ទម្លាប់ខាំក្រចកអាចថាតូចតាច តែផលប៉ះពាល់មានច្រើន

    ទម្លាប់ខាំក្រចកអាចថាតូចតាច តែផលប៉ះពាល់មានច្រើន

    នៅ​ពេល​ខ្លះ​ ទម្លាប់​ខាំ​ក្រចក​ជា​ប្រចាំ​ គឺ​ជា​សញ្ញា​បង្ហាញ​ពី​បញ្ហា​ស្រ្តេស​​ផ្លូវ​ចិត្ត ឬ​ផ្លូវ​អារម្មណ៍​។ វា​ក៏​បង្ហាញ​ថា​ បុគ្គល​នោះ​​មាន​អារម្មណ៍​អន្ទះអន្ទែង​ រសាប់រសល់​ ឬ​ពិបាក​ចិត្ត​ជាដើម​។ ជាមួយ​គ្នា​នេះ​ដែរ​ គ្នា​យើង​​អាច​នឹង​ខាំ​ក្រចក​ដោយ​មិន​ដឹង​ខ្លួន​ នៅ​ពេល​អផ្សុក​ ឃ្លាន​ ឬ​ពេល​ចិត្ត​មិន​ស្ងប់ ​​​​។

    ទោះ​ជា​ការ​ខាំ​ក្រចក​ មិន​បណ្ដាល​ឲ្យ​​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​​យ៉ាង​ណា​ក្តី​ ប៉ុន្តែ​វា​មាន​ផល​អាក្រក់​ដល់​រាងកាយ​យើង​មួយ​ចំនួន​ដែរ​​។

    ​​​​. មាន​មេរោគ​ច្រើន​នៅ​ក្រោម​ក្រចក​ដៃ

    ទោះបី​ជា​យើង​លាង​ដៃ​ញឹកញាប់​យ៉ាងណា​ក៏​ដោយ​ វា​​នៅ​តែ​មាន​ការ​លំបាក​ក្នុង​ការ​កម្ចាត់​រាល់​មេរោគ​ និង​ធូលី​ដី​ចេញ​ពី​ក្រចក​យើង​ឲ្យ​អស់​ណាស់​។ ការ​ខាំ​ក្រចក​នេះ​ គឺ​ប្រៀប​ដូចជា​នាំ​យក​មេរោគ​ ព្រមទាំង​ធូលី​ដី​ចូល​ក្នុង​មាត់​របស់​យើង​យ៉ាង​ដូច្នោះ​ដែរ​។

    នៅ​ពេល​ដែល​មេរោគ​ទាំង​នេះ​​ចូល​ក្នុង​រាងកាយ​យើង​តាម​រយៈ​ក្រចក​​ វា​នឹង​ធ្វើ​ឲ្យ​យើង​ឧស្សាហ៍​ឈឺ​ជា​ញឹកញាប់​។ ហេតុនេះ​ហើយ​ ចូរ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ និង​យក​ចិត្ត​ទុកដាក់​ចំពោះ​ក្រចក​​យើង​ឲ្យ​កាន់​តែ​ច្រើន​ឡើង​។

    . ឆ្លង​មេរោគនៅក្រចក​​

    ការ​ខាំ​ក្រចក​នឹង​បង្កើន​ហានិភ័យ​នៃ​ការ​បង្ក​រោគ​នៅ​ក្រចក​។ ហើយ​រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​នេះ​ មាន​ដូចជា​ មាន​អារម្មណ៍​ឈឺចាប់ មាន​ពណ៌​ក្រហម​ និង​ជាំ​នៅ​បរិវេណ​ជុំវិញ​ក្រចក ជាពិសេស​ នៅ​ស្បែក​គល់​ក្រចក​ ឬ​នៅ​បរិវេណ​សាច់​ដុះ​នៅ​គល់​ក្រចក ព្រម​ទាំង​​បង្ក​ជា​របួស​ផ្សេងៗ​​ផង​ដែរ​។

    ប្រសិន​បើ​ការ​ឆ្លង​រោគ​នេះ​ បង្ក​ឡើង​ដោយ​បាក់តេរី​ វា​អាច​នឹង​មាន​ពង​បែក​ដែល​មាន​ខ្ទុះ​នៅ​បរិវេណ​ក្រចក​ថែម​ទៀត​ផង​។ ម្យ៉ាង​វិញ​ទៀត​ បើ​យើង​ខាំ​ក្រចក​​មាន​ឫស​ ​បង្ក​ឡើង​ដោយ​មេរោគ​ ហើយ​ខាំ​ក្រចក​មួយ​ផ្សេង​ទៀត​នោះ​ ឫស​នោះ​នឹង​​អាច​សាយភាយ​នៅ​បរិវេណ​ផ្សេង​ទៀត​មិន​ខាន។

    ទម្លាប់ខាំក្រចក

    . ផ្ដល់​ផល​អាក្រក់​ដល់​ធ្មេញ​ និង​អញ្ចាញ​ធ្មេញ

    ការ​ខាំ​ក្រចក​ជា​រឿយ​ៗ​នឹង​បណ្ដាល​ឲ្យ​ធ្មេញ​របស់​យើង​ឆែប​ និង​បាក់​បែក ក៏​ដូចជា​​ធ្វើ​ឲ្យ​ថ្គាម​ផ្លាស់​ទី​ផង​ដែរ​​។​ ​បំណែក​នៃ​ក្រចក​ដៃ​អាច​ជាប់​នៅ​ខាងក្រោម​អញ្ចាញ​ធ្មេញ​ ដែល​បណ្ដាល​ឲ្យ​​មាន​ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​​ថែម​ទៀត​ផង​។

    . ​បំផ្លាញ​​​ក្រចក​ ​

    ជាមួយ​គ្នា​នេះ​ដែរ​ ទម្លាប់​ខាំ​ក្រចក​ញឹកញាប់​ នឹង​ធ្វើ​ឲ្យ​ខូចខាត​ដល់​សាច់​ខាង​ក្នុង​ក្រចក​ ដែល​បណ្ដាល​ឲ្យ​ខូច​ក្រចក​ជា​រៀង​រហូត​ផង​ដែរ​។ រី​ឯ​ការ​បេះ​សាច់​ក្បែរ​ក្រចក​ ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​បង្ក​រោគ​នៅ​បរិវេណ​ចុង​ម្រាម​ដៃ​ថែម​ទៀត​ផង​។

    . សង្កៀត​ធ្មេញ​​នៅ​ពេល​យប់​

    ​​​ប្រសិន​បើ​យើង​ខាំ​ក្រចក​ជា​ប្រចាំ​នោះ​ យើង​អាច​នឹង​​ជួប​នូវ​បញ្ហា​សង្កៀត​ធ្មេញ​នៅ​ពេល​យប់​ ដែល​ទម្លាប់​នេះ​នឹង​បំផ្លាញ​ដល់​សុខភាព​មាត់​ធ្មេញ​របស់​យើង​យ៉ាង​ធ្ងន់ធ្ងរ​ ​ហើយ​វា​ក៏​អាច​បណ្ដាល​​ឲ្យ​ធ្មេញ​របស់​យើង​ឆាប់​បាក់​ថែម​ទៀត​ផង​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 16/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត