គ្នាយើងធ្លាប់ដឹងទេថា មនុស្សមួយចំនួនចេះតែបារម្ភពីបញ្ហាសុខភាព ខំតាមដានព័ត៌មានផង ស្វែងរកព័ត៌មានផង និងទៅពិនិត្យសុខភាពផង ហើយលទ្ធផលចេញមកមិនមានជំងឺអ្វីទេ ឬគ្រាន់តែឈឺបន្តិចបន្តួច តែអ្នកនោះនៅតែបារម្ភដដែល។ ចំណែកអ្នកខ្លះនៅតែគិតថាខ្លួនមានជំងឺនេះ ជំងឺនោះ ឬជំងឺកាចសាហាវដូចជាមហារីក ទោះបីជាគ្រូពេទ្យថាមិនអីក៏ដោយ។ បើសិនយើងនៅតែមិនអស់ចិត្តបែបនេះ វាអាចជាសញ្ញាណនៃជំងឺថប់បារម្ភខាងសុខភាព។
អ្នកដែលមានជំងឺនេះ គឺច្រើនតែភ័យខ្លាចថា ខ្លួនមានជំងឺធ្ងន់ធ្ងរដែលមិនអាចព្យាបាលបាន ទើបចំណាយពេលវេលា និងលុយកាក់លើការពិនិត្យសុខភាពញឹកញាប់ជ្រុលទៅតាមអារម្មណ៍របស់ខ្លួន។
១.ធ្វើម៉េចដឹងថាយើងមានជំងឺថប់បារម្ភខាងសុខភាព?
ការព្រួយបារម្ភអំពីសុខភាព គឺមិនដូចគ្នាទៅនឹងជំងឺថប់បារម្ភខាងសុខភាពនោះទេ។ វាជារឿងធម្មតាប៉ុណ្ណោះ ដែលយើងគិតគូរដល់សុខភាពម្ដងម្កាល។ ប៉ុន្តែ សម្រាប់អ្នកមានជំងឺថប់បារម្ភខាងសុខភាពវិញ ងាយនឹងយល់ឃើញខុសអំពីរោគសញ្ញាធម្មតា ឬស្រាល ថាជារឿងធ្ងន់ធ្ងរ។ អ្នកជំងឺនេះ ជាទូទៅ មានរោគសញ្ញាដូចខាងក្រោម៖
- ភ័យខ្លាចថាខ្លួនឯងឈឺ ទោះគ្មានរោគសញ្ញា
- ទោះជាគ្រូពេទ្យបញ្ជាក់ថា មិនមានជំងឺអ្វីក៏ដោយ ក៏នៅតែមានអារម្មណ៍អន្ទះអន្ទែងនៅមិនសុខ
- ចេះតែស្វែងរកព័ត៌មានសុខភាពលើប្រព័ន្ធអនឡាញ
- អានអត្ថបទទាក់ទងនឹងជំងឺណាមួយ ហើយចាប់ផ្ដើមព្រួយបារម្ភថាខ្លួនកើតជំងឺនោះ
- ការព្រួយបារម្ភពីបញ្ហាសុខភាពកំពុងតែជ្រៀតជ្រែកក្នុងជីវិត គ្រួសារ ការងារ ឬចំណង់ចំណូលចិត្ត ក៏ដូចជាសកម្មភាពប្រចាំថ្ងៃ។
២.ការព្យាបាលជំងឺថប់បារម្ភខាងសុខភាព
ជាទូទៅ អ្នកមានជំងឺនេះ តែងជួបប្រទះបញ្ហាសុខភាពផ្លូវចិត្ត ដូចជាការធ្លាក់ទឹកចិត្ត រសាប់រសល់ និងស្រ្តេសជាដើម។ ដូចនេះហើយ មានតែការព្យាបាលដោយប្រើថ្នាំ និងព្យាបាលផ្នែកចិត្តសាស្ត្រប៉ុណ្ណោះ ដែលអាចជួយយើងក្នុងការគ្រប់គ្រង និងបំភ្លេចចោលនូវទុក្ខកង្វល់ទាំងនោះបាន។
៣.ព្យាបាលផ្នែកចិត្តសាស្ត្រ
ការព្យាបាលប្រភេទនេះ ពិតជាមានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺថប់បារម្ភខាងសុខភាព ដោយសារតែវាផ្ដល់នូវគន្លឹះផ្សេងៗក្នុងការគ្រប់គ្រងជំងឺថប់បារម្ភបានល្អ។ អត្ថប្រយោជន៍នៃការព្យាបាលផ្នែកចិត្តសាស្ត្រមានដូចជា៖
- កំណត់នូវការព្រួយបារម្ភ និងជំនឿផ្សេងៗទាក់ទងនឹងផ្នែកសុខភាព
- ធ្វើឲ្យយើងយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់នៃការព្រួយបារម្ភ
- រៀនចេះពីរបៀបគ្រប់គ្រងបញ្ហាថប់បារម្ភ និងស្រ្តេស
- ជំរុញការបំពេញមុខងារទាំងនៅផ្ទះ កន្លែងធ្វើការ សាលារៀន ឬសង្គមខាងក្រៅ ក៏ដូចជាបង្កើនទំនាក់ទំនងជាមួយអ្នកដទៃ។
- ត្រួតពិនិត្យថាតើអ្នកមានបញ្ហាសុខភាពផ្លូវចិត្ត ដូចជាការធ្លាក់ទឹកចិត្តដែរឬទេ។
៤.ការប្រើប្រាស់ថ្នាំ
ជាមួយគ្នានេះដែរ ប្រសិនបើការព្យាបាលផ្នែកចិត្តសាស្ត្រតែមួយមុខ មិនអាចធ្វើឲ្យជំងឺនេះបានធូរ ស្បើយទេនោះ អ្នកជំងឺអាចនឹងឈានដល់ការប្រើប្រាស់ថ្នាំបន្ថែម។ ប៉ុន្តែ ការប្រើថ្នាំព្យាបាលជំងឺថប់បារម្ភខាងសុខភាពនេះ ក៏អាចមានហានិភ័យធ្ងន់ធ្ងរ និងមានផលប៉ះពាល់ជាច្រើនផងដែរ។ ដូច្នេះហើយ យើងគួរតែពិភាក្សាជាមួយនឹងគ្រូពេទ្យឲ្យបានម៉ត់ចត់ជាមុនសិនមុននឹងធ្វើការព្យាបាលប្រភេទនេះ។