សុខភាពផ្លូវភេទ ទោះបីទើបពេញវ័យមិនធ្លាប់ឆ្លងកាត់ ក៏អាចយល់បានខ្លះៗដែរ ឬគួរស្វែងយល់ឲ្យច្បាស់ ព្រោះវាសំខាន់សម្រាប់ជីវិតរស់នៅទៅថ្ងៃមុខ។ ចុះស្គាល់ថ្នាំ Pink Viagra ដែរអត់? គេប្រើសម្រាប់ធ្វើអី? “Hello គ្រូពេទ្យ” នឹងលម្អិតពេលនេះតែម្តង។
១- បញ្ហាអសមត្ថភាពផ្លូវភេទលើស្រីៗ
បញ្ហាអសមត្ថភាព និងបាត់បង់ចំណង់ផ្លូវភេទចំពោះប្រុសៗ ហាក់មិនសូវជាគួរឲ្យបារម្ភប៉ុន្មានទេ ព្រោះមានការសិក្សាជាច្រើន រកឃើញពីវិធីព្យាបាល ដូចជា ប្រើថ្នាំប្រើឧបករណ៍ជំនួយ ឬវះកាត់កែលម្អជាដើម។ ប៉ុន្តែបើបញ្ហាកើតលើស្រីៗ គឺជារឿងឈឺក្បាលសម្រាប់អ្នកវិទ្យាសាស្រ្ត ព្រោះបច្ចុប្បន្ននៅមិនទាន់ដឹងថា ចំណង់ផ្លូវភេទធម្មតារបស់ស្រីៗ មានដល់កម្រិតណា ហើយថ្នាំជំនួយត្រូវបញ្ចេញសកម្មភាពលើសរីរាង្គមួយណា ត្រូវប្រើថ្នាំប៉ុន្មានទើបគ្រប់ ដើម្បីដោះស្រាយបញ្ហានេះបាន។
២- ថ្នាំ Pink Viagra ខុសគ្នាពីថ្នាំ Viagra
គ្មានអ្វីគួរឲ្យសង្ស័យទៀតទេ Viagra ជាថ្នាំជំនួយផ្លូវភេទសម្រាប់ប្រុសៗ អ៊ីចឹង Pink Viagra ច្បាស់ជាថ្នាំសម្រាប់ស្រីៗមិនខាន។ យ៉ាងណា ថ្នាំនេះមានសកម្មភាពខុសពី Viagra ដោយសារតែវាបង្កើនចំណង់ផ្លូវភេទ តាមរយៈការភ្ញោចប្រព័ន្ធប្រសាទនៅក្នុងខួរក្បាលទៅវិញ។ ថ្នាំនេះធ្វើឲ្យកម្រិតសេរ៉ូតូនីន ក្នុងរាងកាយថយចុះមួយរយៈ នាំឲ្យគេជឿថា ប្រសិទ្ធភាពនេះនឹងជួយឲ្យចំណង់ផ្លូវភេទស្រីៗកើនឡើងបាន។