ក្នុងតំបន់អាស៊ីអាគ្នេយ៍យើង មនុស្សវ័យចំណាស់ដែលជួបបញ្ហាសុខភាពដោយសារតែជំងឺរលាកសួត មានការកើនឡើង គួរឱ្យកត់ សម្គាល់ ហើយដើម្បីបញ្ចៀសបញ្ហាមួយនេះ ការចាក់វ៉ាក់សាំងបង្ការសម្រាប់មនុស្សពេញវ័យ ពិតជាមានសារៈសំខាន់ណាស់។ ជាក់ស្តែង វ៉ាក់សាំងបង្ការជំងឺរលាកសួត អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពារយើងពីការឆ្លងមេរោគធ្ងន់ធ្ងរដូចជា ជំងឺរលាកសួត រលាកស្រោមខួរ និងការឆ្លងមេរោគតាមចរន្តឈាមជាដើម។
យើងអាចការពារជំងឺរលាកសួតដោយវិធីណា?
ការចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួត អាចជួយឱ្យរាងកាយបង្កើតនូវការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ដោយជំរុញការផលិតអង់ទីក័រប្រឆាំងនឹងបាក់តេរី pneumococcus។ បន្ថែមពីលើការចាក់ថ្នាំបង្ការជំងឺរលាកសួត ការប្រកាន់នូវអនាម័យល្អ ដូចជាការលាងសម្អាតដៃញឹកញាប់ ពាក់ម៉ាសក្នុងរដូវផ្តាសាយ និងជៀសវាងការជក់បារី ក៏អាចកាត់បន្ថយឱកាសនៃការឆ្លងបានយ៉ាងច្រើនដូចគ្នា។























