កំពូលអាហារទាំង៥ ធ្វើឲ្យធ្មេញសស្អាតដោយមិនដឹងខ្លួន
ធ្មេញសស្អាត ធ្វើឲ្យយើងមានទំនុកចិត្ត និងភាពជឿជាក់នៅពេលដែលយើងសើច ឬនិយាយទៅកាន់អ្នកណាម្នាក់។ ប៉ុន្តែ ជាធម្មតា ធ្មេញនឹងប្រែពណ៌ទៅជាលឿង ឬជាប់កំណកំបោរ ប្រសិនបើយើងខ្វះការថែទាំ ឬញ៉ាំអាហារមួយចំនួនដែលធ្វើឲ្យជាប់ពណ៌។ ជាទូទៅ គ្នាយើងអាចប្រើប្រាស់ប្រភេទថ្នាំដុសធ្មេញ ជែលដែលជួយធ្វើឲ្យធ្មេញស ឬការខាត់ធ្មេញ ក៏ដូចជាការបាញ់កាំរស្មីដើម្បីឲ្យធ្មេញសជាដើម។ ប៉ុន្តែ ការដោះស្រាយតាមវីធីនេះ មិនត្រឹមតែមានតម្លៃថ្លៃប៉ុណ្ណោះទេ វាថែមទាំងមានផ្ទុកទៅដោយសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់ធ្មេញ និងអញ្ចាញធ្មេញរបស់យើងថែមទៀតផង។ យ៉ាងណាមិញ ដើម្បីឲ្យធ្មេញសស្អាតតាមបែបធម្មជាតិ គ្នាយើងអាចងាកមកញ៉ាំអាហារទាំងនេះជំនួសវិញ ទើបជាការប្រសើរ។

១. ផ្លែស្រ្តូបឺរី
ផ្លែស្ត្រូបឺរីមានផ្ទុកអាស៊ីដMalic ដែលជួយធ្វើឲ្យធ្មេញសស្អាត ក៏ដូចជាកាត់បន្ថយកំណកកំបោរនៅលើធ្មេញរបស់យើងបានយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ អាស៊ីដMalic ក៏អាចបង្កើនការផលិតទឹកមាត់សម្រាប់អ្នកដែលមានមាត់ស្ងួតផងដែរ។ ជាទូទៅ ទឹកមាត់ជួយការពារប្រឆាំងនឹងការពុកធ្មេញ ដែលជាមូលហេតុបណ្ដាលឲ្យមានកំណកជាប់ធ្មេញ។
២. ផ្លែឪឡឹក
ជាមួយគ្នានេះដែរ ឪឡឹកមានផ្ទុកអាស៊ីដMalic ច្រើនជាងផ្លែស្ត្រូបឺរីទៅទៀត។ គ្នាយើងបានដឹងហើយថា អាស៊ីដប្រភេទនេះមានគុណប្រយោជន៍ជួយឲ្យធ្មេញសស្អាត និងជួយបង្កើនការផលិតទឹកមាត់ថែមទៀតផង។
៣. ផ្នែកម្នាស់
ធ្មេញរបស់យើងគ្របដណ្ដប់ដោយស្រទាប់Pellicle ឬស្រទាប់ប្រូតេអ៊ីនទឹកមាត់។ ស្រទាប់នេះ ការពារធ្មេញរបស់យើងក៏ពិតមែន ប៉ុន្តែវាក៏ស្រូបយកជាតិពណ៌ពីអាហារ ដែលជាហេតុធ្វើឲ្យធ្មេញរបស់យើងពោរពេញទៅដោយកំណកកំបោរផងដែរ។ ប៉ុន្តែ ម្នាស់អាចរំលាយស្រទាប់Pellicle តាមបែបធម្មជាតិ ពីព្រោះវាមានផ្ទុកអង់ស៊ីមProteolytic ដែលអាចបំបែកប្រូតេអ៊ីន រួមទាំងស្រទាប់ Pellicle ផងដែរ។

៤. ផ្លែល្ហុង
ផ្លែល្ហុងក៏មានផ្ទុកអង់ស៊ីម Proteolytic ដូចទៅនឹងផ្លែម្នាស់ផងដែរ។ វាជួយបំបែកប្រូតេអ៊ីន និងកាត់បន្ថយស្រទាប់ Pellicle ដែលអាចកាត់បន្ថយជាតិពណ៌ និងការពារធ្មេញប្រឆាំងនឹងការកើតឡើងនៃកំណកកំបោរថែមទៀតផង។
៥. ទឹកដោះគោ
អាស៊ីដ Lactic ដែលមាននៅក្នុងទឹកដោះគោ អាចជួយធ្វើឲ្យកាចារធ្មេញសភ្លឺជាមុន។ លើសពីនេះ ទឹកដោះគោក៏ជួយបង្កើនដល់ការផលិតទឹកមាត់ ដើម្បីលាងជម្រះបាក់តេរីដែលបណ្ដាលឲ្យមានប្រហោងធ្មេញផងដែរ។ រីឯCasein ជាប្រូតេអ៊ីនដែលមាននៅក្នុងទឹកដោះគោ ក៏អាចជួយការពារការប្រែពណ៌នៃធ្មេញ ព្រមទាំងជួយជួសជុលប្រហោង ក៏ដូចជាការពារការកើនឡើងនៃកំណកកំបោរថែមទៀតផង។
តើត្រូវចំណាយពេលយូរប៉ុណ្ណាទើបដឹងថាអាហារទាំងនេះ អាចជួយធ្វើឲ្យធ្មេញសស្អាតបាន?
បើប្រៀបធៀបទៅនឹងផលិតផលដែលមានលក់នៅលើទីផ្សារ រូបមន្តធម្មជាតិទាំងនេះ ត្រូវការចំណាយពេលយូរជាង ហើយវាក៏អាស្រ័យទៅលើពណ៌ដើមនៃធ្មេញរបស់យើងផងដែរ។ ប្រសិនបើយើងមានកំណកជាប់ធ្មេញខ្លាំង វាក៏ត្រូវការពេលយូរដូចគ្នា ទើបបានឃើញពីលទ្ធផល។