ឧស្សាហ៍ធុញថប់ តានតឹងអារម្មណ៍ ការរត់អាចជួយឲ្យស្រស់ស្រាយឡើងវិញភ្លាមៗ
ស្រេ្តសខ្លាំង តានតឹងអារម្មណ៍ ពិសេសក្រោយបំពេញការងារ ឬការសិក្សា គ្នាយើងនរណាម្នាក់មិនធ្លាប់ឆ្លងកាត់? គ្រាន់តែថា យើងមានវិធីសាស្ត្រដោះស្រាយរៀងៗខ្លួន ប៉ុន្តែវិធីសាស្ត្រដោះស្រាយបញ្ហានេះ សាមញ្ញបំផុត និងមានប្រសិទ្ធភាពខ្ពស់ ត្រូវអ្នកជំនាញអះអាងថា គឺការរត់ហាត់ប្រាណ អាចជួយឲ្យអារម្មណ៍ស្រស់ស្រាយឡើងវិញ។

ក្រុមអ្នកជំនាញបានលើកឡើងពីលទ្ធផលរកឃើញដូចគ្នា នៅពេលជួបបញ្ហាតានតឹងដែលតែងកើតមាន ប៉ុន្តែបើរាងកាយបានបញ្ចេញចលនា ពិសេសសកម្មភាពដូចជាការរត់ បានធ្វើឲ្យខួរក្បាល បញ្ចេញនូវអ័រម៉ូន Endorphin (ផលិតដោយខួរក្បាលសម្រាប់បំបាត់ការឈឺចាប់) ធ្វើឲ្យអារម្មណ៍ធុញថប់ប្រសើរឡើង។
ផ្អែកតាមលទ្ធផលសិក្សា របស់ក្រុមអ្នកស្រាវជ្រាវអាល្លឺម៉ង់ និងក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យសហរដ្ឋអាមេរិក បានប្រើបច្ចេកវិទ្យាស្កេន PET ( Positron Emission Tomography) ជាប្រភេទម៉ាស៊ីន ពេទ្យគេប្រើសម្រាប់ស្កេនមើលជំងឺមហារីកក្នុងខ្លួនមនុស្ស ដោយម៉ាស៊ីននេះប្រើនូវកាំរស្មី បង្ហាញរូបភាពបម្រែបម្រួលណាមួយក្នុងរាងកាយ។ ការប្រើបច្ចេកទេសនេះ ទៅលើគ្នាយើងមានអារម្មណ៍តានតឹង គឺបង្ហាញថា មានភាពប្រសើរអារម្មណ៍ឡើងវិញ ដោយការរត់ ពោលគឺអាចបំបាត់ភាពធុញថប់យ៉ាងមានប្រសិទ្ធិភាព បើធៀបនឹងសកម្មភាពកីឡាផ្សេងៗ។
បើតាមវេជ្ជបណ្ឌិត Panteleimon Ekkekakis សាស្រ្តាចារ្យផ្នែកវេជ្ជសាស្រ្តមកពីសាកលវិទ្យាល័យរដ្ឋ Lowa សហរដ្ឋអាមេរិក “បើសិនយើង ជាមនុស្សមានទម្លាប់ឧស្សាហ៍រត់ នោះបេះដូងកាន់តែមានសុខភាពល្អ ពិសេសទៅទៀតនោះ ទាំងអារម្មណ៍ និងការគិត នឹងកាន់តែប្រសើរ ក្នុងរយៈពេលយូរអង្វែង’។
អត្ថបទពាក់ព័ន្ធ៖
ឃើញដូចនេះ ក្រុមអ្នកជំនាញបានលើកទឹកចិត្តឲ្យគ្នាយើងឧស្សាហ៍ជួបបញ្ហាផ្លូវចិត្តទាំងនេះ ឲ្យយកចិត្តទុកដាក់លើសុខភាព ពិសេសរកដំណោះស្រាយតាមវិធីសាមញ្ញ ដូចជាការរត់នេះតែម្តង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕