នៅពេលដែលយើងនៅក្បែរ ឬហិតក្លិនសំរាមចូលទៅក្នុងខ្លួនយូរៗទៅ សុខភាពនឹងចុះទ្រុឌទ្រោម ងាយប្រឈមនឹងជំងឺផ្សេងៗមិនខាន។ ក្រៅពីបង្កជាជំងឺប៉ះពាល់សុខភាព ការចោលសំរាមដោយគ្មានសណ្ដាប់ធ្នាប់ ក៏អាចបង្កជាគ្រោះថ្នាក់ជាយថាហេតុណាមួយដល់មនុស្សយើងគ្រប់បានផងដែរដូច៖
១.ឆ្លងមេរោគ៖
– ឆ្លងមេរោគដល់ស្បែក ឬឈាម (បើយើងប៉ះពាល់នឹងសំរាមផ្ទាល់ ឬប៉ះពាល់ពេលមានដំបៅ)
– ឆ្លងមេរោគភ្នែក និងប្រព័ន្ធផ្លូវដង្ហើម
– កើតជំងឺផ្សេងៗ (បើយើងត្រូវសត្វស៊ីសំរាមជាអាហារខាំ ដូចជាកណ្ដុរ។ល។)
– ឆ្លងមេរោគដល់ក្រពះ-ពោះវៀន (តាមរយៈសត្វរុយទុំលើសំរាម រួចទុំលើចំណីអាហារយើងញ៉ាំ)
២.ជំងឺរ៉ាំរ៉ៃ
អ្នកធ្វើការជាមួយសំរាមច្រើន អាចប្រឈមនឹងបញ្ហាផ្លូវដង្ហើមរ៉ាំរ៉ៃ ឬអាចឈានដល់កើតជំងឺមហារីកក៏មាន។
វេជ្ជបណ្ឌិតរូបនេះ បញ្ជាក់ថា ដើម្បីការពារផលប៉ះពាល់ទាំងនេះ ដល់ខ្លួនយើងផ្ទាល់ ក៏ដូចជាមនុស្សគ្រប់រូបដែលរស់នៅជុំវិញខ្លួន យើងត្រូវរៀបចំទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់ល្អ ទើបធានាបាននូវសុខភាពល្អ ហើយកន្លែងយើងរស់នៅក៏មានសោភណ្ឌភាពស្អាត។
យកល្អ បើអាចគួរបែងចែកសំរាមស្ងួត សើម ប្លាស្ទីក ឬកែវស្រួច តាមដែលអាចធ្វើទៅបាន ដើម្បីសម្រួលដល់អ្នកប្រមូលសំរាម ហើយយើងក៏អាចជួយបង្ការគ្រោះថ្នាក់ផ្សេងៗមិនឲ្យកើតឡើងបានដែរ។