នាពេលបច្ចុប្បន្នមានការផ្សព្វផ្សាយពីផលិតផលមួយចំនួនដែលពាក់ព័ន្ធទៅនឹងតំបន់ទ្វារមាស លក់លើទីផ្សារអនឡាញ។ ក្នុងនោះវេជ្ជបណ្ឌិត កែវ មួយស្រូយ បានណែនាំថា ការប្រើផលិតផលទាំងនោះដោយមិនចេះពិនិត្យ និងពិភាក្សាជាមួយអ្នកជំនាញអាចបំផ្លាញផ្លូវភេទស្ត្រីទៅវិញ។
លោកបានលើកឡើងថា ផលិតផលដែលបាន និងកំពុងផ្សាយថាជួយប្រដាប់ភេទស្ត្រីឲ្យធ្លាក់សអស់ (ប្រើភ្លាមឃើញមានសធ្លាក់មកភ្លាមយ៉ាងមានប្រសិទ្ធភាព ទោះមិនធ្លាប់ធ្លាក់សពីមុនមកក្តី) ឬផលិតផលបន្តឹងទ្វារមាសឲ្យហាប់ណែនដូចក្រមុំ ទឹកអនាម័យឲ្យក្រអូបបរិវេណនោះ បានបំផ្លាញប្រដាប់ភេទស្ត្រី ឲ្យរលាក រលួយ ស្អិត ទៅវិញទេ។
វេជ្ជបណ្ឌិតខាងលើបានបន្ថែមទៀតថា មានស្ត្រីរងគ្រោះ ដោយសារប្រើផលិតផលអស់ទាំងនោះជាច្រើននាក់ហើយ ក្រោយប្រើទៅស្ថានភាពកាន់តែអាក្រក់ ដោយខ្លះក៏ប្រើពេលយូរទម្រាំជា និងខ្លះទៀតមិនងាយព្យាបាល ហើយខ្លះទៀតមិនសង្ឃឹមថាសុខភាពបន្តពូជអាចត្រឡប់មកធម្មតាវិញទេ រហូតដល់ស្ត្រីមួយចំនួនពិការផ្លូវភេទ ប្រហែលលែងរួមភេទបានជារៀងរហូត។
ព្រោះតែបែបនេះហើយទើបលោកណែនាំឲ្យមុនទិញផលិតផលណាមួយ ត្រូវគិតពីគុណភាព និងតម្លៃ។ ជាពិសេសត្រូវចេះពិនិត្យមើលការទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធ ទើបអាចទុកចិត្តបាន និងមិនបង្កបញ្ហាសុខភាពទៅថ្ងៃក្រោយវិញ។