គ្នាយើងប្រហែលជាធ្លាប់ជួបហើយ បញ្ហាភាគល្អិតនៃធូលី ឬសត្វល្អិតចូលភ្នែក ហើយតាមទម្លាប់ ភ្លាមៗយើងតែងតែយកដៃញីភ្នែក ឬយកកន្សែងផ្ដិតចេញវិញ។ ប៉ុន្ដែទម្លាប់ទាំងនេះ អាចបណ្ដាលឲ្យយើងហូរទឹកភ្នែក ភ្នែកឆ្លងមេរោគពីដៃ ឬកន្សែង ដែលប៉ះពាល់ភ្នែករបស់យើង។
១. ដំណាក់កាលដំបូង
មុនចាប់ផ្ដើម មានរឿងមួយចំនួនដែលត្រូវចងចាំ៖
- កុំញីភ្នែក ព្រោះវាអាចបណ្ដាលឲ្យធូលី ឬសត្វល្អិត កោសនឹងផ្ទៃកែវភ្នែក ហៅថា Corneal Abrasion
- កុំប្រើសំឡី ឬវត្ថុស្រួច ដូចជា ប្រដាប់ដកសក់ ឬរោម ទៅប៉ះនឹងគ្រាប់ភ្នែក
- លាងដៃឲ្យស្អាត មុនប៉ះពាល់កែវភ្នែក
- ប្រសិនយើងពាក់ឡែន យើងត្រូវដោះវាចេញសិន។
២. វិធីពិនិត្យភ្នែក
- បើកភ្នែកឲ្យធំ នៅមុខកញ្ចក់
- ទាញត្របកភ្នែកខាងក្រោម ចុះក្រោម និងពិនិត្យមើលនៅលើកញ្ចក់
- រុញត្របកភ្នែកខាងលើឡើងលើ និងពិនិត្យមើលនៅលើកញ្ចក់។
៣. វិធីយកធូលី ឬសត្វល្អិត ចេញពីភ្នែក
ប្រសិនបើយើងឃើញធូលី ឬសត្វល្អិត នៅក្នុងភ្នែក មានវិធីមួយចំនួន ដែលយើងអាចយកវាចេញបាន។
- ប្រសិនបើវាជាប់នៅក្នុងត្របកភ្នែកខាងលើ ទាញត្របកភ្នែកខាងលើ ចុះមកក្រោម លើត្របកភ្នែកខាងក្រោម។ នៅពេលយើងលែងត្របកភ្នែក ឲ្យត្រឡប់ទៅវិញ ធូលី និងសត្វល្អិត នឹងចេញមកក្រៅ។
- ប្រសិនបើវាជាប់នៅក្នុងត្របកភ្នែកខាងក្រោម ទាញត្របកភ្នែកចុះក្រោម និងសង្កត់ឲ្យជាប់ ដូច្នេះយើងអាចឃើញផ្នែកពណ៌ផ្កាឈូក នៅក្នុងត្របកភ្នែក។ ប្រសិនបើយើងឃើញធូលី ឬសត្វល្អិត យើងអាចប្រើដុំសំឡី ដើម្បីផ្អិត ឬជូតចេញបាន។
ករណីខ្លះ យើងត្រូវប្រើទឹកស្អាត ឬសេរ៉ូមប្រៃ ដើម្បីជួយសម្អាត និងយកធូលី ចេញពីភ្នែក។ ករណីទាំងនោះ មានដូចជា៖
- ពេលធូលីក្នុងភ្នែក មិនចេញមកខាងក្រៅ
- ពេលមានធូលីច្រើនជាប់នៅក្នុងភ្នែក
- ពេលសារធាតុគីមី ចូលក្នុងភ្នែក។
៤. ករណីធ្ងន់ធ្ងរ ត្រូវជួបគ្រូពេទ្យ
- ពេលសារធាតុគីមីគ្រោះថ្នាក់ ចូលក្នុងភ្នែក
- ពេលយើងមិនអាចយកធូលី ឬសត្វល្អិតចេញពីភ្នែក
- ប្រសិនយើងមានអារម្មណ៍ថា ធូលី និងសត្វល្អិត ស្ថិតនៅក្នុងភ្នែករបស់យើង ទោះយើងបានយកវាចេញហើយក៏ដោយ
- ពេលភ្នែកចេញឈាម
- ពេលភ្នែករបស់យើងប្រែទៅជាស្រវាំងជាងមុន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]