backup og meta

ផោម ជារឿងធម្មតា តែបើផោមញឹក មានក្លិនស្អុយខ្លាំងទៀតអាចជាបញ្ហាសុខភាព

ផោម ជារឿងធម្មតា តែបើផោមញឹក មានក្លិនស្អុយខ្លាំងទៀតអាចជាបញ្ហាសុខភាព

ផោម​ ឬការ​ដើរខ្យល់​នេះ​គឺជា​រឿង​ធម្មតា​មួយ ហើយ​ការ​ផោម​ក៏​ជា​រឿង​មួយ​ល្អ​ដែរ​ព្រោះ​ការ​ផ្តុំ​ជាតិ​ហ្គាស​ក្នុង​ពោះ​អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ហើម​ពោះ​បាន​។ ទោះបីជា​ផោម​ជា​រឿង​ធម្មតា ប៉ុន្តែ​យើង​ក៏​មិន​គួរ​មើល​រំលង​ទៅ​លើ​ក្លិន ភាព​ញឹកញាប់ ឬ​អាការៈ​ផ្សេងៗ​ដែរ​ព្រោះ​នេះ​អាច​បង្ហាញ​ពី​បញ្ហា​ណា​មួយ​នៃសុខ​ភាព​​រាងកាយ។

១. ផោម​ច្រើន​ប៉ុន្តែ​ទល់លាមក

ការ​ផោម​ច្រើន​ហើយ​មាន​បញ្ហា​ទល់លាមក​អាច​មក​ពី​យើង​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ច្រើន​ពេក។ ការ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ច្រើន​ពេក​អាច​បង្ក​ឲ្យ​មាន​ជាតិ​ហ្គាស ហើម​ពោះ ឈឺ​ពោះ និង​ទល់​លាមក។ នេះ​មក​ពី​ជាតិ​សរសៃ​ជួយ​ពង្រឹង​លាមក ហើយ​ការ​ញ៉ាំ​ច្រើន​ធ្វើ​ឲ្យ​លាមក​រឹង​ខ្លាំង និង​ពិបាក​បត់​ជើង។ ដើម្បី​បន្ថយ​អាការៈ​នេះ យើង​អាច​ផឹក​ទឹក​បន្ថែម និង​បន្ថយ​អាហារ​ជាតិ​​សរសៃ​​ម្ដង​បន្តិច​ៗ​។ ក្នុង​មួយ​ថ្ងៃ​យើង​គួរ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ពី​២៥​ទៅ​២៩​ក្រាម​ នេះបើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក។

២. ផោម​ញឹកញាប់​ទាំង​ថ្ងៃ និង​យប់

មូលហេតុ​នៃ​បញ្ហា​នេះ​គឺ​ដោយសារ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ដូចជា​ពួក​សូដា និងស្រា​បៀរ​ជាដើម។ ភេសជ្ជៈ​ប្រភេទ​នេះ​អាច​បន្ថែម​ខ្យល់​ក្នុង​ក្រពះ​ពោះវៀន និង​ធ្វើ​ឲ្យ​យើង​ផោម​ញឹកញាប់។ ដើម្បី​កាត់បន្ថយ​អាការៈ​នេះ​ យើង​អាច​កាត់បន្ថយ​ការ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស។ ប្រសិន​ជា​យើង​មិន​ច្បាស់​ថា​អាការៈ​បង្ក​ដោយសារ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស យើង​អាច​កំណត់​សម្គាល់​ទៅ​លើ​អាហារ​​ដែល​យើង​ញ៉ាំ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៣. មាន​ក្លិន​ស្អុយ​ខ្លាំង

ប្រសិនជា​ផោម​មាន​ក្លិន​ស្អុយ​ខ្លាំង នេះ​អាច​មក​ពី​អាហារ​មាន​ជាតិ​ស្ពាន់ធ័រ (sulfur ) ច្រើន។ អាហារ​មាន​ជាតិ​ស្ពាន់ធ័រ​ច្រើន​មាន​ដូចជា​ផ្កាខាត់ណា​ខៀវ ផ្កាខាត់ណា ខ្ទឹមស ខ្ទឹមបារាំង ឈីស ពពួក​គ្រាប់​សណ្ដែក ផ្លែឈើ​ក្រៀម និង​ស្រាទំពាំងបាយជូរ​ជាដើម។ ជាទូទៅ​ នេះ​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​បើ​យើង​មាន​អាការៈ​នេះជាប់ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ព្រោះ​ក្លិន​បែប​នេះ​អាច​​ទាក់ទង​នឹង​ជំងឺ​រលាក​ពោះវៀន។​

៤. ផោម​មាន​ក្លិន​ស្អុយ និង​អាការៈ​ឈឺពោះ

ការ​ផោម និង​ការមាន​អាការៈ​ឈឺពោះ​ក្នុង​ពេល​តែ​មួយ​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​អាច​មក​ពី​អាលែកហ្សី​នឹង​អាហារ​ណា​មួយ។ ឧទាហរណ៍​ដូចជា​ពេល​ផឹក​ទឹកដោះគោ ឬ​ញ៉ាំ​ឈីស​រួច​មាន​អាការៈ​ឈឺ​ពោះ និង​ផោម​​ច្រើន​​ហើយ​មាន​ក្លិន​ស្អុយ នេះ​អាច​មក​ពី​យើង​អាលែកហ្សី​នឹង​ជាតិ​ឡាក់តូស (Lactose)។ យើង​អាច​ដក​ចេញ​ផលិតផល​ទឹកដោះគោ​ផ្សេងៗ​ពី​របប​អាហារ​ដើម្បី​បំបាត់​អាការៈ​​នេះ។ ប៉ុន្តែ​ក្នុង​ករណី​អាការៈ​នេះ​នៅ​តែ​បន្ត​មាន​ក្រោយ​ពី​ឈប់​ញ៉ាំ​ផលិតផល​ទឹកដោះគោ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៥. ផោម និង​បន្ទោរ​បង់​ច្រើន​ ឬ​តិច​ជាង​ធម្មតា

ការ​ស្ត្រេស​ខ្លាំង​ក៏​អាច​ប៉ះពាល់​ដល់​ផោម​ដែរ។ នៅ​ពេល​យើង​ស្ត្រេស​ខ្លាំង យើង​អាច​ងាក​ទៅ​ញ៉ាំ​អាហារ​មួយ​ចំនួន​ដែល​យើង​មិន​ធ្លាប់​ញ៉ាំ​ពី​មុន​មក​ដូចជា​អាហារ​កែច្នៃ និង​ញ៉ាំ​ការ៉េម​ពេល​យប់​ជ្រៅ​ជាដើម​ ដែល​ទាំង​នេះ​សុទ្ធ​តែ​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ។ ស្ត្រេស​ក៏​អាច​ធ្វើ​ឲ្យ​យើង​ស្រូប​ខ្យល់​ច្រើន​ចូល​ពោះ​​ដោយ​មិន​ដឹង​ខ្លួន។ ម៉្យាងទៀត អាការៈ​ថប់បារម្ភ​ក៏​ផ្តល់​ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន​ និង​​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​បន្ទោរ​បង់​ដែរ។ យើង​អាច​គ្រប់គ្រង​ស្ត្រេស​បាន​ដោយ​ធ្វើ​សមាធិ និង​ដក​ដង្ហើម​វែងៗ​ដើម្បី​បង្ការ​​ការ​ស្រូប​ខ្យល់​ចូល​ពោះ​​ច្រើន។

៦. ផោម​ច្រើន​ជាង​ធម្មតា និង​ក្លិន​ស្អុយ​យូរៗម្ដង

សម្រាប់​ស្រីៗ​អាច​នឹង​ផោម​ពេល​មាន​រដូវ​។ នេះ​មក​ពី​អ័រម៉ូន​អ៊ឺស្ត្រូសែន (estrogen) មាន​ការ​កើន​ឡើង​នៅ​ពេល​មាន​រដូវ ហើយ​ស្បូន​ក៏​ផលិត​ prostaglandins ដែល​ជួយ​ជម្រុះ​ជញ្ជាំង​ស្បូន។ ប៉ុន្តែ​បើ​ផលិត​សារធាតុ​នេះ​ច្រើន​ហើយ​សារធាតុ​នេះ​មាន​ទំនាក់ទំនង​​ជាមួយ​នឹង​ពោះវៀន​អាច​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ​ និង​ធ្វើ​ឲ្យ​ផោម​មាន​ក្លិន​ស្អុយ​ដែរ។ យក​ល្អ​អំឡុង​ពេល​មាន​រដូវ​ស្រីៗ​គួរ​ចៀសវាង​អាហារ​កែច្នៃ និង​ងាក​មក​ញ៉ាំ​អាហារ​ងាយ​រំលាយ​វិញ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.health.com/condition/digestive-health/what-farts-say-about-your-health

កំណែ​ប្រែបច្ចុប្បន្ន

11/08/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុង​មានបញ្ហាប្រព័ន្ធរំលាយអាហារហើយ

ពេលកំពុងបៅ ហេតុអីទារកមានខ្យល់ក្នុងពោះ?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម