៣. មិនគ្រប់គីឡូ ឬស្គមពេក
រាងកាយរបស់យើងនឹងមានប្រតិកម្មបញ្ច្រាសនៅពេលទម្ងន់ខ្លួនមិនគ្រប់តាមស្ដង់ដារសុខភាពត្រឹមត្រូវ ឬស្គមពេក ដែលនាំឲ្យការផលិតអ័រម៉ូនអឺស្រ្តូហ្សែនក៏មិនគ្រប់គ្រាន់ដែរ។ ស្រ្តីគ្រប់រូបត្រូវការកម្រិតអ័រម៉ូនអឺស្រ្តូហ្សែនសមស្របមួយដើម្បីបង្កើតជញ្ជាំងស្បូន និងធ្វើឲ្យមានឈាមរដូវ។ យ៉ាងណាបើស្រីៗយើងមានទម្ងន់ទាបជាងធម្មតាតិចតួច នោះមិនជាបញ្ហាទេ ប៉ុន្តែបើសុខៗយើងបែរជាស្រកគីឡូច្រើនភ្លាមៗនោះអាចនឹងប៉ះពាល់វដ្ដរដូវដែរ។ យ៉ាងណា បើយើងស្រកទម្ងន់ច្រើនមែន តែទម្ងន់ខ្លួននៅតែស្ថិតក្នុងកម្រិតល្អចំពោះសុខភាពដដែល នោះរាងកាយនឹងកែសម្រួលវដ្ដរដូវឲ្យល្អប្រសើរវិញនៅពីរបីខែបន្ទាប់។
៤. បរិស្ថានមានជាតិពុល
ការសិក្សាបានរកឃើញថាស្រ្តីធ្វើការនៅកសិដ្ឋានដែលមានប្រើថ្នាំសម្លាប់សត្វល្អិតច្រើន មានបញ្ហារដូវមិនទៀង និងបាត់រដូវញឹកញាប់ ខុសពីស្រ្តីដែលធ្វើការនៅតាមកសិដ្ឋានដែលមិនមានប្រើថ្នាំសម្លាប់សត្វល្អិត។
សារធាតុពុលនេះបង្កការរាំងស្ទះដល់អ័រម៉ូនក្នុងរាងកាយ ធ្វើឲ្យប្រព័ន្ធអង់ដូគ្រីនដំណើរការមិនបានប្រក្រតី។ ដើម្បីកាត់បន្ថយបញ្ហានេះ អ្នកជំនាញណែនាំឲ្យស្រីៗយើងកាត់បន្ថយការប៉ះពាល់សារធាតុពុលទាំងនេះឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។