មកពីមូលហេតុនេះហើយ ទើបយើងកើតត្រអកលើស្បែក

    មកពីមូលហេតុនេះហើយ ទើបយើងកើតត្រអកលើស្បែក

    ធម្មតា ពេល​ស្បែក​យើង​ឡើង​ក្រហម ឬ​ឡើង​កន្ទួល យើង​មិន​សូវ​ជា​ចាប់​អារម្មណ៍​ប៉ុន្មាន​ដោយ​គិត​ថា ប្រហែល​ជាមាន​សត្វ​ល្អិត​អី​មក​ខាំ​ធ្វើ​ឲ្យ​ឡើង​ក្រហម ឬ​កន្ទួល​តែ​ប៉ុណ្ណោះ គ្មាន​បញ្ហា​អ្វី​ឡើយ។ ប៉ុន្តែគ្នា​យើង​ត្រូវ​ដឹង​ថា ស្បែក​យើង​ក៏​អាច​កើត​ជំងឺ​សើ​ស្បែក​ដូច​ជា ជំងឺ​ត្រ​អក​ជាដើម។

    យើង​ដឹង​ហើយ​ថា ជំងឺ​ត្រអក​ជា​ជំងឺ​សើ​ស្បែក​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​រលាក​កោសិកា​ស្បែក បើ​ធ្ងន់ធ្ងរ​ក៏​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​ផង​ដែរ។ ចំពោះ​ជំងឺ​ត្រអក​នេះ កើត​ឡើង​មិន​រើស​វ័យ និង​ភេទ​ទេ ជា​ពិសេស​ក្មេង​តូច​ៗ ងាយ​កើត​ជំងឺ​នេះ​ជាង​មនុស្ស​ធំ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។

    តាម​ពិត​ទៅ ជំងឺ​ត្រអក​នេះ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​បង្ក​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​ខាង​ក្រុម​គ្រូពេទ្យ​ជំនាញ​ជឿ​ថា វា​អាច​កើត​ឡើង​ដោយ​សារ​កត្តា​ហ្សែន និង​កត្តា​បរិស្ថាន។ កត្តា​បរិស្ថាន​ខ្លះ​ៗ​ដែល​អាច​បណ្ដាល​ឲ្យ​ចេញ​សញ្ញា​នៃ​ជំងឺ​ត្រអក​មាន​ដូច​ជា៖

    • ការ​ប្រតិកម្ម៖ វា​អាច​បណ្ដាល​មក​ពី​ការ​ប្រតិកម្ម​ជាមួយ​សាប៊ូ ទឹក​សម្លាប់​មេរោគ សាច់ បន្លែ ឬ​ទឹក​ផ្លែ​ស្រស់​ៗ​ក៏​ថា​បាន។
    • ភ្នាក់​ងារ​ធ្វើ​ឲ្យ​អាលែកហ្ស៊ី៖ សត្វ​ចិញ្ចឹម កម្ទេច​ធូលី ខ្យល់​ពុល ឬ​ពពួក​ផ្សិត សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ត្រអក ដែល​យើង​ហៅ​ថា​ជំងឺ​ត្រអក​អាលែកហ្ស៊ី។
    • សីតុណ្ហភាព​ក្ដៅ និង​ត្រជាក់៖ អាកាសធាតុ​ក្ដៅ​ខ្លាំង និង​ត្រជាក់​ខ្លាំង ឬ​ញើស​ដែល​បែក​ចេញ​ពី​រាង​កាយ​ក្រោយ​ហាត់​ប្រាណ​រួច​ក៏​អាច​បណ្ដាល​ឲ្យ​កើត​​ជំងឺ​ត្រអក​ដែរ។
    • ចំណី​អាហារ៖ អាហារ​ផលិត​ពី​ទឹក​ដោះ​គោ ស៊ុត គ្រាប់​ធញ្ញជាតិ អាហារ​ផលិត​ពី​សណ្ដែក​សៀង និង​ស្រូវ​សាឡី សុទ្ធតែ​អាច​បង្ក​ជំងឺ​ត្រអក​កើត​ឡើង។
    • អ័រម៉ូន៖ ស្ត្រី​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​ត្រអក​នេះ នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​មាន​ការ​ប្រែប្រួល អំឡុង​​ពពោះ ឬ​ពេល​ណា​មួយ​អំឡុង​​វដ្ដ​រដូវ។
    • ស្ត្រេស៖ ដ្បិត​តែ​ស្ត្រេស​មិន​មែន​ជា​កត្តា​ចម្បង​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ត្រអក តែ​ស្ត្រេស​អាច​ធ្វើ​ឲ្យ​អាការៈ​ជំងឺ​ត្រអក​កាន់​តែ​ធ្ងន់ធ្ងរ។

    លោក​បន្ត​ថា ក្មេងៗ​ភាគ​ច្រើន​អាច​កើត​ជំងឺ​ត្រ​អក ប្រសិន​បើ​ម៉ាក់​ប៉ា​ធ្លាប់​កើត​ជំងឺ​នេះ ហើយ​បើ​ទាំង​ម៉ាក់​ទាំង​ប៉ា​មាន​ហ្សែន​ជំងឺ​ត្រអក កូន​ៗ​មាន​ភាគរយ​ខ្ពស់​នឹង​កើត​ជំងឺ​នេះ។ មួយ​វិញ​ទៀត សម្រាប់​ជំងឺ​ត្រអក​នេះ​នៅ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ​ទេ ប៉ុន្តែ​យើង​អាច​ព្យាបាល និង​ទប់​ស្កាត់​ជំងឺ​ត្រអក​បាន​ដោយ​ប្រើ​ក្បួន​ធម្មជាតិ ឡេ ឬ​គ្រីម​ផ្ដល់​សំណើម ថ្នាំ និង​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅ​មួយ​ចំនួន។​​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 21/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត