បបូរមាត់ក៏ត្រូវការការថែទាំជាប្រចាំដូចទៅនឹងស្បែករបស់យើងដែរ ពីព្រោះស្បែកនៅលើបបូរមាត់ស្ដើង ហើយថែមទាំងមិនមានក្រពេញញើស ដែលធ្វើឲ្យងាយស្ងួត និងរបកថែមទៀតផង។ ជាក់ស្ដែង បបូរមាត់ខ្មៅ និងបាត់បង់ពណ៌ស៊ីជម្ពូបែបធម្មជាតិ ដោយសារមូលហេតុជាច្រើន ហើយពណ៌នៃបបូរមាត់អាចប្រែប្រួលអាស្រ័យលើទម្លាប់នៃការរស់នៅ និងកត្តាវេជ្ជសាស្ត្រមួយចំនួនផងដែរ។
មូលហេតុធ្វើឲ្យបបូរមាត់កាន់តែខ្មៅទៅៗ
ជក់បារី អាលែកហ្ស៊ីនឹងក្រែមលាបមាត់ អាលែកហ្ស៊ីនឹងថ្នាំដុសធ្មេញផ្ទុកសារធាតុMenthol ក្រែមព្យាបាលបបូរមាត់ដែលមានក្លិន ក្រែមលាបមាត់ដែលមានគុណភាពអន់ អាលែកហ្ស៊ីនឹងថ្នាំមួយចំនួន សង្កត់ ខាំ ឬលិឍបបូរមាត់។ តិចនិកសាមញ្ញៗមួយចំនួនជួយកាត់បន្ថយបបូរមាត់ខ្មៅ
១. រក្សាជាតិទឹកក្នុងរាងកាយ
កត្តាមួយចំនួនដូចជាការបំពុលបរិស្ថាន និងកង្វះជាតិទឹកអាចធ្វើឲ្យបបូរមាត់ស្ងួត ប្រេះ និងឡើងពណ៌ខ្មៅ។ ហេតុនេះហើយ ការញ៉ាំទឹកឲ្យបានច្រើន យ៉ាងហោចណាស់ចំនួនប្រាំបីកែវក្នុងមួយថ្ងៃមានសារសំខាន់ណាស់ ជាពិសេសនៅក្នុងរដូវរងា។
២. ឈប់ជក់បារី
ការជក់បារីមិនត្រឹមតែបំផ្លាញសុខភាពរាងកាយ និងស្បែកប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់បបូរមាត់របស់យើង ក៏ដូចជាសុខភាពផ្លូវដង្ហើម។ ដូចនេះ បើយើងគប្បីបញ្ឈប់ការជក់បារី ទើបជាការប្រសើរ។
៣. ញ៉ាំផ្លែឈើ និងបន្លែស្រស់ៗឲ្យបានច្រើន
ទន្ទឹងនឹងនេះដែរ ការញ៉ាំផ្លែឈើ និងបន្លែស្រស់ៗដែលមានជាតិទឹកច្រើនដូចជាឪឡឹក ប៉េងប៉ោះ និងត្រសក់ ជាដើម អាចជួយផ្ដល់សំណើមដល់បបូរមាត់ ព្រមទាំងជួយឲ្យពណ៌បបូរមាត់កាន់តែប្រសើរជាងមុន។
![បបូរមាត់](https://cdn.hellokrupet.com/wp-content/uploads/2022/01/បបូរមាត់២.jpg)
៤. កាត់បន្ថយស្នាមខ្មៅនៃបបូរមាត់ជាមួយនឹងត្រសក់
ត្រសក់ផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសមាសធាតុសម្បូរស៊ីលីកា ដែលអាចជួយកាត់បន្ថយសារធាតុពណ៌ និងស្នាមខ្មៅនៃបបូរមាត់។ ចូរកិនត្រសក់២ទៅ៣ចំណិត និងយកល្បាយមកលាបនៅលើបបូរមាត់ ដោយទុកចោលរយៈពេល១៥ទៅ២០នាទី និងលាងជម្រះចេញជាមួយនឹងទឹកធម្មតា។ គ្នាយើងអាចអនុវត្តតិចនិកនេះចំនួន១ទៅ២ដងក្នុងមួយថ្ងៃ។