ឈឺថ្គាម ឈឺធ្មេញនេះ អ្នកណាកើតហើយ ប្រាកដជាមួម៉ៅ ហើយពេលខ្លះឈឺស្ទើរមិនបាន។ ចង់ដឹងឈឺថ្គាមមានរោគសញ្ញាអីខ្លះ បន្ថយការឈឺចាប់ម៉េចខ្លះ ហើយពេលណា គួរទៅពេទ្យធ្មេញ “Hello គ្រូពេទ្យ’ នឹងបកស្រាយលម្អិតឲ្យជុំវិញបញ្ហានេះ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ឈឺថ្គាម ឈឺធ្មេញនេះ អ្នកណាកើតហើយ ប្រាកដជាមួម៉ៅ ហើយពេលខ្លះឈឺស្ទើរមិនបាន។ ចង់ដឹងឈឺថ្គាមមានរោគសញ្ញាអីខ្លះ បន្ថយការឈឺចាប់ម៉េចខ្លះ ហើយពេលណា គួរទៅពេទ្យធ្មេញ “Hello គ្រូពេទ្យ’ នឹងបកស្រាយលម្អិតឲ្យជុំវិញបញ្ហានេះ។
១- ឈឺចាប់ថ្គាមមានលក្ខណៈបែបណា?
អាការៈឈឺថ្គាម គឺមានលក្ខណៈឈឺខ្ទោកៗ នៅម្ដុំសន្លាក់ឆ្អឹងថ្គាម ព្រមទាំងសាច់ដុំបញ្ជាចលនានៃឆ្អឹងថ្គាម។ ការឈឺចាប់ អាចកើតឡើងភ្លាមៗ ឬចាប់ផ្ដើមពីឈឺស្រាលៗ បន្ទាប់មកទើបខ្លាំងឡើងៗទៅតាមពេលវេលា។ ឈឺថ្គាម អាចបង្កឡើងដោយមូលហេតុច្រើនយ៉ាង ដូចជា បាក់ថ្គាម ធ្មេញមិនត្រូវជួរ រលាកសន្លាក់ ធ្មេញអាប់សែឡើងខ្ទុះ និងបញ្ហាសន្លាក់ឆ្អឹងថ្គាម។
ជាក់ស្ដែង គ្នាយើងជាច្រើនរងគ្រោះដោយសារឈឺថ្គាមរ៉ាំរ៉ៃ និងឈឺផ្ទៃមុខ ហើយដើម្បីបែងចែកការឈឺចាប់នេះឲ្យច្បាស់លាស់ គ្រូពេទ្យនឹងធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ ដូចជា ថតកាំរស្មីអ៊ិចដើម្បីរកមូលហេតុការឈឺចាប់។
២- រោគសញ្ញាឈឺថ្គាម
– ឈឺម្ដុំឆ្អឹងថ្គាម
– ឈឺចាក់ម្ដុំស្លឹកត្រចៀក
– ពិបាកទំពាអាហារ
– ឈឺផ្ទៃមុខ
– ជាប់សន្លាក់ថ្គាម ធ្វើឲ្យពិបាកបិទ បើកមាត់។
អាចមានរោគសញ្ញាមួយចំនួនទៀត មិនបានរៀបរាប់ក្នុងចំណុចខាងលើ ហេតុនេះបើមានសំណួរ ឬចម្ងល់ ត្រូវពិគ្រោះយោបល់បន្ថែមជាមួយគ្រូពេទ្យជំនាញ។
អត្ថបទពាក់ព័ន្ធ៖
៣- គួរព្យាបាលឈឺថ្គាមដោយវិធីណា?
អាស្រ័យទៅលើមូលហេតុបង្កការឈឺចាប់ គ្រូពេទ្យអាចមានវិធីសាស្រ្តជាច្រើនជួយសម្រួលការឈឺចាប់របស់យើង ដែលជាធម្មតា ព្យាបាលអាចប្រើវិធីសាស្ត្រខ្លះៗ មិនចាំបាច់លេបថ្នាំ ឬខ្លះលេបថ្នាំ ហើយក្នុងករណីធ្ងន់ធ្ងរ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយវះកាត់។
សម្រាប់ការព្យាបាលនៅផ្ទះខ្លួនឯងវិញ វិធីខាងក្រោមនេះអាចជួយសម្រួលការឈឺចាប់ថ្គាមបានដូចជា៖
– ចៀសវាងទម្លាប់ខាំសង្កៀតធ្មេញ ដែលបង្កសម្ពាធទៅលើឆ្អឹងថ្គាម។
– ចៀសវាងអាហាររឹង និងប្រភេទអាហារស្អិត ដើម្បីការពារធ្មេញ និងឆ្អឹងថ្គាម។ គួរញ៉ាំអាហារទន់ជំនួសវិញ ឬកាត់អាហារទៅជាកំណាត់តូចៗមុនញ៉ាំ។
– គ្រូពេទ្យនឹងណែនាំវិធីសាស្ត្រសម្រាប់បន្ធូរសាច់ដុំ និងធ្វើឲ្យសាច់ដុំឆ្អឹងថ្គាមរឹងមាំ ដូចជា ម៉ាស្សា។
– ស្អំទឹកក្ដៅឧណ្ហៗ ឬដុំទឹកកកនៅកន្លែងឈឺ អាចសម្រួលដល់ការឈឺចាប់។
៤- ពេលណាគួរទៅជួបគ្រូពេទ្យធ្មេញ?
ទៅជួបគ្រូពេទ្យ បើយើងមានការឈឺចាប់យូរអង្វែងនៅឆ្អឹងថ្គាម ឬមិនអាចបិទ បើកមាត់ ដូចធម្មតា។
៥- គួរបង្ការឈឺថ្គាមបែបណា?
ដើម្បីបង្ការការឈឺចាប់ឆ្អឹងថ្គាម ចាំបាច់ត្រូវ៖
– ចៀសវាងទំពាស្ករកៅស៊ូ ឬប្រភេទអាហាររឹង បើយើងឧស្សាហ៍ឈឺឆ្អឹងថ្គាមញឹកញាប់
– ត្រូវទប់ថ្គាមផង ពេលស្ងាបម្តងៗ
– បើសង្កៀតថ្គាមទាំងពេលថ្ងៃ ទាំងពេលយប់ ប្រញាប់ទៅជួបគ្រូពេទ្យធ្មេញ ដើម្បីធ្វើឧបករណ៍ពាក់ការពារធ្មេញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ