ស្រីៗគួរដឹងថា​ក្លិនទ្វារមាសបែបនេះ អាចមានគ្រោះថ្នាក់ឬអត់

    ស្រីៗគួរដឹងថា​ក្លិនទ្វារមាសបែបនេះ អាចមានគ្រោះថ្នាក់ឬអត់

    ជា​ធម្មតា​សម្រាប់​ស្រីៗ​យើង​មាន​សុខភាព​ល្អ​ ទ្វារ​មាស​អាច​មាន​ក្លិន​ជា​ច្រើន​បែប។ មួយ​វិញ​ទៀត​ទ្វារ​មាស​របស់​​ស្រី ក៏​ជា​ផ្ទះ​របស់​បាក់តេរី​រាប់​លានផង​ដែរ ដែល​ចំនួន​បាក់តេរី​ក្នុង​នោះ ប្រែប្រួល​ជា​រៀង​រាល់​ថ្ងៃ ឬ​រៀង​រាល់​ម៉ោង។

    បម្រែ​បម្រួល​នោះ​គឺ​ជា​រឿង​ធម្មតា​ទេ ហើយ​ក្លិន​ទ្វារ​មាស​របស់មនុស្ស​ស្រីយើង​ ក៏​ខុស​គ្នា​ដោយ​​អាច​​មក​ពីវដ្ដ​រដូវ​ កត្តា​អនាម័យ និង​របៀប​រស់​នៅ​របស់​យើង​ដែរ​។

    មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ តំបន់​ក្រលៀន​របស់​យើង មាន​ក្រពេញ​ជា​ច្រើន ដូច​នេះ​តំបន់​នោះ​មាន​ធុំ​ក្លិន​ គឺ​មិន​មែន​ជា​រឿង​ចម្លែក​ទេ។

    ខាង​ក្រោម​នេះ ​គឺ​ជា​ប្រភេទ​នៃ​ក្លិន​របស់​ទ្វារ​មាស​ ដែល​ស្រីៗ​យើង​គួរដឹង​។

    ១- ក្លិនជូរផ្អាប់

    វា​ជា​រឿង​ធម្មតា​ដែល​ទ្វារ​មាស​របស់មនុស្ស​ស្រី​យើង​មាន​ក្លិន​​ជូរ​ផ្អាប់នោះ​។ មាន​អ្នក​ខ្លះ​និយាយ​ថា​វា​មា​នក្លិន​ស្រដៀង​នឹង​​អាហារ​ផ្អាប់​ទុក​ចោលអ៊ីចឹង​។​ តែ​តាមពិត​ទៅ ក្នុង​យ៉ាអ៊ួរ ក្នុង​មេនំប៉័ង និង​ក្នុង​ស្រាបៀរ ក៏​​មាន​រសជាតិ​ជូរ​ៗ​មួយ​ចំនួន ​មាន​ផ្ទុក​បាក់តេរី​ល្អ ដូច​គ្នា​ជាមួយ​ប្រភេទ​បាក់តេរី​ក្នុង​ទ្វារ​មាស​របស់​មនុស្ស​ស្រី​អ៊ីចឹង​​ដែរ គឺ​ពពួក​បាក់​តេរី Lactobacilli

    មូលហេតុធ្វើឲ្យមានក្លិនជូរផ្អាប់

    • មជ្ឈដ្ឋាន​ជាតិ​អាស៊ីត៖​ ជា​ធម្មតា​កម្រិត pH ក្នុង​ទ្វារ​មាស​របស់​មនុស្ស​ស្រី​គឺ​មាន​ភាព​អាស៊ីត ដែល​​វា​ស្ថិត​នៅ​ចន្លោះ​ពី ៣,៨ ទៅ ៤,៥ ដែល​មជ្ឈដ្ឋាន​អាស៊ីត​ក្នុង​ទ្វារ​មាស​នេះ គឺ​ដោយ​សារ​វត្តមាន​របស់​បាក់តេរី Lactobacilli ដែល​វា​ជួយ​ការពារ​កុំ​ឲ្យ​បាក់តេរី​មិន​ល្អ​លូត​លាស់​ក្នុង​ទ្វារ​មាស​របស់​មនុស្ស​ស្រី​បាន។

    ២- ក្លិនដូច​លោហៈ

    មាន​មនុស្ស​ស្រី​​ជា​ច្រើន រៀប​រាប់​ថា ទ្វារ​មាស​របស់​គាត់ខ្លួន​ មាន​ក្លិន​ដូច​ទង់​ដែង ឬ​ជាតិ​លោហៈ​អ៊ីចឹង​។ ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ត្រូវ​ព្រួយ​បារម្មណ៍​ទេ។ ជា​ធម្មតា​ក្លិន​ប្រភេទ​នេះ មិន​សូវ​បង្ក​ឡើង​ដោយ​សារ​បញ្ហា​ធ្ងន់​ធ្ងរ​ឡើយ។

    មូលហេតុ​ធ្វើឲ្យទ្វារមាសមានក្លិនដូច​ស្ពាន់៖

    • ឈាម៖ ក្នុង​ឈាម​មាន​ផ្ទុក​ជាតិ​ដែក ដែល​វា​មាន​ក្លិន​លោហៈ ហើយ​មូលហេតុ​ដែល​ទ្វារ​មាស​មនុស្ស​ស្រី មាន​ក្លិន​លោហៈ​បែប​នេះ គឺ​ដោយ​សារ​ការ​មក​រដូវ​។ ក្នុង​អំឡុង​ពេល​មក​រដូវ ឈាម និង​ជាលិកា​ដាច់​ចេញ​ពី​ស្រទាប់​ស្បូន ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ផ្លូវ​ប្រដាប់​ភេទ​របស់​មនុស្ស​ស្រី។
    • ការរូមភេទ៖ ជា​ធម្មតា​មនុស្ស​ស្រី​ អាច​មាន​ហូរ​ឈាម​បន្តិច​បន្តួច ក្រោយ​ពេល​រូម​ភេទ​រួច។ បញ្ហា​នេះ​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​ទ្វារ​មាស​​ស្ងួត ឬ​ដោយ​សារ​តែ​សកម្មភាព​ផ្លូវ​ភេទ ប្រើ​កម្លាំង​ខ្លាំង ធ្វើ​ឲ្យ​ដាច់​ ឬ​រលាត់​ស្រទាប់​ទ្វារ​មាស។ ដើម្បី​ការពារ​បញ្ហា​ទាំង​នេះ ​គួរ​ប្រើ​ប្រាស់​ទឹក​រំអិល​ពេល​រួម​ភេទ​។

    មូល​ហេតុ​ធ្វើ​ឲ្យ​ទ្វារ​មាស​មាន​ក្លិន​ទង់​ដែង​ អាច​មិន​សូវ​មាន​ ប៉ុន្តែ​វា​មាន​គ្រោះ​ថ្នាក់​ខ្លាំង ដោយ​សារ​តែ​ភាគ​ច្រើន​ គឺ​វា​បង្ក​ឡើង​ដោយ​សារ​តែ​មាន​ការ​ហូរ​ឈាម​នៅ​ទ្វារ​មាស។ ​ក្លិន​លោហៈ​នេះ មិន​ត្រូវ​មាន​នៅ​ក្នុង​រយៈ​ពេល​យូរ​ ក្រោយ​ពេល​វដ្ដ​រដូវ​របស់​មនុស្ស​ស្រី អស់​នោះ​ទេ។ មួយ​វិញ​ទៀត ប្រសិន​បើ​ទ្វារ​មាស​មាន​ប្រឡាក់​ជាមួយ ទឹក​កាម​របស់​បុរស នោះ​វា​អាច​ធ្វើ​ឲ្យ​កម្រិត pH ក្នុង​ទ្វារ​មាស​ប្រែ​ប្រួល​ និង​បង្ក​ឲ្យ​មាន​ក្លិន​លោហៈ​នេះ​កើត​ឡើង។

    ប្រសិន​​បើ​អ្នក​មាន​បញ្ហា​ហូរ​ឈាម មិន​មែន​ដោយ​សារ​វដ្ដ​រដូវ ឬ​មាន​ក្លិន​បែប​លោហៈ និង​មាន​បញ្ហា​រមាស់ ឬ​ធ្លាក់​ស ​គួរ​តែ​ប្រញាប់​​ទៅ​​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

    អត្ថបទពាក់ព័ន្ធ៖

    ៣- ក្លិនផ្អែមឆួល

    បើ​យើង​និយាយ​ពី​ក្លិន​ផ្អែម គឺ​មិន​មែន​សំដៅ​លើ​ក្លិន​ផ្អែម​ដូច​មាន​លើ​នំ​ខេក​នោះ​ទេ គឺ​យើង​ចង់​សំដៅ​លើ​ក្លិន ឆួល និង​ដូច​ក្លិន​ដី។ ប៉ុន្តែ​កុំ​បារម្ភ​ពេក​អី ដោយ​សារ​តែ​ ក្លិន​បែប​នេះ គឺ​មិន​​មែន​បណ្ដាល​មក​ពី​បញ្ហា​គួរ​ឲ្យ​បារម្ម​ពេក​ទេ។

    មូលហេតុ​ធ្វើ​ឲ្យ​មានក្លិន​ផ្អែម​ឆួល

    • បាក់តេរី៖ កម្រិត​ pH ក្នុង​ទ្វារមាស​រប​ស់​មនុស្ស​ស្រី​អាច​ប្រែ​ប្រួល​ទៅ​តាម​បរិមាណ​នៃ​បាក់​តេរី​ក្នុង​នោះ។ ដូច​នេះ​បាន​ជា​ពេល​ខ្លះ​ទ្វារ​មាស​របស់​ស្រីៗ​យើង​ មាន​ក្លិន​បែបនេះ​។

    ៤- ក្លិនបែបជាតិគីមី ដូចក្លិនបន្ទប់ទើបសម្អាតរួច

    ក្លិន​ស្រដៀង​គ្នា​ជាមួយ​ក្លិន​ថ្នាំ​ធ្វើ​ឲ្យ​ស ឬ​ក្លិន​អាម៉ូញាក់ អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន ហើយ​ពេល​ខ្លះ យើង​​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ ប្រសិន​បើ​​មាន​ក្លិន​បែប​នេះ។

    មូលហេតុធ្វើ​ឲ្យមាន​ក្លិន​ដូច​សារធាតុ​គីមី

    • ទឹក​នោម៖ ទឹក​នោម​មាន​ផ្ទុក​ជាតិ​អាម៉ូញាក់​ម្យ៉ាង ហៅថា​អ៊ុយរ៉េ។ ពេល​ខោ​ក្នុង​ ឬ​តំបន់​ជុំ​វិញ​ទ្វារ​មាស​មាន​ជក់​ទឹក​នោម​ច្រើន វា​អាច​ធ្វើ​ឲ្យ​មាន​ក្លិន​ដូច​ជាតិ​គីមី​បាន ហើយ​បើ​ទឹក​នោម​មាន​ក្លិន​អាម៉ូញាក់​ច្រើន វា​អាច​បណ្ដាល​មក​ពី​បញ្ហា​កង្វះ​ជាតិ​ទឹក​ហើយ។
    • Bacterial vaginosis៖ ក្លិន​សារធាតុ​គីមី អាច​ជា​សញ្ញា​របស់​ Bacterial vaginosis (បាក់តេរី​ក្នុង​ទ្វារមាស)។

    Bacterial vaginosis គឺ​ជា​ការចម្លង​រោគ​សាមញ្ញ​មួយ។ រោគ​សញ្ញា​របស់​វា​រួម​មាន៖

    • ក្លិន​ស្អុយ​ ឬ​ឆ្អាប
    • ធ្លាក់​ស​មាន​ពណ៌​ប្រផេះ​ស្ដើង ពណ៌​ស ឬ​ពណ៌​បៃ​តង
    • រមាស់​ទ្វារ​មាស
    • ក្រហាយ​ពេល​នោម

    ៥- ក្លិនដូចផ្សែងដុតថ្នាំបុរាណ ឬក្លិនដី

    ក្លិន​នេះ​អាច​កើត​លើ​មនុស្សស្រី​យើង​​គ្រប់​គ្នា។ អ្នក​ខ្លះ​គាត់​សង្កេត​ឃើញ​ថា ក្លិន​ខ្លួន​ស្រដៀង​គ្នា​ជាមួយ​ក្លិន​កញ្ឆា។ គ្នា​យើង​អាច​​យល់​ឃើញ​ថា ទ្វារ​មាស​មាន​ក្លិន​បែប​នេះ គឺ​ដោយ​សារ​តែ​តំបន់​ទ្វារ​មាស​​មាន​ក្រពេញ​ជា​ច្រើន។

    មូលហេតុ​ធ្វើ​ឲ្យ​ទ្វារមាស​មានក្លិន

    • ស្ត្រេស៖ ខ្លួន​របស់​យើង​ម្នាក់​ៗ មាន​ផ្ទុក​ក្រពេញ​ញើស​ពីរ គឺ apocrine និង eccrine។ ក្រពេញ eccrine ផលិត​ញើស​ដើម្បី​ធ្វើ​ឲ្យ​ដង​ខ្លួន​យើង​ត្រជាក់ ចំណែក​ឯ ​apocrine វិញ​គឺ​ឆ្លើយ​តប​ជាមួយ​អារម្មណ៍​របស់​យើង ដែល​ភាគ​ច្រើន​ក្រពេញ apocrine គឺ​មាន​ច្រើន​នៅ​ក្លៀក និង​នៅ​ក្រលៀន។

    ពេល​យើង​​ស្ត្រេស ឬ​ព្រួយ​បារម្ម​ច្រើន ក្រពេញ apocrine និង​ផលិត​សារធាតុ​រាវ​ស្រដៀង​នឹង​ទឺក​ដោះ​គោ។ ជា​ធម្មតា​សារធាតុ​រាវ​នេះ មិន​មាន​ក្លិន​អ្វី​ឡើយ។ ប៉ុន្តែ​ពេល​វា​ទៅ​ប៉ះ​ជាមួយ​បាក់​តេរី​ក្នុង​ទ្វារ​មាស វា​នឹង​បង្កើត​បាន​ជា​ក្លិន​ឆួល​នេះ​ឡើង។

    ៦- ក្លិនឆ្អាប

    ស្រីៗ​យើង​ប្រហែល​ជា​ធ្លាប់​បាន​ឮ​អំពី​ក្លិន​ទ្វារ​មាស មាន​សភាព​ឆ្អាប។ ការ​ពិត​ទៅ ត្រី​ឆៅ ក៏​មិន​មាន​ក្លិន​ឆ្អាប​ដល់​ថ្នាក់​នេះ​ដែរ។ បើ​ត្រី​ទុក​ឲ្យ​ស្អុយ​ អាច​មាន​ក្លិន​ស្រដៀង​នេះ​បាន។ មូលហេតុ​ដែល​ត្រី​រលួយ និង​ទ្វារ​មាស​មាន​ក្លិន​ឆ្អាប​បែប​នេះ គឺ​បណ្ដាល​មក​ពី​សារធាតុ​ម្យ៉ាង​ហៅ​ថា Trimethylamine។

    មូលហេតុធ្វើឲ្យមានក្លិនឆ្អាប

    • Bacterial vaginosis៖ បញ្ហា bacterial vaginosis កើត​ឡើង​នៅ​ពេល​ដែល បាក់​តេរី​មិន​ត្រូវ​ការ​មាន​ក្នុង​ទ្វារ​មាស កើន​ឡើង​ច្រើន​ពេក ដែល​បាក់​តេរី ​ទាំង​អស់​នេះ គឺ​មាន​ក្លិន​មិន​ល្អ​។
    • Trichomoniasis. Trichomoniasis គឺ​ជា​ជំងឺ​កាម​រោគ​មួយ​ប្រភេទ ដែល​ងាយ​ស្រួល​ព្យាបាល ដោយ​ប្រើថ្នាំ​ផ្សះ។ ​គេ​ស្គាល់​ថា​វា​មាន​ក្លិន​ឆ្អាប​ដូច​ត្រី​ងាប់ ហើយ Trichomoniasis គឺ​មា​នក្លិន​ឆ្អាប​ជាង bacterial vaginosis។

    ប៉ុន្តែ​មាន​ករណី​ខ្លះ ក្លិន​ឆ្អាប​បែប​នេះ អាច​បណ្ដាល​មក​ពី​បញ្ហា​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ដែរ។

    ក្លិនទ្វារមាសប្រែប្រួល មិនមានបញ្ហាអ្វីនោះទេ

    ក្លិន​ក្នុង​ទ្វារ​មាស​ប្រែ​ប្រួល គឺ​ជា​រឿង​ធម្មតា។ ដោយ​សារ​តែ​ក្លិន​របស់​ទ្វារ​មាស​គឺ​មាន​ទាក់ទង​ជាមួយ​កម្រិត pH ហើយ​មាន​បញ្ហា​ជា​ច្រើន ធ្វើ​ឲ្យ​ pH ក្នុង​ទ្វារ​មាស​ប្រែ​ប្រួល។

    ឧទាហរណ៍​ដូច​ជា​ការ​រួម​ភេទ ទឹក​កាម​គឺ​មាន​ពាក់​ព័​ន្ធ​ជាមួយ​បម្រែ​បម្រួល​របស់​កម្រិត pH ដូច​នេះ​សូម​កុំ​បារម្ភបើ​ក្លិន​ទ្វារ​មាស​ប្រែ​ប្រួល ក្រោយ​ពេល​អ្នក​ទើប​រួម​ភេទ ហើយ​ការ​ប្រែ​ប្រួល​នេះ កើត​ឡើង​ក្នុង​រយៈ​ពេល​មួយ​ខ្លី​តែ​​ប៉ុណ្ណោះ។

    ពេល​មនុស្ស​ស្រី​អស់​រដូវ ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កម្រិត pH​ ដូច​គ្នា។ ដោយ​សារ​តែ​កង្វះ​អ័រម៉ូន អឺស្ត្រូហ្សែន ធ្វើ​ឲ្យ​ទ្វារ​មាស​​មនុស្ស​ស្រី​អស់​រដូវ មិន​សូវ​មាន​សារធាតុ​​រំអិល។ ពេល​ដែល​សារធាតុ​នេះ​មិន​សូវ​មាន និងការ​កើន​ឡើង​របស់ បាក់តេរី Lactobacilli ទៀត​នោះ វា​នឹង​ធ្វើ​ឲ្យ​កម្រិត ​pH ក្នុង​ទ្វារ​មាស​របស់​មនុស្ស​ស្រី​កើន​ឡើង។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ 22/09/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម