសៗគ្នា ដូចនេះ ល្អបំផុតត្រូវពិគ្រោះជាមួយពេទ្យ ដើម្បីទទួលបានដំណោះស្រាយល្អបំផុតសម្រាប់អ្នក។
ភាគច្រើន មូលហេតុជាក់លាក់នាំឲ្យរលាកពោះវៀនធំ គឺមិនដឹងច្បាស់នៅឡើយទេ ប៉ុន្តែមូលហេតុអាចនាំឲ្យរលាកពោះវៀនធំ អាចមានដូចជា៖
– ការបង្ករោគដោយពពួកវីរុស ឬប៉ារ៉ាស៊ីត
– ពុលអាហារដោយសារតែបាក់តេរី
– ជំងឺ Crohn (Crohn’s disease)
– ខ្វះចរន្តឈាមឆ្លងកាត់ (Ischemic colitis)
– ពោះវៀនធំ ឆ្លងកាត់ជាតិវិទ្យុសកម្ម (Radiation stricture)
– ជំងឺ Necrotizing enterocolitis ចំពោះទារកទើបនឹងកើត
– ជំងឺ Pseudomembranous colitis បង្កដោយបាក់តេរីឈ្មោះ Clostridia difficile។
អត្ថបទពាក់ព័ន្ធ៖
ព័ត៌មានទាំងនេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
គ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយ ហើយគាត់នឹងសួរសំណួរពីរោគសញ្ញាដូចជា៖
– យើងមានរោគសញ្ញាទាំងនេះយូរប៉ុណ្ណាហើយ?
– ឈឺចាប់ខ្លាំងកម្រិតណា?
– អាការៈឈឺចាប់ញឹកញាប់ប៉ុណ្ណា ហើយតើវាឈឺយូរប៉ុណ្ណាដែរ?
– រាកញឹកញាប់ទេ?
– ធ្លាប់ធ្វើដំណើរទៅកន្លែងផ្សេងឬទេ?
– ថ្មីៗនេះមានលេបថ្នាំផ្សះដែរទេ?
គ្រូពេទ្យ អាចនឹងធ្វើរោគវិនិច្ឆ័យថា មានជំងឺរលាកពោះវៀនធំ ដោយដាក់បំពង់ងាយបត់បែន ចូលក្នុងរន្ធគូទ (Flexible sigmoidoscopy ឬ Colonoscopy) ហើយរកមើលទីតាំងផ្សេងៗក្នុងពោះវៀនធំ។ គ្រូពេទ្យ អាចនឹងធ្វើការច្រឹបសាច់ (Biopsies) ពោះវៀនយកទៅពិនិត្យ ដោយការច្រឹបសាច់ អាចនឹងបង្ហាញពីការផ្លាស់ប្ដូរ ទាក់ទងនឹងការរលាក។ វិធីទាំងនេះ អាចកំណត់បានថា យើងមានជំងឺរលាកពោះវៀនធំឬអត់។
វិធីផ្សេងទៀតអាចបង្ហាញពីជំងឺរលាកពោះវៀនធំ រួមមាន៖
– ការថត CT Scan នៅលើពោះ
– ការថត MRI នៅលើពោះ
– តេស្ត Barium enema
– វិភាគលាមក
– ពិនិត្យលាមករកមើលពពួកប៉ារ៉ាស៊ីត និងពងរបស់វា។
ការព្យាបាលជំងឺរលាកពោះវៀនធំ អាស្រ័យលើមូលហេតុបង្ករបស់ជំងឺ។ ចំពោះជំងឺមិនបានធ្វើរោគវិនិច្ឆ័យ ឬមិនអាចគ្រប់គ្រងបាន ការព្យាបាលជាដំបូង (មិនពិនិត្យមើលមូលហេតុបង្ក) គឺធ្វើឲ្យសញ្ញាជីវិតគ្នាយើងមានជំងឺនៅថេរសិន និងជួយគ្រប់គ្រងការឈឺចាប់តាមស្ថានភាពជាក់ស្តែង។ ករណីបង្គ្រប់ជាតិទឹកជារឿងចាំបាច់ បើអាចផឹកបាន គឺកាន់តែល្អ ប៉ុន្តែបើគ្នាយើងមានជំងឺ មើលទៅស្ងួតខ្លាំង និងមិនអាចបំពេញជាតិទឹកដោយផឹកតាមមាត់បាន ឬមានជាតិអេឡិកត្រូលិត្រមិនប្រក្រតី ត្រូវចាក់ព្យួរសេរ៉ូមជាចាំបាច់។
គ្រូពេទ្យ នឹងឲ្យយើងប្រើថ្នាំមួយចំនួនដើម្បីគ្រប់គ្រងជំងឺរលាកពោះវៀនធំ ហើយជម្រើសថ្នាំ អាស្រ័យលើស្ថានភាពសុខភាពអ្នកជំងឺម្នាក់ៗ។
ថ្នាំផ្សះ ពេទ្យមិនសូវឲ្យប្រើញឹកញាប់ឡើយ លើកលែងតែដឹងថា ជំងឺបង្កឡើងដោយបាក់តេរីណាមួយពិតប្រាកដ ហើយការព្យាបាលដោយថ្នាំផ្សះនេះ គឺមានប្រសិទ្ធិភាពបន្ថយការបង្ករោគ។
ថ្នាំមិនត្រូវការវេជ្ជបញ្ជា (OTC) ប្រើដើម្បីព្យាបាលអាការៈរាក ត្រូវប្រើដោយប្រុងប្រយ័ត្ន ជាពិសេស បើមានការឈឺពោះ និងគ្រុនក្ដៅអមជាមួយ។ ល្អបំផុត ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី មុននឹងប្រើពពួកថ្នាំរាក។
ការវះកាត់ជាទូទៅ មិនមែនជាជម្រើសព្យាបាលចំពោះមូលហេតុភាគច្រើនដែលបង្កជំងឺរលាកពោះវៀនធំនេះទេ។
ការផ្លាស់ប្ដូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះខាងក្រោម អាចជួយគ្រប់គ្រង និងបង្ការជំងឺរលាកពោះវៀនធំបាន ដូចជា៖
– ត្រូវចៀសវាងការញ៉ាំអាហាររឹង ត្រូវផឹកទឹកស្អាត ដើម្បីជួយបំពេញជាតិទឹកក្នុងខ្លួន និងធ្វើឲ្យពោះវៀនធំបានសម្រាក។
– ផ្លាស់ប្ដូររបបអាហារ ដើម្បីកាត់បន្ថយរោគសញ្ញា ប៉ុន្តែជំងឺរលាកពោះវៀនធំប្រភេទខ្លះ គឺមិនអាចព្យាបាលបានទេ។
– កត់ត្រាពីរបបអាហារប្រចាំថ្ងៃ ប្រហែលជាអាចជួយបានខ្លះ ហើយត្រូវចៀសវាងញ៉ាំអាហារណា ដែលធ្វើឲ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។
ចៀសវាងញ៉ាំអាហារខាងក្រោម បើមានជំងឺរលាកពោះវៀនធំ៖
– អាហារមានជាតិខ្លាញ់ ឬចៀនបំពង។
– ទឹកដោះគោ ឬផលិតផលធ្វើពីទឹកដោះគោ។
– អាហារមានជាតិកាកសរសៃខ្ពស់ ដូចជា ពោតលីង គ្រាប់ធញ្ញជាតិ និងពោត។
– បើមានបញ្ហារាក (អាលែកហ្ស៊ី) ដោយសារជាតិ Lactose (Lactose Intolerant) សូមចៀសវាងផលិតផលមានជាតិ Lactose។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ