បើមានក្លិនមាត់កុំគិតថាមិនអី អាចប្រាប់ពីជំងឺសាហាវសម្ងំក្នុងខ្លួន

ក្លិនមាត់ធ្វើឲ្យបាត់បង់ទំនុកចិត្តលើខ្លួនឯង ហើយក៏អាចជាសញ្ញាបង្ហាញពីជំងឺពួនសម្ងំ និងជំងឺដែលកំពុងកើត ដែលត្រូវព្យាបាល កុំឲ្យកាន់តែធ្ងន់។ អង្កេតមើលពីភាពខុសប្លែកគ្នាពីមួយថ្ងៃទៅមួយថ្ងៃ កុំចាំតែពេទ្យថែទាំ ឬព្យាបាល។
បើចាប់ផ្ដើមមានក្លិនមាត់ អាចសង្កេតលើចំណុចខាងក្រោម ដើម្បីដឹងពីស្ថានភាពជំងឺក្នុងខ្លួន៖
១- #រោគផ្លូវដង្ហើម
គ្រុនផ្ដាសាយ និងរលាកប្រហោងឆ្អឹងច្រមុះ ធ្វើឲ្យការដកដង្ហើមខុសប្រក្រតី ហើយបញ្ហានេះធ្វើឲ្យបាក់តេរីក្នុងច្រមុះ ឬក្នុងប្រហោងឆ្អឹងច្រមុះធ្លាក់ចូលក្នុងបំពង់ក ដែលធ្វើឲ្យដង្ហើមក្លិនមិនល្អ។
២- #ស្ងួតមាត់ស្ងួតក
ស្ងួតមាត់ ឬភាសាបច្ចេកទេសហៅថា Xerostomia ពេលដែលក្រពេញទឹកមាត់ខូច មុខងារលែងដំណើរការ ឬមានបញ្ហាដកដង្ហើមតាមមាត់។ យើងអាចដឹងខ្លួនឯងថាមានបញ្ហាស្ងួតមាត់ ឬអត់ ដោយសម្គាល់ទៅលើបញ្ហាក្លិនមាត់។
៣- #ទឹកនោមផ្អែម
ជំងឺគួរឲ្យរំខានមួយនេះ មិនទៅណាឆ្ងាយទេ សូម្បីតែការដកដង្ហើម ក៏អាចប្រាប់ពីការមានជំងឺទឹកនោមផ្អែម។ បើដង្ហើមដកចេញមក ធុំក្លិនផ្អែម មានន័យថា កម្រិតជាតិស្ករក្នុងឈាមគ្រប់គ្រងមិនបានល្អ ឬភាសាបច្ចេកទេសហៅថា Ketoacidosis ជាកន្លែងដែលរាងកាយដុតជាតិខ្លាញ់ជំនួសជាតិស្ករសម្រាប់យកថាមពល។
៤- #ធាត់ពេក
ក្លិនដង្ហើមរបស់មនុស្សម្នាក់ៗក៏ជាសញ្ញាបញ្ជាក់ថាធាត់លើសទម្ងន់។ សម្រាប់អ្នកមាន BMI ខ្ពស់ និងមានភាគរយជាតិខ្លាញ់ខ្ពស់ ច្រើនតែមានកំហាប់មេតាន និង អ៊ីដ្រូហ្សែន ខ្ពស់ជាងអ្នកដែលមាន BMI ធម្មតា ធ្វើឲ្យមានក្លិនមាត់មិនល្អ។
៥- #ខូចតម្រងនោមឬថ្លើម
ផលវិបាកនៃការខូចតម្រងនោម ឬថ្លើម មានរោគសញ្ញាគួរឲ្យកត់សម្គាល់ ហើយមានបញ្ហាក្លិនមាត់មិនល្អ។ បើអ្នកមានជំងឺនេះ ដង្ហើមអាចមានក្លិនដែលងាយស្រួលដឹង ព្រោះដោយសារតែខូចមុខងារតម្រងនោម និងថ្លើមធ្វើឲ្យជាតិពុលក្នុងរាងកាយបញ្ចេញចោលតាមសួត ធ្វើឲ្យមានក្លិនមាត់មិនល្អ។
៦- #មហារីកសួត
អ្នកមានមហារីកសួត ងាយស្រួលធ្វើការបែងចែក ដោយវិធីវិភាគទៅលើចលនាដង្ហើម ព្រោះកម្រិតសារធាតុគីមីងាយហួត (volatile compounds) អ្នកជំងឺមហារីកសួត មានភាពខុសពីមនុស្សដទៃ។
កម្រិតសារធាតុគីមីងាយហួត ធ្វើឲ្យមានក្លិនដង្ហើមមិនល្អ។ យើងអាចពិនិត្យជាមួយនឹងបច្ចេកវិទ្យាច្រមុះអេឡិចត្រូនិកដែលមានប្រសិទ្ធភាពក្នុងការស្វែងរកជំងឺមហារីកសួត។
៧- #មេរោគផ្សិត
មានក្លិនមាត់មិនល្អ បណ្ដាលមកពីពពួកមេរោគផ្សិត candida albicans សម្រាប់អ្នកចោះក្រវិលអណ្ដាត ពាក់ធ្មេញស្និត ឬអ្នកប្រើ retainers សម្រាប់ទប់ធ្មេញក្រោយការពត់ធ្មេញ។
ក្លិនមាត់មិនល្អធ្វើឲ្យមនុស្សបាត់បង់ភាពជឿជាក់ បើគ្នាយើងមានបញ្ហាក្លិនមាត់ ឬសង្ស័យរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាខាងលើ ត្រូវជួបពេទ្យពិនិត្យ និងព្យាបាល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕