តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ធ្មេញអាប់សែ ជាអ្វី? ត្រូវធ្វើម៉េចទើបជាសះស្បើយ?​

    ធ្មេញអាប់សែ ជាអ្វី? ត្រូវធ្វើម៉េចទើបជាសះស្បើយ?​

    ធ្មេញ​អាប់សែ ប្រហែលជា​គ្នា​យើង​ធ្លាប់​បាន​ឮ​ពីរឿងនេះ​ខ្លះដែរ​ហើយ។ បញ្ហា​ធ្មេញ​នេះ អាច​ចែកចេញជា​ប្រភេទ​ផ្សេងៗ​គ្នា និង​មាន​វិធីព្យាបាល​ក៏​មិន​ដូច​គ្នា​ដែរ​។ ខាង​ក្រោម​នេះជា​អ្វី​គ្នា​យើង គួរ​ដឹង​ទាក់ទង​នឹង​ធ្មេញ​អាប់សែ។​

    ១-ធ្មេញ​អាប់សែ​គឺ​ជា​អ្វី?

    ប្រភេទ​នៃ​ធ្មេញ​អាប់សែ​ចែក​ចេញ​ជា​៣​ប្រភេទ​ដូចជា៖

    • អាប់សែ​អញ្ចាញ​ គឺ​ជា​ការ​ឡើង​ខ្ទុះ​នៅ​ក្នុង​សាច់​អញ្ចាញ​ធ្មេញ​តែ​ប៉ុណ្ណោះ​ដែល​មិន​ប៉ះ​ពាល់​ដល់​ធ្មេញ
    • អាប់សែ​ជុំវិញ​ក្បាល​ធ្មេញ​ គឺ​ជា​ការ​ឡើង​ខ្ទុះ​នៅ​លើ​ជាលិកា​ឆ្អឹង​សម្រាប់​ទ្រទ្រង់​ធ្មេញ
    • អាប់សែ​ជុំវិញ​ចុង​ឫស​ គឺ​ជា​ការ​ឡើង​ខ្ទុះ​ចេញ​ពី​សរសៃ​បណ្ដូល​ធ្មេញ

    សម្រាប់​ការ​ឡើង​ខ្ទុះ​ធ្មេញ​អាប់សែ​នេះ ​គឺ​ចាំបាច់​ត្រូវ​ធ្វើ​ការ​ព្យាបាល​បើ​ពុំ​ដូច្នោះ​ទេ​វា​អាច​បណ្ដាល​ឲ្យ​បាត់បង់​ជាលិកា​ឆ្អឹង​ជុំវិញ​ធ្មេញ​ក្នុង​ការ​ទ្រទ្រង់។

    ២-តើ​រោគ​សញ្ញា​នៃ​ធ្មេញ​អាប់សែ​មាន​អ្វី​ខ្លះ?

    • ឈឺ​ចាប់​ពេល​ខាំ​ចំណី​អាហារ
    • ឈឺ​ចាប់​ពេល​ប៉ះពាល់
    • មាន​ការ​ស្រៀវ​ជាមួយ​ទឹក​ក្ដៅ ​ឬ​ត្រជាក់
    • មាន​រសជាតិ​ល្វីង​ជាប់​មាត់
    • គ្រុន​ក្ដៅ
    • អស់​កម្លាំង​ល្ហិតល្ហៃ
    • ពិបាក​ហា​មាត់
    • ពិបាក​លេប​ចំណី​អាហារ
    • គេង​មិន​លក់

    សម្រាប់​រោគ​សញ្ញា​ចម្បង​ គឺ​ការ​ឈឺ​ចាប់​ដែល​មាន​លក្ខណៈ​ឈឺ​ចាក់ៗ​និង​ខ្លាំង​ក្លា​ជា​ញឹកញាប់។ ជា​ធម្មតា​ការ​ឈឺ​ចាប់​ស្រាប់​តែ​កើត​ឡើង​ភ្លាមៗ​ និង​ចាប់​ផ្ដើម​ខ្លាំង​ក្លា​នៅ​ម៉ោង​បន្ទាប់​ឬ​ថ្ងៃ​បន្ទាប់​ហើយ​ក្នុង​ករណី​មួយ​ចំនួន​ទៀត​ការ​ឈឺ​ចាប់​អាច​រាលដាល​ដល់​ត្រចៀក​ឆ្អឹង​ថ្គាម​ និង​ក។

    ឈឺធ្មេញ

    ៣-តើ​គួរ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា?

    ដោយសារ​តែ​រាងកាយ​របស់​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុស​គ្នា​ហេតុ​នេះ​អ្នក​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​អ្នក​ជាមុន​សិន​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ដែល​សក្ដិសម​សម្រាប់​អ្នក។

    ៤-តើ​ធ្មេញ​អាប់សែ​បង្ក​ឡើង​ដោយសារ​អ្វី?

    ធ្មេញ​អាប់សែ​ក្នុង​ករណី​ភាគ​ច្រើន​គឺ​ជា​ផល​វិបាក​នៃ​ការ​បង្ក​រោគ​នៅ​លើ​ធ្មេញ​ដោយ​សារ​តែ​បាក់តេរី​ដែល​មាន​ក្នុង​កំណក​កំបោរ​ធ្មេញ​ចូល​ទៅ​ក្នុង​ធ្មេញ។

    អាប់សែ​ជុំវិញ​ចុង​ឫស

    ដំបូង​បាក់តេរី​ចូល​ទៅ​ក្នុង​ធ្មេញ​បង្ក​រោគ​តាម​រយៈ​រោគ​ពុក​ធ្មេញ​ដែល​មាន​នៅ​លើ​កាចា​ធ្មេញ​ហើយ​នៅ​ពេល​​ដែល​រោគ​ពុក​ធ្មេញ​រាលដាល​កាន់​តែ​ជ្រៅ​រហូត​ដល់​បណ្ដូល​ធ្មេញ​កណ្ដាល​ដែល​បង្ក​ធ្វើ​ឲ្យ​មាន​ការ​រលាក​សរសៃ​បណ្ដូល​ធ្មេញ។ នៅ​ពេល​ដែល​មាន​ការ​រលាក​កាន់​តែ​យូរ​ធ្វើ​ឲ្យ​បាក់តេរី​អាច​ឆ្លង​កាត់​តាម​រន្ធ​ឫស​ធ្មេញ​ទៅ​ដល់​ឆ្អឹង​ក្រាស​ធ្មេញ​ដែល​បង្ក​បាន​ជា​អាប់សែ​ជុំវិញ​ចុង​ឫស។

    អាប់សែ​ជុំវិញ​ធ្មេញ

    នៅ​ពេល​មាន​វត្ត​មាន​បាក់តេរី​ក្នុង​កំណក​កំបោរ​ធ្មេញ​វា​បាន​បង្ក​រោគ​ដល់​អញ្ចាញ​ធ្មេញ​នាំ​ឲ្យ​មាន​ជំងឺ​រាក់​ស៊ី​ធ្មេញ​ដែល​មាន​រោគ​សញ្ញា​ដូចជា​អញ្ចាញ​ឡើង​ប៉ោង​រលាក​និង​ធ្វើ​ឲ្យ​បាត់បង់​ភាព​ទាក់​ជាប់​របស់​ជាលិកា​ជុំវិញ​ធ្មេញ។

    ប្រហោង​អញ្ចាញ​ធ្មេញ​កើត​ឡើង​នៅ​ពេល​ដែល​ជាលិកា​ជុំវិញ​ធ្មេញ​លែង​ទាក់ជាប់​ហើយ​មាន​ការ​ពិបាក​ក្នុង​ការ​សម្អាត​ព្រោះ​ដោយសារ​តែ​ចំណី​អាហារ​ទាក់​ជាប់​ព្រម​ទាំង​មេរោគ។នៅ​ពេល​ដែល​មាន​បាក់តេរី​កកើត​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រហោង​អញ្ចាញ​ធ្មេញ​នោះ​ជំងឺ​អាប់សែ​ជុំវិញ​ធ្មេញ​ត្រូវ​បាន​កើត​ឡើង។

    ៥- របៀប​នៃ​ការ​ព្យាបាល​ធ្មេញ​អាប់សែ

    សម្រាប់​ការ​ព្យាបាល​អាច​មាន​ទម្រង់​ការ​ច្រើន​និង​ជួនកាល​អាច​ឈាន​ដល់​ការ​វះកាត់​ជាមួយ​នឹង​គ្រូពេទ្យ​ធ្មេញ​ជំនាញ​(ទន្តពេទ្យ)

    ចោះ​បង្ហូរ​ខ្ទុះ

    ការ​ឡើង​ខ្ទុះ​អាប់សែ​ត្រូវ​ចោះ​បង្ហូរ​ខ្ទុះ​ដែល​មាន​ផ្ទុក​បាក់តេរី​ចេញ​ដោយ​ប្រើ​ថ្នាំ​ស្ពឹក។

    ការ​ព្យាបាល​អាប់សែ​ជុំវិញ​ចុង​ឬស

    ត្រូវ​ធ្វើ​ការ​ព្យាបាល​ត្បាល់​យក​សរសៃ​ធ្មេញ​ចេញ​បន្ទាប់​មក​ត្រូវ​ប៉ះ​ធ្មេញ​វិញ​ឲ្យ​ស្អាត​ដូច​ដើម​ដើម្បី​បង្ការ​ការ​បង្ក​រោគ​លើក​ក្រោយ​ទៀត។ ​ចំណែក​ការ​ឡើង​ខ្ទុះ​ត្រូវ​ចោះ​បង្ហូរ​ចេញ​និង​ត្រូវ​ព្យាបាល​ជំងឺ​រាក់​ស៊ី​ធ្មេញ​ដោយ​សម្អាត​កំណក​កំបោរ​ធ្មេញ​និង​បាក់តេរី​ឲ្យ​បាន​ស្អាត​ទាំង​ក្បាល​ធ្មេញ​ និង​ចុង​ឫស​ធ្មេញ​ដើម្បី​ឲ្យ​ជា​សះ​និង​បង្ការ​មេរោគ។

    ការ​វះកាត់​សម្រាប់​ធ្មេញ​អាប់សែ

    សម្រាប់​អ្នក​ជំងឺ​ដែល​មាន​អាប់សែ​ជុំវិញ​ចុង​ឬស​ដែល​មាន​ការ​បង្ក​រោគ​ជាថ្មី​ក្រោយ​ការ​ព្យាបាល​ គឺ​ប្រហែល​ជា​អាច​ត្រូវ​ធ្វើ​ការ​វះកាត់​ចុង​ឬស​ចេញ​ដោយ​គ្រូពេទ្យ​ជំនាញ​វះកាត់​មាត់​ធ្មេញ។ ចំណែក​ឯ​អ្នក​ជំងឺ​ដែល​មាន​អាប់សែ​ជុំវិញ​ធ្មេញ​កើត​ឡើង​ម្ដង​ទៀត​គឺ​អាច​ត្រូវ​វះ​បើក​អញ្ចាញ​ធ្មេញ​ដើម្បី​ធ្វើ​ការ​សម្អាត​កំណក​កំបោរ​ដែល​​ជាប់​ស្អិត​ដើម្បី​បំបាត់​ជំងឺ​រាក់​ស៊ី​ធ្មេញ។

    ប្រសិន​បើ​មាន​អាប់សែ​ធ្មេញ​កើត​ឡើង​វិញ​ទៀត​ ទោះ​បី​ក្រោយ​ការ​វះកាត់​ក៏​ដោយ​ ជម្រើស​ចុង​ក្រោយ​គឺ​មាន​តែ​ដក​ធ្មេញ​ចេញ​តែ​ប៉ុណ្ណោះ។

    បន្ធូរ​ការ​ឈឺ​ចាប់

    ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ក៏​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​អំឡុង​ពេល​រង់​ចាំ​ការ​ព្យាបាល​ដោយ​អាច​រក​ជាវ​បាន​តាម​ឱសថ​ស្ថាន​នានា។ ម៉្យាង​វិញ​ទៀត ​វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​អាន​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់ និង​សាកសួរ​ឱសថការីមុន​ធ្វើ​ការ​ប្រើប្រាស់ ហើយ​អ្វី​ដែល​ត្រូវ​ចង​ចាំ​នោះ​គឺ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​គឺ​គ្រាន់​តែ​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​តែ​ប៉ុណ្ណោះ​វា​មិន​អាច​ព្យាបាល​ធ្មេញ​អាប់សែ​បាន​ទេ។

    សម្រាប់​ថ្នាំ ​aspirin ibuprofen​ឬ ​tylenol (paracetamol)​ គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បំបាត់​ការ​ឈឺ​ចាប់​ប៉ុន្តែ​ថ្នាំ​មួយ​ចំនួន​អាច​មិន​សក្តិសម​ជាមួយ​អ្នក​ជំងឺ​ដូចជា៖​

    • ថ្នាំ​ ​ibuprofen​ និង​អ្នក​ជំងឺ​ហឺត
    • ថ្នាំ ​ibuprofen​ និង​អ្នក​ដំបៅ​ក្រពះ
    • ថ្នាំ ​aspirin​ និង​កូន​ក្មេង៖ ហាម​ប្រើ​ចំពោះ​កូន​ក្មេង​ដែល​មាន​អាយុ​ក្រោម​១៦​ឆ្នាំ
    • ថ្នាំ ​aspirin​ និង​ស្រ្ដី​មាន​គភ៌​ និង​​បំបៅ​ដោះ

    ៦-ការផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅ​

    • ជៀសវាង​អាហារ​និង​ភេសជ្ជៈ​ក្ដៅ​ត្រជាក់
    • ទំពារ​អាហារ​នៅ​ខាង​ដែល​មិន​មាន​អាប់សែ
    • ហាម​ប្រើ​អំបោះ​ទាក់​ធ្មេញ​ជុំវិញ​កន្លែង​ធ្មេញ​អាប់សេ
    • ប្រើ​ច្រាស​ដុស​ធ្មេញ​ដែល​មាន​សរសៃ​ច្រាស​ទន់

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Dental abscess. https://www.medicalnewstoday.com/articles/170136.php. Accessed November 2, 2017

    Dental abscess. https://www.webmd.boots.com/oral-health/guide/dental-abscess. Accessed November 2, 2017

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 02/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត