នៅក្នុងរដូវកាលនៃជំងឺរាតត្បាតកូវីដ១៩នេះ ការពាក់ម៉ាសការពារគឺជារឿងដែលចៀសមិនរួចឡើយ។ យ៉ាងណាមិញ សុខភាព និងសម្រស់ត្រូវតែដើរទន្ទឹមគ្នា។ ហេតុដូច្នេះហើយ ស្រីៗយើងគួរតែផ្លាស់ប្តូរទម្លាប់ថែទាំស្បែកមុខមួយចំនួន ដើម្បីឲ្យសមស្របទៅនឹងសភាពការណ៍បច្ចុប្បន្ន។
ការពាក់ម៉ាសប្រចាំថ្ងៃ ពិតជាមិនមែនជារឿងងាយស្រួលសម្រាប់ស្បែកមុខដ៏ស្រស់ផូរផង់របស់យើងឡើយ។ ជាពិសេស នៅពេលដែលយើងពាក់ម៉ាសច្រើនម៉ោង ស្បែករបស់យើងនឹងងាយប្រតិកម្ម រោល ព្រមទាំងឡើងមុនថែមទៀតផង។
ដូចនេះ ដើម្បីការពារស្បែកមុខពីបញ្ហាផ្សេងៗ ក៏ដូចជាថែទាំផ្ទៃមុខឲ្យនៅតែមានសភាពស្រស់ថ្លា ទន់ម៉ត់រលោង ស្រីៗយើងគួរចាប់ផ្ដើមអនុវត្តតិចនិកងាយៗខាងក្រោមនេះ។
១. ទុកឲ្យស្បែកដកដង្ហើមខ្លះ
នៅពេលដែលយើងការពារខ្លួនដោយប្រើម៉ាស និងរបាំងមុខ ស្បែកយើងពិតជាពិបាកដកដង្ហើមណាស់។ ដូច្នេះហើយ យើងត្រូវទុកឲ្យស្បែកនៅទំនេរខ្លះ ដោយព្យាយាមកាត់បន្ថយការប្រើប្រាស់គ្រឿងសម្អាតផ្សេងៗ ដើម្បីចៀសវាងការស្ទះរន្ធរោម ដែលជាហេតុធ្វើឲ្យកើតមុននៅលើផ្ទៃមុខ។
![ថែស្បែកមុខ](https://cdn.hellokrupet.com/wp-content/uploads/2020/12/ថែស្បែកមុខ.jpg)
២. ប្រើហ្វូមលាងមុខដែលគ្មានជាតិកាត់
ជាមួយគ្នានេះដែរ ការពាក់ម៉ាសច្រើនម៉ោង អាចធ្វើឲ្យស្បែកមុខរបស់យើងរោល ឬក្រហាយ និងធ្វើឲ្យមានការរមាស់ ឬមានស្នាមក្រហមជាដើម។ ហេតុនេះ ការលាងសម្អាតមុខជាមួយនឹងហ្វូមដែលគ្មានសារធាតុកាត់ គឺជារឿងសំខាន់បំផុត ពីព្រោះវាមិនត្រឹមតែជួយលាងសម្អាតស្បែកបានល្អប៉ុណ្ណោះទេ វាក៏ជួយរក្សាកម្រិតជាតិទឹកក្នុងស្បែក ដែលមិនធ្វើឲ្យស្បែកស្ងួតផងដែរ។
៣. លាបឡេការពារកម្ដៅថ្ងៃ
ស្រីៗយើងមិនគួរមើលរំលងការលាបឡេការពារកម្ដៅថ្ងៃឡើយ បើទោះបីជាត្រូវនៅតែផ្ទះក៏ដោយ។ ចូរជ្រើសរើសប្រភេទឡេដែលអាចការពារយើងពីកាំរស្មី UVA UVB កាំរស្មីអ៊ីនហ្វ្រារ៉េដ ក៏ដូចជាធន់នឹងទឹក ព្រមទាំងញើសបានល្អ។ ប្រសិនបើយើងធ្វេសប្រហែស កាំរស្មីទាំងនោះនឹងចូលទៅបំផ្លាញដល់ស្រទាប់ស្បែកយ៉ាងជ្រៅ ដែលបណ្ដាលឲ្យស្បែកមុខរបស់យើងឆាប់ចាស់ជាងវ័យ និងកើតមានស្នាមជ្រីវជ្រួញថែមទៀតផង។
៤. ដោះម៉ាសចេញឲ្យបាន១៥នាទី នៅរៀងរាល់៤ម៉ោងម្តង
បើទោះជាយើងរវល់ខ្លាំងនឹងការងារដែលតម្រូវឲ្យពាក់ម៉ាសជាប់ជាប្រចាំយ៉ាងណាក៏ដោយ យើងត្រូវឆ្លៀតពេល យ៉ាងតិចណាស់ឲ្យបាន១៥នាទី ដើម្បីសម្រាកទាំងរាងកាយ ក៏ដូចជាស្បែកមុខរបស់យើង។ ការទុកឲ្យស្បែកស្រូបយកខ្យល់បរិសុទ្ធពីខាងក្រៅ គឺជាការជួយសង្គ្រោះដល់ស្បែករបស់យើងឲ្យចៀសឆ្ងាយពីបញ្ហាស្បែកនានា។ ចូរដោះម៉ាសនៅកន្លែងដែលមានសុវត្ថិភាព និងលាងដៃឲ្យបានស្អាតជាមុនសិនមុននឹងដោះម៉ាស។