សុខភាពផ្លូវភេទ ជាផ្នែកសំខាន់មួយនៃសុខភាពទូទៅដែលគ្នាយើងមិនគួរមើលរំលង ហើយសុខភាពផ្លូវភេទនៅតែជាប្រធានបទមួយដែលមនុស្សមួយចំនួនមិនទាន់ហ៊ាននិយាយចំៗនៅឡើយដោយសារភាពអៀនខ្មាស។ ប៉ុន្តែយើងត្រូវដឹងថា ការដែលយល់ដឹងបានច្រើនពីបញ្ហាសុខភាពផ្លូវភេទ យើងអាចរួចផុតពីជំងឺឆ្លង និងសកម្មភាពផ្លូវភេទប្រថុយប្រថានណាដែលងាយបង្កហានិភ័យដល់យើង។
កម្មវិធីពិនិត្យសុខភាពក្រពេញប្រូស្តាតអនឡាញ
អ្វីទៅជាសកម្មភាពផ្លូវភេទប្រថុយប្រថាន?
អាកប្បកិរិយា ឬសកម្មភាពផ្លូវភេទប្រថុយប្រថាន ជាសកម្មភាពបង្កើនហានិភ័យដែលមនុស្សប្រឈមនឹងការឆ្លងជំងឺកាមរោគ មានផ្ទៃពោះដោយមិនបានគ្រោងទុក ឬចូលប្រលូកនឹងរឿងផ្លូវភេទមុនគ្រប់អាយុ។ ចំពោះបញ្ហាអាកប្បកិរិយាផ្លូវភេទប្រថុយប្រថាននេះ ក្មេងៗវ័យជំទង់ និងមនុស្សពេញវ័យងាយប្រឈមនឹងផលវិបាកច្រើនជាងគេ។
ឧទាហរណ៍នៃសកម្មភាពផ្លូវភេទប្រថុយប្រថានដែលមានហានិភ័យខ្ពស់រួមមាន៖
រួមភេទដោយមិនការពារ (មិនប្រើស្រោមអនាម័យ) លើកលែងតែក្នុងទំនាក់ទំនងដៃគូតែមួយយូរអង្វែង រួមភេទដោយប្រើមាត់ នឹងប្រដាប់បន្តពូជដោយមិនបានការពារ រួមភេទដោយមានដៃគូច្រើននាក់ សកម្មភាពផ្លូវភេទមុនគ្រប់អាយុ (១៨ឆ្នាំ) មានដៃគូរួមភេទដែលមានហានិភ័យខ្ពស់ (អ្នកដែលមានដៃគូរួមភេទច្រើន ឬកត្តាហានិភ័យផ្សេងទៀត) រួមភេទតាមរន្ធគូទ មានដៃគូរួមភេទដែលប្រើប្រាស់គ្រឿងញៀន (ពិសេសចាក់ថ្នាំញៀនចូលខ្លួន) ការប្រកបរបរផ្លូវភេទជាដើម។ សកម្មភាពផ្លូវភេទប្រថុយប្រថាន អាចមានផលវិបាកអវិជ្ជមានជាច្រើន ដែលប៉ះពាល់ដល់ខ្លួនយើង និងអ្នកសដទៃទៀត។ អាកប្បកិរិយាផ្លូវភេទប្រថុយប្រថាននេះ ក៏អាចបំផ្លាញដល់ការគោរពខ្លួនឯង មុខរបរការងារ សុខភាព និងងាយឆ្លងមេរោគអេដស៍ ជំងឺរលាកថ្លើម ការឆ្លងជំងឺកាមរោគផ្សេងទៀត ឬអាចចម្លងទៅដៃគូ។
ការយល់ដឹងពីសុខភាពផ្លូវភេទមានឥទ្ធិពលវិជ្ជមាន ដែលគ្នាយើង ពិសេសក្មេងៗវ័យជំទង់គួរស្វែងយល់កាន់តែច្បាស់ ដើម្បីជាប្រយោជន៍ដល់សុខភាពបន្តពូជ។ ការអប់រំផ្លូវភេទ ទាំងនៅក្នុង និងក្រៅសាលារៀន មិនបង្កើនចំណង់ធ្វើសកម្មភាពផ្លូវភេទដូចដែលមនុស្សភាគច្រើនគិតឡើយ។