backup og meta

របបអាហារ​សំខាន់ៗ សម្រាប់មនុស្ស​វ័យចំណាស់ បង្ការជំងឺផ្សេងៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 27, 2021

    របបអាហារ​សំខាន់ៗ សម្រាប់មនុស្ស​វ័យចំណាស់ បង្ការជំងឺផ្សេងៗ

    ការមានវ័យកាន់តែច្រើនធ្វើឱ្យមនុស្សអាច​នឹង​ងាយឈឺ និងអាច​មានជំងឺ​រុំារ៉ៃដោយសារ​រាងកាយ​ចាប់​ផ្តើម​ចុះខ្សោយ។ ប៉ុន្តែ​ការ​ទទួល​បាន​របបអាហារ​ត្រឹម​ត្រូវ អាច​ជួយ​មនុស្ស​វ័យ​ចំណាស់​មាន​សុខភាព​ល្អ មិន​ងាយ​ឈឺ​។ តើមនុស្សវ័យចំណាស់​ចាំបាច់ត្រូវការអាហាររូបត្ថម្ភ​ប្រភេទណាខ្លះ​ដើម្បី​ពង្រឹង​សុខភាព​ទូទៅ?

    សាស្រ្តាចារ្យ David Richardson ទីប្រឹក្សាវិទ្យាសាស្ត្រនៅ Council for Responsible Nutrition (CRN) ចក្រភពអង់គ្លេសបានណែនាំអាហារូបត្ថម្ភសម្រាប់មនុស្សចំណាស់​ដូចខាងក្រោម៖

    ១. ប្រូតេអ៊ីន

    ជាធម្មតាម៉ាស់សាច់ដុំរបស់យើងនឹងថយចុះនៅ ពេលយើងមានវ័យកាន់តែច្រើន​ ដែលជាមូលហេតុ​ធ្វើឱ្យយើងចុះខ្សោយ។ ដំណើរការនេះអាចត្រូវបានពន្យឺតដោយការញ៉ាំអាហារ​មាន​​ប្រូតេអ៊ីនគ្រប់គ្រាន់។ ផលិតផលទឹកដោះ សាច់ក្រហម និងស៊ុតគឺជាប្រភពប្រូតេអ៊ីនដ៏ល្អ។

    ២. កាល់ស្យូម និងសារធាតុបំប៉នឆ្អឹងផ្សេងៗទៀត

    ក្នុងចំណោមមនុស្ស ១២នាក់ដែលមានអាយុលើសពី ៥០ឆ្នាំឡើង មានស្ត្រី ៣នាក់​​​ និងបុរសម្នាក់​មាន​ជំងឺ​ពុកឆ្អឹង។ ការ​ទទួល​បាន​វីតាមីន និង​រ៉ែ​សំខាន់ៗ​បាន​គ្រប់​គ្រាន់​ជួយ​ការ​ពារ​បញ្ហា​ឆ្អឹង​លើ​មនុស្ស​វ័យ​ចំណាស់។​

    • កាល់ស្យូម៖ មាននៅក្នុងទឹកដោះគោ ឈីស ទឹកដោះគោជូរ ស្ពៃ​ពួយ​ឡេង និងត្រីសាឌីន។
    • វីតាមីន D៖ មាននៅក្នុងស៊ុតលឿង ថ្លើមត្រី និងត្រីសម្បូរខ្លាញ់ល្អដូចជា ត្រី mackerel និង​ត្រី​សាម៉ុន។ ការ​ហាល​​ថ្ងៃ​ជា​រៀង​រាល់​ថ្ងៃ​ក៏​បង្កើន​​កម្រិត​វីតាមីន​ D ​ក្នុង​ខ្លួន​យើង​ដែរ។
    • វីតាមីន K2៖ មាននៅក្នុងបន្លែស្លឹកបៃតងដូចជា ប្រូខូលី ស្ពៃក្តោប សាឡាត់ ផលិតផលទឹកដោះ សាច់ និងស៊ុតជាដើម។
    • ស័ង្កសី៖ មាននៅក្នុងផលិតផលទឹកដោះ សាច់ក្រហម ស៊ុត បសុបក្សី និងសណ្តែកសៀង។
    • ផូស្វ័រ៖ មាននៅក្នុងគ្រាប់ធញ្ញជាតិ (ជាពិសេសស្រូវសាលីអូត oats) ផលិតផលទឹកដោះ សាច់ក្រហម បសុបក្សី និងគ្រឿងសមុទ្រ។
    • ម៉ាញេស្យូម៖ មាននៅក្នុងគ្រាប់ធញ្ញជាតិ ស្ពៃពួយឡេង និងសាច់ក្រហម។

    ៣. សារធាតុចិញ្ចឹមសម្រាប់សុខភាពសន្លាក់

    ជំងឺរលាកសន្លាក់ឆ្អឹងប៉ះពាល់ដល់មនុស្សដែលមានអាយុលើសពី ៥០ឆ្នាំ និងជាមូលហេតុ​ចម្បង​នៃ​ពិការភាព។ អាហារមួយ​ចំនួន​អាច​រួម​ចំណែក​ជួយ​ការ​ពារ​បញ្ហា​នេះ​ដែរ​។​

    • Glucosamine និង chondroitin sulphate៖ មាននៅក្នុងវីតាមីន​បំប៉ន
    • អាស៊ីដខ្លាញ់អូមេហ្កា ៣៖ មាននៅក្នុងត្រីសម្បូរខ្លាញ់ល្អដូចជា ត្រីសា​ម៉ុន ត្រី mackerel  ត្រីសាឌីន និងត្រីធូណា និង​គ្រាប់​ស្វាយចន្ទី​។

    អាស៊ីដខ្លាញ់អូមេហ្កា ៣

    ចង់គណនា BMR ចុចទីនេះ!

    ៤. វីតាមីន និងសារធាតុរ៉ែសម្រាប់ពង្រឹងភាពស៊ាំ

  • វីតាមីន B6៖ មាននៅក្នុងដំឡូងបារាំង ដំឡូងជ្វា ចេក សាច់មាន់ និងត្រី mackerel។
  • អាស៊ីដហ្វូលិក៖ មាននៅក្នុងពោតក្រហម ទំពាំងបារាំង ស្ពៃក្តោប និងបន្លែបៃតង។
  • វីតាមីន A៖ មាននៅក្នុងដំឡូងជ្វា ការ៉ុត ស្ពៃក្តោប ល្ពៅ និងស្ពៃពួយឡេង។
  • វីតាមីន C៖ មាននៅក្នុងទំពាំងបារំាង ផ្លែឈើអម្បូរក្រូច ផ្កាខាត់ណាខៀវ និងម្ទេស។
  • វីតាមីន E៖ មាននៅក្នុងបង្គា គ្រាប់អាល់ម៉ុន សណ្តែកដី និងគ្រាប់ផ្កាឈូករ័ត្ន។
  • ស័ង្កសី៖ មាននៅក្នុងផលិតផលទឹកដោះ សាច់ក្រហម ស៊ុត បសុបក្សី និងសណ្តែកសៀង។
  • ជាតិដែក៖ មាននៅក្នុងស្ពៃពួយឡេង ផ្លែឈើក្រៀម សាច់ក្រហម ស៊ុតលឿង និងត្រីធូណា។
  • សេលេញ៉ូម៖ មាននៅក្នុងអង្ករសម្រូប​ បសុបក្សី និងត្រីធូណា។
  • ៥. ប្រូបាយអូទិកសម្រាប់សុខភាពពោះវៀន

    សារធាតុប្រូបាយអូទិក គឺជាផលិតផលអាហារដែលមិនអាចរំលាយបាន និងជំរុញការលូតលាស់​នៃ​បាក់តេរី “ល្អ’ ដែលមានស្រាប់នៅក្នុងពោះវៀនធំ។ ប្រូបាយអូទិកមាននៅក្នុងទឹកដោះគោជូរ។

    ៦. អាស៊ីដខ្លាញ់អូមេហ្កា ៣ សម្រាប់សុខភាពខួរក្បាល

    ការចុះខ្សោយខួរក្បាល និងជំងឺវង្វេងអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គុណភាពជីវិត មនុស្សចាស់។ អាស៊ីដខ្លាញ់អូមេហ្កា ៣ មាននៅក្នុងគ្រាប់ផ្លែឈើដូចជា គ្រាប់វ៉ុលណាត់ ស្វាយចន្ទី ត្រីសម្បូរខ្លាញ់ល្អដូចជា ត្រី​សាម៉ុន ត្រី mackerel  ត្រីសាឌីន និងត្រីធូណា។

    ៧. សារធាតុប្រឆាំងអុកស៊ីតកម្មសម្រាប់សុខភាពបេះដូង

    នៅពេលយើងមានវ័យកាន់តែច្រើន ហានិភ័យនៃការគាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល​ក៏​កើន​ឡើងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មមាន​នៅ​ក្នុងផ្លែទំពាំងបាយជូ ប្លូប៊ឺរី ឈើរី សារីព្រៃ កន្ទួតព្រៃ ក្រូច ប៉ោម ប៉េងប៉ោះ ស្ពៃពួយឡេង ប្រូខូលី ខ្ទឹមបារាំង ស្ពៃក្តោប ខ្ទឹមស សណ្តែកសៀង និងតែបៃតងជាដើម។

    សាស្រ្តាចារ្យរូបនេះក៏បានណែនាំបន្ថែមថា ដើម្បីបង្ការកង្វះអាហារូបត្ថម្ភ​ មនុស្សវ័យចំណាស់​​ត្រូវញ៉ាំ​អាហារ​ដែលល្អចំពោះសុខភាព និងអាច​ញ៉ាំ​វីតាមីនបំប៉នប្រសិនបើមានការ​ណែនាំពីគ្រូពេទ្យ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម