២. វិធីថែទាំក្រចកជើង
ថ្វីបើក្រចកជើងមិនសូវអ្នកណាមើលឃើញក៏ពិតមែន តែប៉ាម៉ាក់ក៏គួរបង្រៀនកូនឲ្យចេះថែទាំដូចគ្នា។ ក្រៅតែពីត្រូវកាត់ដូចក្រចកដៃដែរ ខាងក្រោមនេះជាតិចនិកមួយចំនួនទៀតជួយឲ្យក្រចកជើងមានសុខភាពល្អ៖
- ពេលទិញស្បែកជើងឲ្យកូនប៉ាម៉ាក់ត្រូវប្រាកដថាស្បែកជើងត្រូវមានចន្លោះខ្លះនៅខាងចុងជើង ដើម្បីកុំឲ្យចុងជើងបុកជាប់នឹងស្បែកជើងពេក អាចនាំឲ្យឈឺក្រចក។
- ផ្លាស់ប្តូរស្រោមជើងឲ្យកូន ឬប្រាប់កូនឲ្យប្ដូរស្រោមជើងរាល់ថ្ងៃ ព្រោះថាស្រោមជើងកខ្វក់អាចធ្វើឲ្យមានរោគឆ្លងដែរ។
៣.ពិនិត្យក្រចក
ក្រចកក្មេងភាគច្រើនមានសុខភាពល្អស្រាប់ហើយ តែថាការណ៍ដែលប៉ាម៉ាក់បង្រៀនកូនឲ្យចេះពិនិត្យតាមដានសុខភាពក្រចក ជារឿងសំខាន់មួយក្នុងការបង្កើតទម្លាប់ល្អដល់កូនក្នុងការថែទាំក្រចកពេលធំឡើង។ អ្នកជំនាញខាងសុខភាពស្បែកលើកឡើងថាការពិនិត្យក្រចកជាប្រចាំអាចឲ្យយើងដឹងពីសញ្ញាសុខភាពមួយចំនួនដែលកើតមានលើក្រចក។ បើឃើញមានអ្វីប្រែប្រួលលើក្រចក អាចនាំឲ្យក្រចកខូច យើងអាចនាំកូនទៅជួបពេទ្យទាន់ពេលវេលា។