រូបមន្តសក់ស្អាត និងភ្លឺរលោង ប្រើទឹកអង្ករ និងតែបៃតង
ការលាងសម្អាតសក់ជាមួយនឹងគ្រឿងផ្សំធម្មជាតិ មិនត្រឹមតែអាចជួយឲ្យគល់សក់រឹងមាំប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យសក់មានសុខភាពល្អ ព្រមទាំងជៀសឆ្ងាយពីបញ្ហាសក់ផ្សេងៗដូចជាជ្រុះសក់ អង្គែ និងសំពោងគ្មានទម្ងន់ជាដើម។ ជាមួយនឹងទឹកអង្ករ ព្រមទាំងតែបៃតង គ្នាយើងច្បាស់ជាអស់កង្វល់ជាមួយនឹងបញ្ហាសក់ទៀតមិនខាន។

អត្ថប្រយោជន៍ទឹកអង្ករចំពោះសរសៃសក់
ពិតណាស់ ទឹកអង្ករផ្ទុកទៅដោយអាមីណូអាស៊ីដ និងសារធាតុInositol ដែលអាចជួយឲ្យឫសសក់រឹងមាំ និងជួសជុលសក់ខូចគ្រប់ប្រភេទយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ វាក៏មានផ្ទុកវីតាមីនE ដែលអាចប្រឆាំងនឹងសក់ជ្រុះ ក៏ដូចជាជួយឲ្យសក់លូតលាស់ល្អផងដែរ។
អត្ថប្រយោជន៍នៃតែបៃតងចំពោះសរសៃសក់
រីឯតែបៃតងមានផ្ទុកសារធាតុepigallocatechin gallate (EGCG) ដែលអាចចិញ្ចឹមបំប៉នគល់សក់បានយ៉ាងអស្ចារ្យ។ ជាងនេះទៅទៀត វាក៏មានសមត្ថភាពខ្ពស់ក្នុងការបន្ទន់សក់ ដែលអាចជួយពង្រឹងដល់សុខភាពស្បែកក្បាល ព្រមទាំងធ្វើឲ្យសក់ភ្លឺរលោង។
រូបមន្តបំប៉នសរសៃសក់ជាមួយទឹកអង្ករ និងតែបៃតង
- តែបៃតង១កញ្ចប់
- អង្ករកន្លះពែង
- ទឹក
វិធីធ្វើ៖ ចូរលាយទឹកមួយពែងជាមួយនឹងអង្ករកន្លះពែង រួចទុកចោលយ៉ាងហោចណាស់រយៈពេល២ម៉ោង។ បន្ទាប់មក ឆុងតែបៃតង១កញ្ចប់តូច ឬស្លឹកតែបៃតងចំនួន១ស្លាបព្រាកាហ្វេ ដោយប្រើទឹក១ពែង និងទុកចោលរយៈពេល៥ទៅ១០នាទី។ ក្រោយមកត្រងយកទឹកអង្ករ និងបន្ថែមតែបៃតងដែលឆុងរួចទៅក្នុងទឹកអង្ករ។

វិធីប្រើប្រាស់ទឹកអង្ករ និងតែបៃតង
- កក់សក់ ដោយប្រើទឹកក្ដៅឧណ្ហៗ ដើម្បីឲ្យរន្ធញើសនៅលើស្បែកបើក និងអាចស្រូបយកទឹកបំប៉នសក់កាន់តែប្រសើរជាងមុន។
- ចូរលាបទឹកបំប៉នសក់នៅលើសរសៃសក់ ដោយចាប់ផ្ដើមពីឫសសក់ រហូតដល់ចុងសក់។
- ចូររង់ចាំរយៈពេល១០ទៅ១៥នាទី មុនពេលលាងសម្អាតចេញ។
គ្នាយើងអាចប្រើប្រាស់ទឹកបំប៉នសក់នេះ យ៉ាងហោចណាស់ម្ដង ឬ២ដងក្នុងមួយសប្ដាហ៍ បន្ទាប់ពីកក់សក់រួច ដើម្បីទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។