ក្អកអាចជួយកម្ចាត់ស្លេស្មពីបំពង់ក និងការរលាកផ្សេងៗ ប៉ុន្តែបើក្អកមិនឈប់អាចបង្កជាការរំខានមួយ។ ក្អកអាចបង្កដោយអាលែកហ្សី ការឆ្លងវីរុស ឬបាក់តេរីជាដើម។ ជាទូទៅយើងអាចព្យាបាលអាការៈក្អកបង្កដោយជំងឺផ្ដាសាយ អាលែកហ្សី និងការឆ្លងមេរោគនៅតំបន់ sinus បានដោយប្រើថ្នាំ ប៉ុន្តែក៏មានវិធីមួយចំនួនអាចជួយសម្រួលអាការៈនេះបានខ្លះដែរ ក្នុងករណីមិនប្រើថ្នាំពេទ្យ។
១. ទឹកឃ្មុំ
ទឹកឃ្មុំក៏ត្រូវគេប្រើសម្រាប់អាការៈឈឺកដែរ។ តាមការសិក្សាមួយបង្ហាញថាទឹកឃ្មុំក៏អាចសម្រាលអាការៈក្អកបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ យើងអាចសម្រាលអាការៈក្អកបានដោយលាយទឹកឃ្មុំ២ស្លាបព្រាកាហ្វេជាមួយនឹងទឹកក្ដៅឧណ្ហៗ និងអាចថែមទឹកក្រូចឆ្មារក៏បាន។
២. ខ្ញី
ខ្ញីអាចបំបាត់អាការៈក្អកស្ងួត ព្រោះខ្ញីមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ហើយក៏ជួយបំបាត់អាការៈចង្អោរ និងការឈឺចាប់ដែរ។ ការសិក្សាមួយបានអះអាងសារធាតុប្រឆាំងការរលាកក្នុងខ្ញីអាចសម្រួលដល់ភ្នាសនៅផ្លូវដង្ហើមដែលអាចកាត់បន្ថយអាការៈក្អកបាន។ យើងអាចធ្វើទឹកខ្ញីបានដោយដាក់ខ្ញីស្រស់២០ទៅ៤០ក្រាមទៅក្នុងទឹកក្ដៅមួយពែង និងទុកចោលមួយសន្ទុះ។ យើងក៏អាចថែមទឹកឃ្មុំ ឬទឹកក្រូចឆ្មារដែរ។