កុំប្រហែស! ក្ដៅ​ខ្លាំង​បែប​នេះ ស្បែក​ងាយមានបញ្ហា ៥ ប្រភេទ​នេះ​ណាស់

    កុំប្រហែស! ក្ដៅ​ខ្លាំង​បែប​នេះ ស្បែក​ងាយមានបញ្ហា ៥ ប្រភេទ​នេះ​ណាស់

    អាកាសធាតុ​កំពុង​តែ​ក្ដៅ​ខ្លាំង ដូចនេះ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព ជាពិសេស​គួរតែ​​ថែទាំ​ស្បែកឲ្យ​មែនទែន។ Helloគ្រូពេទ្យ សូម​ណែនាំពី​ផល​វិបាកពីកម្ដៅ​ថ្ងៃ​ក្ដៅ​ ដែល​ធ្វើឲ្យ​ស្បែកងាយ​​ប្រឈមមុខ​ជាមួយ​បញ្ហា​មួយ​ចំនួន ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ឲ្យ​​បាន​ដិតដល់។

    ១- កន្ទួល​ក្រហម

    ព្រោះតែ​កម្ដៅ​ថ្ងៃ​ខ្លាំង​ពេក ធ្វើឲ្យ​បែកញើស​ច្រើន ព្រម​ជា​មួយ ភាព​កខ្វក់ និង​ធូលី​ធ្វើឲ្យ​ស្ទះ​រន្ធ​ញើស។ មួយ​វិញ​ទៀត​សម្លៀកបំពាក់​ក្រាស់​ៗ មិន​អាច​ស្រូប​ខ្យល់​ចូល និង​ការ​កកិត​ជាមួយ​ញើស​ក៏​ជា​ផ្នែក​មួយ​ធ្វើឲ្យ​ស្បែកក្រហម កន្ទួល​រមាស់ រលាក និង​ពង​បែក​តូច​ៗ​លើ​ស្បែក។

    ដំណោះស្រាយ៖ រក្សា​អនាម័យ​ឲ្យ​បាន​ល្អ​បំផុត​នៅ​ពេល​យើង​បែក​ញើស​ច្រើន ដោយ​ងូតទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ២ ដង​/​ថ្ងៃ និង​ប្រើ​សាប៊ូ​ប្រឆាំង​បាក់តេរី។ នៅ​ពេល​ស្បែក​មាន​សភាព​បែប​នោះ គួរ​យក​ដុំ​ទឹកកក​មក​លុញថ្នម​ៗ​លើ​កន្លែង​នោះ។ ប្រសិនបើ​ស្បែក​មាន​បញ្ហា​ខ្លាំង ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ផ្នែក​សើស្បែក​ជា​បន្ទាន់។

    ២- ស្ងួត​ស្បែក

    ការ​ខ្វះ​ជាតិ​ទឹក នៅ​ពេល​យើង​បែកញើស នឹង​ធ្វើឲ្យ​ស្បែក​ប្រែជា​ស្ងួត ហើយ​គ្មាន​សំណើម។ ប្រសិនបើ​មិន​មាន​ការ​បិទបាំង​ស្បែក​ពី​កម្ដៅ​ឲ្យ​បាន​ជិត​ល្អ ស្បែក​នឹងរលាក ហើយ​បបូរមាត់​ក៏​ចាប់ផ្ដើម​ប្រេះ។

    ដំណោះស្រាយ៖ គឺ​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ទៅ​ណា​មក​ណា​ត្រូវ​យក​ដប​ទឹក​ទៅ​ជាមួយ និង​ផឹក​រៀងរាល់​កន្លះ​ម៉ោង​ម្ដង។ លើស​ពី​នេះ​ទៅ​ទៀត​ញ៉ាំ​ទឹក​ផ្លែឈើ និង​ផ្លែ​ឈើ​ស្រស់​ៗ​សម្បូរ​ជាតិ​ទឹក ដើម្បី​បំពេញ​ជាតិ​ទឹក។

    កម្ដៅធ្វើឲ្យ​រលាក​ស្បែកHello_គ្រូពេទ្យ

    ៣- រលាក​ស្បែក

    កម្ដៅ​ព្រះអាទិត្យ​នៅ​រដូវ​ក្ដៅ ​អាច​ធ្វើឲ្យ​របក​ស្បែក ពង​បែក ក្រហម កន្ទួល និង​វិវត្ត​ជា​រលោក ឬក៏មហារីក​។

    ដំណោះស្រាយ៖ វិធី​តែ​មួយ​គត់ ដើម្បី​ការពារ​ស្បែក​របស់យើង​​ពី​ជំងឺ​មួយ​នេះ កាត់បន្ថយ​ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ។ ប្រសិនបើ​គ្មាន​ជម្រើស គឺ​ត្រូវ​ស្លៀកពាក់​​បិទបាំង​ស្បែក​ឲ្យ​ជិត និង​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មុន​ពេល​ចេញ​ទៅ​ក្រៅ។

    ៤- កើត​មុន

    ស្នាម​ញើស​ធ្វើឲ្យ​ស្បែក​ក្លាយ​ជា​មេដែក​ទាក់ទាញ​ធូលី​ដី​បាន​យ៉ាង​ឆាប់​រហ័ស បូករួម​ជាមួយ​កម្ដៅ និង​ភាព​កខ្វក់​ទៀត​នោះ បណ្ដាល​ឲ្យ​ស្បែក​កើត​មុន​យ៉ាង​ងាយ​មិន​ថា​មុខ ឬ​ខ្លួន​ឡើយ។

    ដំណោះស្រាយ៖ អ្នក​គួរតែ​យក​ចិត្ត​ទុកដាក់​ថែរក្សា​ឲ្យ​បាន​ស្អាត​ស្បែក​ជាប្រចាំ។ បន្ថែម​ពី​លើ​នោះ ពេល​លុបលាង​ខ្លួន និង​មុខ​ ត្រូវ​តែ​ប្រើ​ទឹក​ស្អាត ហើយ​បើ​វា​បន្ត​រីក​រាលដាល​កាន់តែ​ខ្លាំង​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ។

    ៥- ការ​ឆ្លង​បាក់តេរី

    សីតុណ្ហភាព​ក្ដៅ​ផ្ដល់​ឲ្យ​បាក់តេរី និង​មេរោគ​រីក​លូតលាស់​បាន​យ៉ាង​ល្អ ហើយ​វា​អាច​នៅ​គ្រប់​ទីកន្លែង​ដែល​ភ្នែក​យើង​ទទេ​មើល​មិន​ឃើញ។ នៅ​ពេល​អ្នក​ប៉ះពាល់​អ្វី​មួយ​ដែល រួច​យក​ដៃ​ទៅ​កាន់​មុខ ធ្វើឲ្យ​​ឆ្លង​មេ​រោគ​លើ​ស្បែក។

    ដំណោះស្រាយ៖ ព្យាយាម​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ជានិច្ច​រៀងរាល់ ២ ម៉ោង​ម្ដង។ ប្រសិនបើ​នៅ​ឆ្ងាយ​ពី​កន្លែង​មាន​ទឹក គួរ​ប្រើ​ទឹក​អនាម័យ​សម្រាប់​លាង​ដៃ​ក្រោយ​ពេល​ចាប់ ឬ​កាន់​អ្វី​មួយ។

    ៦- ខ្មៅ ឬ​ជាំ​ស្បែក

    នៅ​ពេល​ដែល​ស្បែក​ប៉ះពាល់​នឹង​កាំ​រស្មី​យូវី​របស់​ព្រះអាទិត្យ​អាច​បំផ្លាញ​មេឡានីន ហើយ​ស្បែក​ក៏​ប្រែ​ជា​ខ្មៅ ឬ​ជាំ​បាន។

    ដំណោះស្រាយ៖ ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន ៣០ SPF។ ប្រសិនបើ​រង​ផល​ប៉ះពាល់​ខ្លាំង ត្រូវ​ប្រញាប់​ទៅ​ជួប​អ្នក​ជំនាញ។

    កម្ដៅធ្វើឲ្យ​រលាក​ស្បែកHello_គ្រូពេទ្យ

    អត្ថបទ​ពាក់ព័ន្ធ៖

     

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ Try Ravi · កែ 03/05/2019

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម