home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

បើមាន​រោគសញ្ញាទាំងនេះ បង្ហាញថា​ស្រ្តេសឡើង​ដល់កំពូលហើយ​

បើមាន​រោគសញ្ញាទាំងនេះ បង្ហាញថា​ស្រ្តេសឡើង​ដល់កំពូលហើយ​

គ្នា​យើង​មួយ​ចំនួន​អាច​ដឹង​អំពី​រោគសញ្ញា​ទូទៅ​នៃ​ស្ត្រេស​​មាន​ដូចជា​គេង​មិន​លក់ ញ៉ាំ​​ច្រើនជាងធម្មតា​ និង​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​ជាដើម។ គ្នា​យើង​​ដឹង​ទេ​ថា​ស្ត្រេស​មិន​ត្រឹម​តែអាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​យើ់ង​ទេ តែ​ក៏​បង្ក​ផល​ប៉ះ​ពាល់​ជាច្រើន​ដល់​សុខភាព​ផ្លូវកាយ​ដែរ។ អត្ថបទ​នេះ​នឹង​ចែករំលែក​អំពី​ផល​ប៉ះពាល់​បង្ក​ដោយ​ស្ត្រេស​មក​លើ​រាងកាយ។

១. ឧស្សាហ៍​ភ្លេចភ្លាំង

ប្រសិនជា​គ្នាយើង​មាន​ការ​លំបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍ ស្ត្រេស​អាច​ជា​មូលហេតុ​បង្កមួយ​ដែរ​។ ស្ត្រេស និង​ការ​ថប់បារម្ភ​អាច​ប៉ះពាល់​ដល់​ការ​ផ្ដោត​អារម្មណ៍ និង​សមត្ថភាព​ក្នុង​ការ​រក​នឹក​ ឬ​រំឭក​នូវ​ការ​ចងចាំ​ចាស់ៗ ឬ​ក៏​បង្កើត​ថ្មី​ជា​ដើម។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់សាកលវិទ្យាល័យ Harvard ។ ការ​សិក្សា​ឆ្នាំ​២០១៨ លើ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​បាន​បង្ហាញ​ថា​មនុស្ស​ពេញ​វ័យ​ដែល​មាន​កម្រិត​អ័រម៉ូន​ស្ត្រេស (cortisol) ខ្ពស់​មាន​ការ​ចងចាំ​ចុះ​ខ្សោយ និង​ទំហំ​ខួរក្បាល​ក៏​តូច​ជាង​មុន។​

២. បញ្ហា​ស្បែក

នៅ​ពេល​យើង​ស្ថិត​ក្នុង​ស្ថានភាព​ស្ត្រេស​យូរ​ពេក ស្បែក​យើង​នឹង​មាន​ប្រតិកម្ម​ដូចជា​កន្ទាលត្រអាក កន្ទួល​ក្រហម និង​​ឡើងមុន។ មូលហេតុ​មក​ពី​ស្ត្រេស​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​បង្កើត​អ័រម៉ូន​ cortisol និង​អ័រម៉ូន epinephrine ដែល​ធ្វើ​ឲ្យ​ក្រពេញ​ខ្លាញ់​នៅ​ស្បែក​ផលិត​ខ្លាញ់​ច្រើន ហើយ​នេះ​ជា​កត្តា​បង្ក​បញ្ហា​មុន និង​ជំងឺ​ស្បែក​ផ្សេងៗ។

៣. ថយ​ចំណង់​ផ្លូវភេទ

ស្ត្រេស​ខ្លាំង ឬ​ស្ត្រេស​រ៉ាំរ៉ៃ​អាច​ប៉ះពាល់​ដល់​កម្រិត​អ័រម៉ូន​ក្នុង​រាងកាយ​ ដោយ​រាងកាយ​ផលិត​អ័រម៉ូន cortisol និងអ័រម៉ូន epinephrineច្រើន​​ធ្វើឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ។ ការសិក្សា​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១៣ ក្នុង​ព្រឹត្តិបត្រ​​វិទ្យាសាស្ត្រ​ Sexual Medicine បាន​រក​ឃើញ​ថា​ស្ត្រេស​ខ្លាំង​អាច​ធ្វើ​ឲ្យ​ស្រីៗ​បាត់បង់​ចំណង់​ផ្លូវភេទ​ ហើយ​អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា​នេះ​មក​ពី​ការ​រំខាន​ផ្លូវ​ចិត្ត និង​ការ​កើន​ឡើង​នៃ​អ័រម៉ូន cortisol។ ស្ត្រេស​ក៏​ប៉ះពាល់​ដល់សុខភាព​រាង​កាយ​របស់​​បុរស​ផងដែរ។ ផល​ប៉ះពាល់​រយៈពេល​យូរ​របស់​ស្ត្រេស​អាច​ធ្វើឲ្យ​សរសៃ​ឈាម​រួម​តូច​ និង​ប៉ះពាល់​ដល់​លំហូរ​ឈាម​ដែល​ទាក់ទង​នឹង​បញ្ហា​លិង្គមិនឡើងរឹង (Erectile Dysfunction)។

៤. សាច់ដុំ​ឡើង​តឹង

ស្ត្រេស​អាច​បង្ក​ឲ្យ​មាន​អាការៈ តឹង​សាច់ដុំ​ក ស្មា ឬ​ខ្នង។ រាងកាយ​របស់​យើង​ទប់ទល់​នឹង​ស្ត្រេស​ដោយ​បញ្ចេញ​អ័រម៉ូន​ដែល​ជួយ​ឲ្យ​សាច់ដុំ​ត្រៀម​ជាស្រេច​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​គំរាមកំហែង​យើង។ នេះ​អាច​ជួយ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​អាច​បង្ក​ជា​បញ្ហា​ប្រសិនជា​យើង​ស្ថិត​ក្នុង​ស្ថានភាព​ស្ត្រេស​មិន​ឈប់ឈរ​ព្រោះ​សាច់ដុំ​មិន​បាន​សម្រាក។

៥. កំហឹង

ការ​ខឹង​ក៏​ជា​រោគសញ្ញា​ទូទៅ​មួយ​នៃ​ស្ត្រេស​រយៈពេល​យូរ​ដែរ។ នៅពេល​រាងកាយ​បញ្ចេញ​សារធាតុ​គីមី​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង​អ្វី​មួយ បេះដូង​នឹង​លោត​ញាប់​ដើម្បី​ជួយ​ឲ្យ​យើង​ធ្វើ​សកម្មភាព។ នេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ប្រែ​ប្រួល និង​ខឹង។ ការ​សិក្សា​នៅ​ក្នុង​ព្រឹត្តិបត្រ​ American Heart បាន​រក​ឃើញ​ថា​ការ​ខឹង​ច្រើន​មាន​ទំនាក់ទំនង​​នឹង​​បញ្ហា​ផ្លូវ​ចិត្ត និង​បង្កើន​​ហានិភ័យ​​ជំងឺ​បេះដូង។

៦. សុខភាព​ពោះវៀន

ស្ត្រេស​រ៉ាំរ៉ៃ​អាច​បង្ក​ឲ្យ​មាន​ផល​វិបាក​ពោះវៀន​ដូចជា​ឈឺពោះ ទល់លាមក និង​រាករូស​ជាដើម។ នេះ​មក​ពី​ពោះវៀន និង​ប្រព័ន្ធ​សរសៃប្រសាទ​កណ្ដាល​មាន​ទំនាក់ទំនង​ជាមួយ​គ្នា។ នេះបើ​តាម​ការ​ចេញ​ផ្សាយ​ក្នុង Medicine John Hopkins។

៧. ឈឺក្បាល

នៅ​ពេល​រាងកាយ​ផលិត​អ័រម៉ូន adrenaline និង​អ័រម៉ូន cortisol​អាច​បង្ក​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដើម្បី​ជួយ​ដល់​សាច់ដុំ​ត្រៀម​រួច​ជាស្រេច​ក្នុង​ការ​ទប់ទល់​នឹង​ស្ថានការណ៍​អ្វី​មួយ​ ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​អាច​បង្កឲ្យ​មាន​អាការៈ​ឈឺក្បាល ឬ​ឈឺក្បាល​ប្រកាំង​បាន។ បន្ថែម​ពី​នេះ​ទៀត អំឡុង​ពេល​ស្ត្រេស​ខ្លាំង​ មនុស្ស​មួយ​ចំនួន​អាច​មាន​អាការៈ​តឹង​នៅ​នឹង​ក ថ្គាម និង​ស្មា​ដែល​អាច​ធ្វើ​ឲ្យ​អាការៈ​ឈឺក្បាល​កាន់តែ​ធ្ងន់ធ្ងរ។

ទោះបីជា​យើង​មិន​អាច​កម្ចាត់​ស្ត្រេស​ពី​ជីវិត​បាន យើង​អាច​រៀន​គ្រប់គ្រង​ស្ត្រេស​រាល់​ថ្ងៃ​បាន​ដើម្បី​ជួយ​ដល់​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.livestrong.com/article/13726913-warning-signs-symptoms-of-stress/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 21/07/2020
ត្រួតពិនិត្យដោយ គឹម កាណែល