ដើម្បីលើកសម្រស់ឲ្យបានមួយកម្រិតទៀត យុវវ័យសម័យនេះបានជ្រើសរើសការពត់ធ្មេញ តធ្មេញទន្សាយ ខាំពុម្ពធ្មេញ ជាពិសេសការបិទធ្មេញឲ្យសទើបស្អាតបានទាន់ចិត្ត ព្រោះពេលធ្មេញសញញឹមទៅមានភាពទាក់ទាញ និងស្រស់ស្អាត។ តែវិធីចុងក្រោយនេះ ធ្វើទៅគ្រោះថ្នាក់ចំពោះមាត់ធ្មេញខ្លាំងមែនទែន ព្រោះត្រូវឆាប ដើម្បីយកវើនៀ (Dental Veneer) ដែលជាបន្ទះស្ដើងមកបិទផ្ទាល់ជាប់ទៅនឹងផ្ទៃខាងមុខធ្មេញធម្មជាតិ។ នេះជាការលើកឡើងរបស់វេជ្ជបណ្ឌិត សាន ដាណេត នៅគ្លីនិកធ្មេញប៊ូទិក ប្រាប់មកកាន់ Helloគ្រូពេទ្យ។
ពេទ្យធ្មេញរូបនេះបានបញ្ជាក់ថា ការធ្វើធ្មេញឲ្យសមាន ២ វិធី តែការខាំពុម្ពធ្មេញមិនបង្កគ្រោះថ្នាក់ឡើយ គ្រាន់តែស្រៀវពេលប្រើថ្នាំខាំពុម្ពមួយភ្លែតប៉ុណ្ណោះ។ ករណីទីមួយ៖ “ការប្រើប្រាស់ថ្នាំ ដើម្បីដាក់ខាំពុម្ពឲ្យស វាមិនប៉ះពាល់ដល់សុខភាពធ្មេញទេ គ្រាន់តែអាចស្រៀវបន្តិចបន្តួចតែប៉ុណ្ណោះ’។
![បិតធ្មេញឲ្យសHello_គ្រូពេទ្យ](https://cdn.hellokrupet.com/wp-content/uploads/2019/06/shutterstock_1291586353.jpg)
ចំពោះករណីទីពីរវិញ ទន្តបណ្ឌិតរូបនេះបានលើកឡើងថា ដោយសារការបិទវើនៀត្រូវការឆាបធ្មេញ ដើម្បីឲ្យមើលទៅសម និងស្អាត ដូចនេះរចនាសម្ព័ន្ធធ្មេញត្រូវបានឆាបចេញខ្លះ ហើយវាក៏ប្រឈមមុខនឹងការបាក់បែកផងដែរ ហើយសម្រាប់ចំពោះអ្នកដែលគិតពីគុណភាពជីវិត មិនផ្ដោតលើសម្រស់តែម្យ៉ាង គាត់នឹងមិនជ្រើសរើសជម្រើសនេះឡើយ។
ការបិទវើនៀនេះទៀតសោតមានច្រើនជម្រើសមានទាំងគុណភាពអន់ មធ្យម រហូតដល់តម្លៃថ្លៃជាងគេ តែទោះជាផលិតផលគុណភាពខ្ពស់ជាងគេ ក៏នៅតែមានគុណវិបត្តិដែរ។ ក្រៅពីអាចធ្វើឲ្យធ្មេញបែកបាក់ វានៅបង្កផលលំបាកជាច្រើនទៀតចំពោះសុខភាពមាត់ធ្មេញ ដូចជា ហើបជើងធ្មេញ ហើមអញ្ចាញ ឆ្លងមេរោគ និងការឈឺចាប់ធ្មេញនៅពេលក្រោយជាដើម។ ដូចនេះ ប្រសិនបើគិតពីសុខភាពជាចម្បង គ្នាយើងដែលមានបំណងជ្រើសយកវិធីនេះ គួរតែគិត និងពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន។
អត្ថបទពាក់ព័ន្ធ៖ ជំងឺមាត់ធ្មេញ ២ ប្រភេទគួរឲ្យបារម្ភបំផុត បើមានឆាប់ទៅព្យាបាលឲ្យលឿន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យឬព្យាបាលជូនទេ៕