backup og meta

ចាស់ៗឧស្សាហ៍ភ្លេចភ្លាំងគួរបង្កើនការចងចាំតាមវិធីណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 21, 2023

    ចាស់ៗឧស្សាហ៍ភ្លេចភ្លាំងគួរបង្កើនការចងចាំតាមវិធីណា?

    វ័យកាន់តែច្រើន បញ្ហាចៀសបំផុតមួយគឺ​ខួរក្បាលឧស្សាហ៍ភ្លេចភ្លាំង។ ភ្លេចមុខភ្លេចក្រោយ​​មិនលុះដូចជា មិនដឹង​ច្រឡំ​ដៃ​ទុក​សោរនៅឯណារកមិនឃើញជាដើម ដោយសារ​​តែខួរក្បាលយើងចុះខ្សោយ។ យើងគួរ​ធ្វើបែបម៉េច​ដើម្បី​បង្កើន​​ការចងចាំឡើងវិញ?

    របៀបរស់នៅប្រចាំថ្ងៃ និងរបបអាហារមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពខួរក្បាលរបស់យើង ដូច្នេះយើងត្រូវ៖

    ១. កាត់បន្ថយជាតិស្ករ និងអាហារកែច្នៃ

    យើងគួរចៀសវាងអាហារ ឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់ដូចជា ទឹកក្រូចកំប៉ុង នំ បង្អែម។ល។ និង​អាហារ​កែច្នៃដូចជា សាច់ក្រក សាច់កំប៉ុង ប្រហិត ព្រោះអាហារទាំងនេះអាច​ធ្វើឱ្យខួរក្បាល​យើង​រលាកដែលប៉ះពាក់ដល់មុខងារខួរក្បាល និងការចងចាំរបស់យើង។

    ២. ញុំាខ្លាញ់ល្អ

    យើងគួរញុំាខ្លាញ់ល្អ (អូមេហ្កា ៣) ដែលមានក្នុងអាហារដូចជា ប្រេងដូង ប្រេងអូលីវ គ្រាប់ផ្លែឈើ គ្រាប់​ធញ្ញជាតិ ស៊ុត ផ្លែប័រ ត្រីសាល់ម៉ុន ត្រីធូណាជាដើម ព្រោះអាស៊ីដខ្លាញ់អូមេហ្កា ៣ អាចជួយ​ឱ្យ​ជាលិកាខួរក្បាលដុះ​លូតលាស់ ជំរុញចលនាឈាមរត់ និងកាត់បន្ថយការរលាកក្នុងខួរក្បាល ។

    ៣. ព្យាបាលបញ្ហាក្រពេញទីរ៉ូអ៊ីត

    យើងត្រូវពិនិត្យសុខភាពក្រពេញទីរ៉ូអ៊ីត ព្រោះក្រពេញទីរ៉ូអ៊ីតគ្រប់គ្រងដំណើរការមេតាបូលីស (ដំណើរ​ការ​បំប្លែងអាហារទៅជាថាមពល)។

    ប្រសិន​​បើការបំប្លែងអាហាររបស់យើងលឿនពេក យើងអាច​​ច្របូកច្របល់ ហើយប្រសិនបើការបំប្លែងអាហារយឺតពេក យើងអាចអសកម្ម និង​​បាក់​ទឹក​ចិត្ត

    ការមានបញ្ហាក្រពេញទីរ៉ូអ៊ីតអាចបណ្តាល​ឱ្យយើងមានបញ្ហាក្នុងការចង​ចាំ​ដូចជា ភ្លេចភ្លាំង និងពិបាកក្នុងការ​ផ្តោត​អារម្មណ៍។

    ៤. កាត់បន្ថយស្ត្រេស

    ការមានភាពតានតឹងយូរអង្វែងប៉ះពាល់ដល់រាងកាយ និងមុខងារខួរក្បាលរបស់យើង។ យើង​អាច​កាត់បន្ថយស្រ្តេសតាមរយៈការដកដង្ហើមវែងៗ តាំងសមាធិ ហាត់យូហ្កា ស្តាប់តន្រ្តី ឬ​សម្រាក​លំហែ​ជាដើម។

    ៥. គេងឱ្យបានគ្រប់គ្រាន់

    តាមការ​សិក្សាបាន​បង្ហាញ​ថា ការ​គេង​មិន​គ្រប់គ្រាន់បង្កើន​ហានិភ័យ​ចុះខ្សោយខួរក្បាល និង​កើត​ជំងឺ​វង្វេង។ យើងគួរគេង​ឱ្យ​បាន​យ៉ាង​ហោច​​ណាស់ ៨ ម៉ោង​​ជា​រៀង​រាល់​យប់​ដើម្បី​ជួយ​ដល់​ការ​ចងចាំ​របស់យើង។​

    ៦. ហាត់ប្រាណជាប្រចាំ

    តាមការសិក្សាបង្ហាញថា ការហាត់ប្រាណអាចការពារ និងពន្យឺតល្បឿន​នៃការចុះខ្សោយ​របស់​ខួរក្បាល ព្រោះការហាត់ប្រាណបង្កើនរំហូរឈាមទៅកាន់រាងកាយទាំងមូល និងខួរក្បាលដែល​ជួយ​ដល់ការចង់ចាំរបស់យើង។ យើងគួរហាត់ប្រាណយ៉ាងតិចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍។

    ហាត់ប្រាណ

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់គណនាមហារីកសួត ចុចទីនេះ!

    ៧. កត់ត្រាទុក

    ពេលយើងនឹកឃើញចង់ធ្វើអ្វី មានណាត់ ឬមានកម្មវីធីអ្វីនៅថ្ងៃណា យើង​ត្រូវកត់ទុកក្នុង​កូន​សៀវភៅ ឬថតសំឡេងទុកដាក់ក្នុងទូរស័ព្ទដៃ។ ប្រសិនបើភ្លេច យើងអាចបើកសៀវភៅមើល ឬចាក់​សំឡេងស្តាប់បាន។

    ៨. ដាក់របស់របរតាមកន្លែង

    យើងត្រូវកំណត់កន្លែងដាក់របស់សំខាន់ៗ ឬរបស់ដែលត្រូវប្រើចាំបាច់ដូចជា សោ វ៉ែនតា កាបូប​លុយ​ជាដើម។ ពេលមកពីក្រៅវិញ ឬពេលប្រើហើយ យើងត្រូវទុកដាក់នៅកន្លែង​ដដែរវិញ​ដើម្បី​ចៀសវាងរង្វេងដៃ។

    ៩. រក្សាទំនាក់ទំនងក្នុងសង្គម

    ការរក្សាទំនាក់ទំនងក្នុងសង្គមអាចកាត់បន្ថយជំងឺបាក់ទឹកចិត្ត និងភាពតានតឹង ដែលជាហេតុធ្វើ​ឱ្យ​ការចងចាំយើងចុះខ្សោយ។ យើងអាចឧស្សាហ៍ជជែកលែងជាមួយអ្នកជិតខាង ​មិត្តភ័ក្ត​ ឬ​សាច់​ញាតិ ក៏ដូចជាចូលរួមកម្មវិធីនានាឱ្យបានច្រើន មិនថាកម្មវិធីបុណ្យទាន ឬការ​ទេ​ដើម្បី​​បង្កើន​ទំនាក់​ទំនង​ក្នុងសង្គម។

    ១០. ហ្វឹកហាត់ខួរក្បាល

    ការហ្វឹកហាត់ខួរក្បាលធ្វើឱ្យខួរក្បាលយើងមានសុខភាពល្អ និងជួយបង្កើន​ការចងចាំ។ យើង​អាច​ហ្វឹកហាត់ខួរក្បាលតាមរយៈការធ្វើសកម្មភាពណាដែលត្រូវប្រើខួរក្បាលដូចជា លេង​ល្បែង​ផ្គុំ​រូប ឬផ្គុំពាក្យ ​លេង​អុក​ លេងតន្រ្តី ជាដើម។

    ១១. កាត់បន្ថយគ្រឿងស្រវឹង

    ការ​ញុំា​គ្រឿង​ស្រវឹង​ច្រើន​ធ្វើ​ឱ្យ​ពុល​​កោសិកា​ខួរក្បាល នាំឱ្យការ​ចងចាំចុះខ្សោយ និងបង្កើន​ហានិភ័យ​កើតជំងឺវង្វេង។ ប្រសិនបើចៀសមិនបាន​ទេ យើងគួរយូរៗញុំាម្តង ហើយក្នុងម្តងញុំា​តែ​បន្តិច​បានហើយ។

    ១២. ចៀសវាងជក់បារី

    ជាតិនីកូទីន និងសារធាតុគីមីផ្សេងទៀតនៅក្នុងបារី​បង្កើនហានិភ័យក្នុងការកើតជំងឺសរសៃឈាម​ដែល​អាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល និងធ្វើឱ្យសរសៃឈាមដែលបញ្ជូន​អុកស៊ីសែន​ទៅ​ខួរក្បាលរួមតូច ដូច្នេះធ្វើឱ្យការចងចាំរបស់យើងចុះខ្សោយ។ ។

    ចាស់ៗឧស្សាហ៍ភ្លេចមុខភ្លេចក្រោយតិចតួចគឺជារឿងធម្មតា ដូច្នេះយើងត្រូវញុំាអាហារ​ដែលល្អ​ចំពោះ​សុខភាពដូចជា បន្លែ ផ្លែឈើ ត្រី គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ ទឹកដោះគោ និងទឹក​ឱ្យបាន​ច្រើន​ដើម្បីបង្កើនការចងចាំឡើងវិញ។

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 21, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម