១- តើក្អកជាអ្វី?
ក្អកគឺជាវិធីមួយដែលរាងកាយបញ្ចេញដើម្បីកម្ចាត់ចោលសារធាតុដែលនាំឲ្យរមាស់ ឬដែលធ្វើឲ្យរលាក។ នៅពេលដែលមានអ្វីមួយធ្វើឲ្យរមាស់នៅក្នុងបំពង់ក ឬនៅក្នុងផ្លូវដង្ហើម ប្រព័ន្ធប្រសាទនឹងបញ្ជូនព័ត៌មានដល់ខួរក្បាលឲ្យធ្វើការកន្ត្រាក់សាច់ដុំនៅត្រង់ពោះ និងទ្រូងរបស់យើងដើម្បីបញ្ចេញសារធាតុនោះចេញមកក្រៅ។ ការក្អក គឺជារេផ្លេចមួយដ៏សំខាន់ដើម្បីការពាររាងកាយយើងពី សារធាតុបង្កឲ្យរមាស់ដូចជា៖
-ស្លេស្ម
-ផ្សែង
-សារធាតុបង្កអាល្លែកហ្ស៊ីដូចជា ធូលី លំអងផ្កា និងផ្សិត
ការក្អក គឺជារោគសញ្ញានៃជំងឺជាច្រើន ពេលខ្លះលក្ខណៈនៃការក្អករបស់យើងអាចធ្វើឲ្យយើងយល់ខ្លះពីមូលហេតុដែលបង្កទៀតផង។ ពេលខ្លះ នៅពេលដែលមានអ្វីមួយស្លាក់នៅផ្លូវដង្ហើម វាក៏អាចបង្កឲ្យយើងក្អកបានដែរ។ ខាងក្រោមនេះ គឺជាប្រភេទនៃការក្អកមួយចំនួនដែលងាយស្រួលក្នុងការចំណាំ។
២-ក្អកមានស្លេស្ម
ក្អកមានស្លេស្ម គឺជាការក្អកដែលយើងអាចខាកយកស្លេស្មចេញមកក្រៅបាន។ ការក្អករបៀបនេះ ច្រើនកើតឡើងនៅអំឡុងយើងមានជំងឺផ្ដាសាយ ហើយស្លេស្មដែលចេញមកនោះអាចតិចឬច្រើន ដោយអមជាមួយនឹងរោគសញ្ញាមួយចំនួនដូចជា៖
-ហៀរសំបោរ
-តឹងច្រមុះ ដោយសារស្លេស្ម
-អស់កម្លាំង
ការក្អកបែបនេះ គឺដោយសារតែរាងកាយត្រូវការបញ្ចេញស្លេស្មដែលកកច្រើនក្នុងប្រព័ន្ធផ្លូវដង្ហើមចេញមកក្រៅ។ ដូចនេះ ហើយនៅពេលដែលមានក្អកស្លេស្ម គឺយើងនឹងមានអារម្មណ៍ថាដូចជាមានអ្វីមួយនៅខាងក្រោយបំពង់ក ឬទ្រូង ហើយពេលក្អកម្ដងៗស្លេស្មនឹងចេញមកតាមមាត់របស់យើង។
ជាធម្មតាការក្អកស្លេស្ម ប្រសិនបើជាការក្អកស្រួចស្រាល់ គឺមានរយៈពេលយូរបំផុតត្រឹម ៣ សប្ដាហ៍ប៉ុណ្ណោះ ប៉ុន្តែបើសិនជាក្អករ៉ាំរ៉ៃវិញ គឺអាចមានរយៈពេលយូរជាង៨ សប្ដាហ៍ចំពោះមនុស្សធំ និង៤ សប្ដាហ៍ចំពោះកូនក្មេង។
ជំងឺ មួយចំនួនដែលអាចបង្កជាក្អកស្លេស្មរួមមាន៖
-ជំងឺផ្ដាសាយ
-ជំងឺរលាកសួត
–ជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) រួមទាំងបញ្ហា ខ្យល់ចូលស្រោមសួត និងរលាកទងសួត។
-រលាកទងសួតស្រួចស្រាល់
-ជំងឺហឺត
៣-ក្អកស្ងួត
ការក្អកស្ងួតគឺជាការក្អកដែលមិនមានឡើងស្លេស្មចេញមកទេ។ ក្អកស្ងួតជាទូទៅ ពិបាកគ្រប់គ្រងណាស់ហើយច្រើនកើតឡើងរយៈពេលយូរទៀតផង។ ការក្អកស្ងួត គឺកើតឡើងដោយសារតែការរលាក ឬរមាស់នៅក្នុងបំពង់ផ្លូវដង្ហើម ប៉ុន្តែមិនបង្កឲ្យមានស្លេស្មច្រើន ដើម្បីក្អកបញ្ចេញទេ។ ក្អកស្ងួតភាគច្រើនកើតឡើងដោយសារតែការបង្ករោគនៅលើផ្លូវដង្ហើមផ្នែកខាងលើ។ ជាធម្មតាក្រោយពេលជាសះស្បើយពីជំងឺផ្ដាសាយទាំងមនុស្សពេញវ័យនិងកុមារ គឺសុទ្ធតែមានក្អកស្ងួតប្រហែលជាពីរទៅបីសប្ដាហ៍ ទៀត។
ជំងឺនិងបញ្ហាសុខភាពមួយដែលអាចបង្កឲ្យមានក្អកស្ងួតរួមមាន៖
-រលាកបំពង់ក
-ឈឺក
-រលាកក្រពេញអាមីដាល់
-រលាក sinus
-ជំងឺហឺត
-បញ្ហាអាល្លែកហ្ស៊ី
–ជំងឺចាល់អាស៊ីដក្រពះ (GERD)
-ការប្រើប្រាស់ថ្នាំពេទ្យ ជាពិសេសក្រុមថ្នាំជំងឺលើសឈាម ពពួក ACE inhibitor។
-ប៉ះពាល់ខ្យល់អាកាសមិនល្អ ដូចជាមានការបំពុលខ្យល់ ធូលី និងផ្សែងជាដើម។
នៅមានអាការៈក្អកផ្សេងទៀតដែលមិនបានរៀបរាប់ខាងលើ ដូចនេះប្រសិនបើគ្នាយើងមានអាការៈក្អកហើយពិបាកដកដង្ហើមសូមពិគ្រោះជាមួយគ្រូពេទ្យភ្លាម។
[embed-health-tool-vaccination-tool]