ស្រ្តីវ័យកណ្ដាលចេញសញ្ញាទាំងនេះ បញ្ជាក់ថាមានជំងឺស្រុតស្បូន

    ស្រ្តីវ័យកណ្ដាលចេញសញ្ញាទាំងនេះ បញ្ជាក់ថាមានជំងឺស្រុតស្បូន

    នៅកម្ពុជាស្ត្រី​ប្រមាណ ៣០% មាន​ជំងឺ​ស្រុត​ស្បូន​ជា​ពិសេស​ស្ត្រី​វ័យ​ចំណាស់ ​និង​អស់​រដូវ។ នេះ​ជា​ការ​លើក​ឡើង​របស់ផេក​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​ជំងឺ​នេះ​បង្ក​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព​ និង​មាន​ផល​រំខាន​ដល់​ប្រព័ន្ធ​បង្ហូរ​ទឹក​នោម​ខាង​ក្រោម​ សុខភាព​ផ្លូវ​ភេទ​ និង​ការ​បន្ទោរ​បង់​លាមក​។

    ១- មូលហេតុ​បណ្ដាល​បណ្តាលឲ្យស្រុតស្បូន

    កត្តា​ដែល​ប្រឈម​ចំពោះ​ស្ត្រី​នឹង​ជំងឺ​នេះ​មាន៖

    – ភាព​ចុះ​ខ្សោយ​ប្រព័ន្ធ​ទម្រ​អាង​ត្រគាក
    – ភាព​មិន​ធម្មតា​របស់​ឆ្អឹង​អាង​ត្រគាក​ ដែល​មាន​ពី​កំណើត
    – ភាព​ចុះ​ខ្សោយ​ ស្វិត​ និង​យារ ​របស់​សាច់​ដុំ​អាង​ត្រគាក
    – ស្ត្រី​ធ្លាប់​សម្រាល​កូន​ច្រើន​ ដែល​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​សាច់​ដុំ​អាង​ត្រគាក​។​
    – ​ទល់​លាមក​ញឹក​ញាប់
    – ធ្វើ​ការ ឬ​លើក​របស់​របរ​ធ្ងន់​ៗ
    – ស្ត្រី​ឆាប់​អស់​រដូវ​ ដោយ​សារ​កង្វះ​អ័ម៉ូន
    – ស្ត្រី​ធ្លាប់​មាន​ការ​វះ​កាត់​ជំងឺ​ស្បូន និង​ជំងឺ​ទ្វារ​លាមក

    ស្រុតស្បូន

    ២- រោគសញ្ញាស្រុតស្បូន

    ទូទៅ​ជំងឺ​នេះ​មាន​រោគ​សញ្ញា​ដូចជា៖

    – មាន​ផល​រំខាន​លើ​មុខ​ងារ​បង្ហូរ​ទឹក​នោម
    – អ្នក​ជំងឺ​ជ្រាប​ទឹក​នោម នៅ​ពេល​ប្រឹង ក្អក សើច ឬ​លើក​របស់​ធ្ងន់
    – អ្នក​ជំងឺ​មាន​អារម្មណ៍​ហាក់​ដូច​ជា​មាន​ដុំ​ទឹង​ណែន​រំខាន​នៅ​ក្នុង​ទ្វារ​មាស
    – អ្នក​ជំងឺ​មាន​ផល​រំខាន​ក្នុង​ការ​បន្ទោបង់​លា​មក
    – អ្នក​ជំងឺ​អាច​ជ្រាប​លាមក ឬ​លេច​ផោម ​ដោយ​ឯក​ឯង
    – ឈឺ​នៅ​អាង​ត្រគាក
    – មាន​ធ្លាក់​ស
    – រលាក​ទ្វារ​មាស
    – ផល​រំខាន​ក្នុង​ការ​​រួមភេទ

    ក្នុង​ករណី​ធ្ងន់ធ្ងរ​ អ្នក​ជំងឺ​មាន​លៀន​ចេញ​នូវ​សរីរាង្គ​មួយ​ចំនួន​ដូចជា​ ផ្លោក​នោម​ ស្បូន ​ទ្វារ​លាមក​ តាម​ទ្វារ​មាស​ចេញ​មក​ក្រៅ។​

    ៣- ការ​ព្យាបាលជំងឺស្រុតស្បូន

    វិធី​ព្យាបាល​ជំងឺ​នេះ​មាន ៣ ប្រភេទ

    – ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​៖ ស្ត្រី​អាច​ប្រើ​ថ្នាំ​អ័រម៉ូន​មួយ​ចំនួន​ ដើម្បី​ជួយ​កុំ​ឲ្យ​ឆាប់​អស់​រដូវ ​និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទម្រ​សាច់​ដុំ​អាង​ត្រគាក​រឹងមាំ​។

    – វិធី​ហាត់​ប្រាណ​៖ ការ​ហាត់​ប្រាណ​ធ្វើ​ឲ្យ​សាច់​ដុំ​អាង​ត្រគាក​ និង​សាច់​ដុំ​ពោះ​រឹង​មាំ។

    – វិធី​វះ​កាត់​៖

    • ការ​វះ​កាត់​តាម​ទ្វារ​ក្រោម​ ដោយ​យើង​ធ្វើ​ការ​វះ​កាត់​យក​ស្បូន​ចេញ ​ហើយ​និង​ជួស​ជុល​មុខងារ​បង្ហូរ​ទឹកនោម​ ប្លោក​នោម​ ទ្វារ​លាមក​ និង​សុខភាព​ផ្លូវ​​ភេទ។​
    • ការ​វះ​កាត់​ដោយ​ប្រើ​ឧបករណ៍​ចោះ យើង​អាច​ចង​ទប់​ស្បូន​ទៅ​នឹង​ឆ្អឹង​អាង​ត្រគាក​ផ្នែក​ខាង​ក្រោយ​។​ វិធី​នេះ​មាន​សារប្រយោជន៍​សំខាន់​ដល់​ស្ត្រី​ ដោយ​រក្សា​ទុក​ស្បូន​ សុខភាព​បន្ត​ពូជ ជា​ពិសេស​ស្ត្រី​ដែល​នៅ​វ័យ​ក្មេង​ អាច​ឲ្យ​មាន​កូនទៅ​ថ្ងៃ​ក្រោយ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 20/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត