គ្នាយើងធ្លាប់ឮខ្យល់ក្នុងប្រព័ន្ធរំលាយអាហារឬអត់? កើតឡើងបានដោយរបៀបណា? ពេលមនុស្សយើងមានខ្យល់ ឬហ្គាសក្នុងប្រព័ន្ធរំលាយអាហារ រាងកាយយើងអាចបញ្ចេញខ្យល់ទាំងនោះចេញមកវិញតាមរយៈភើ ឬផោម ជាដើម។
១. មូលហេតុខ្យល់ក្នុងប្រព័ន្ធរំលាយអាហារ
រោគសញ្ញាជាទូទៅនៃហ្គាស ឬខ្យល់ក្នុងប្រព័ន្ធរំលាយអាហាររួមមានភើ ផោម ហើមពោះ និងឈឺក្នុងពោះជាជាដើម។ ហ្គាសជាធម្មតាអាចចូលក្នុងពោះយើងតាមរយៈការញ៉ាំអាហារ និងពេលដែលបាក់តេរីក្នុងពោះវៀនធំរបស់យើងបំបែកអាហារមិនរំលាយមួយចំនួន។
ហ្គាសក្នុងពោះកើតឡើងពេលយើងញ៉ាំអាហារ ឬផឹកភេសជ្ជៈលឿនពេក ពេលយើងទំពាស្ករកៅស៊ូ ឬជក់បារី ជាដើម។ ភើ គឺជាវិធីទូទៅមួយដែលរាងកាយបញ្ចេញខ្យល់ពីក្នុងពោះមកក្រៅ។ ខ្យល់ឬហ្គាសដែលនៅសល់មួយចំនួនត្រូវស្រូបចូលក្នុងពោះវៀនតូច និងពោះវៀនធំ ហើយត្រូវបញ្ចេញមកក្រៅតាមគូទ។
ចំពោះការហើមពោះដោយការបំបែកអាហារមិនរំលាយវិញ កើតឡើងពេលបាក់តេរីក្នុងពោះវៀនធំបំបែកអាហារមិនរំលាយទាំងនោះ។
កាបូអ៊ីដ្រាតមួយចំនួនដូចជាស្ករ និងជាតិសរសៃ មិនរំលាយ ឬមិនស្រូបក្នុងពោះវៀនតូច ពីព្រោះតែខ្វះខាត ឬមិនមានអង់ហ្ស៊ីមជាក់លាក់មួយចំនួន។ អាហារមិនរំលាយ ឬមិនស្រូបយកទាំងនេះនឹងផ្លាស់ចូលទៅក្នុងពោះវៀនធំ កន្លែងដែលបាក់តេរីមិនបង្កគ្រោះថ្នាក់មួយចំនួននៅទីនោះធ្វើការបំបែក។ ដំណើរការបំបែកអាហារនេះនឹងបង្កើតឲ្យមានអ៊ីដ្រូសែន កាបូឌីអុកស៊ីត និងមួយភាគបីនៃមនុស្សយើង អាចមានឧស្ម័នមេតានផងដែរ និងបញ្ចេញមកក្រៅតាមគូទ។
២. គ្រោះថ្នាក់កម្រិតណា?
រោគសញ្ញារ៉ាំរ៉ៃបង្កឲ្យមានខ្យល់ក្នុងពោះ ឬខ្យល់ក្នុងពោះបង្កឲ្យមានជំងឺធ្ងន់ធ្ងរកម្រមានណាស់។ ប៉ុន្តែនិយាយបែបនេះមិនមែនមានន័យថាមិនអាចមានជំងឺធ្ងន់ធ្ងរនោះទេ។
ថ្វីបើខ្យល់ក្នុងពោះភាគច្រើនជារឿងធម្មតា ប៉ុន្តែពេលខ្លះក៏អាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរដែរ។ បើសិនជាខ្យល់ក្នុងពោះកើតមានញឹកញាប់ជាងធម្មតា អមមកជាមួយនឹងអាការៈឈឺក្នុងពោះ ស្រកទម្ងន់ ក្ដៅខ្លួន និងលាមកមានឈាម ទៀតនោះ យើងគួរប្រញាប់ទៅជួបពេទ្យ។
គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យនៃមូលហេតុបង្ក ដោយផ្អែកលើប្រវត្តិជំងឺ និងការពិនិត្យរាងកាយ។ បើសិនជាគ្រូពេទ្យសង្ស័យថាយើងមានបញ្ហាសុខភាពណាមួយ គ្រូពេទ្យអាចនឹងផ្ដល់យោបល់ឲ្យធ្វើតេស្តផ្សេងបន្ថែមទៀត។
ដើម្បីដោះស្រាយបញ្ហាហ្គាសក្នុងពោះនេះ យើងគប្បីចៀសវាងអាហារណាដែលធ្វើឲ្យយើងមានហ្គាសក្នុងពោះ និងអាចផ្លាស់ប្ដូររបបអាហារ។ សូមពិភាក្សាជាមួយគ្រូពេទ្យ បើអ្នកគិតថាបញ្ហានេះរំខានជីវិតរស់នៅប្រចាំថ្ងៃ និងរបបអាហារគួរចៀសវាង។
[embed-health-tool-bmr]