លោកយាយ លោកតា ដែលចំណាយពេលនៅជាមួយចៅៗ មើលថែពួកគេ នឹងទទួលគុណប្រយោជន៍មួយចំនួនដល់សុខភាព ដោយបានបង្កើននូវទំនាក់ទំនងក្នុងសង្គម និងបាត់ភាពឯកា។
ក្រុមអ្នកវិទ្យាសាស្រ្តបានអះអាងដូចខាងលើនេះ បន្ទាប់ពីបានសិក្សាទៅលើមនុស្សចាស់ ប្រមាណ ៤ពាន់នាក់ តាមរយៈការស្ទង់មតិលើក្រដាសសំណួរ។ នៅក្នុងចម្លើយស្ទង់មតិ ភាគច្រើនបានបង្ហាញថា ចាស់ៗដែលសកម្ម នឹងចំណាយពេលមើលចៅៗរបស់ខ្លួន មានកម្រិតភាពឯកាតិចជាង បើប្រៀបធៀបនឹងលោកតាលោកយាយដែលចំណាយពេលជាមួយក្មេងៗបានតិចតួច។
លោកសាស្រ្តាចារ្យជនជាតិអាល្លឺម៉ង់ Eleanor Quirke ដែលដឹកនាំការស្រាវជ្រាវបានពន្យល់ថា៖ “ការមើលថែក្មេងៗមិនត្រឹមតែបានជួយសម្រាលកិច្ចការក្នុងគ្រួសារនោះទេ តែវាបានជួយឱ្យមនុស្សចាស់បង្កើនទំនុកចិត្តលើខ្លួនឯង ជាមួយនឹងកិច្ចការនោះ ជាហេតុនាំឱ្យពួកគាត់ចាកឆ្ងាយពីអារម្មណ៍ឯកា និងអារម្មណ៍ធ្លាក់ទឹកចិត្តទៀតផង។ បន្ថែមពីនេះលោកទាំងពីរ (យាយ និងតា) មើលថែចៅៗ អាចនឹងបង្កើនទំនាក់ទំនងនៅក្នុងសង្គមបន្ថែម តាមការរយៈការចែករំលែកបទពិសោធមើលថែក្មេងៗ’។
អត្ថបទពាក់ព័ន្ធ៖
- ជឿអត់ថា ទំនាក់ទំនងសង្គម ជួយមនុស្សចាស់ពីជំងឺភ្លេចភ្លាំង?
- មានចាស់ៗនៅផ្ទះ នេះជាវិធីការពារកុំឲ្យដួល នាំគ្រោះថ្នាក់ធំ
តាមរយៈលទ្ធផលនេះ ធ្វើឱ្យអ្នកវិទ្យាសាស្រ្តអះអាងថា ការមើលថែក្មេងៗ បានផ្តល់ឥទ្ធិពលល្អវិជ្ជមានដល់សុខភាពមនុស្សចាស់។ ការស្រាវជ្រាវខាងលើបានធ្វើឡើងដោយ ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Hamburg-Eppendorf ប្រទេសអាល្លឺម៉ង់ និងបានចុះផ្សាយក្នុងព្រឹត្តិបត្រវេជ្ជសាស្រ្ត British Medical Journal នៅប្រទេសអង់គ្លេសផងដែរ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]