១- ចៀសវាងសម្លៀកបំពាក់តឹងៗ
បើតាមអ្នកស្រី ម៉ម សុជាតា ដែលមានកូន ៣ នាក់រួចមកហើយនោះ បានឲ្យដំបូន្មានដល់ស្ត្រីកំពុងពពោះហើយមានបញ្ហាក្លៀកខ្មៅស្រអាប់ខ្លាំងថា បញ្ហានេះគាត់ពេលមានកូនទាំងស្រីទាំងប្រុស ហើយជំហានដំបូង គឺត្រូវប្រយ័ត្នចំពោះសម្លៀកបំពាក់ ដោយអាវត្រូវពាក់ប្រភេទសាច់ទន់ៗ និងរលុងៗ ហើយមិនជក់ញើស ដើម្បីកុំឲ្យជាតិពុលប្រមូលផ្ដុំក្រោមក្លៀក។ មួយវិញទៀតការជ្រើសរើសអាវទ្រនាប់ក៏ដូចគ្នា គឺមិនអាចជាប្រភេទស្បៃដែលអាចកកិតប៉ះពាល់កន្លែងមានស្នាមខ្មៅស្រាប់នោះទេ។ អ្នកនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺបានបន្ថែមទៀតថា ពេលងូតទឹកយើងអាចយកសាច់ជូរ ឬក្រូចឆ្មារមកដុសថើៗជាប្រចាំ នោះអាចរលុបបានខ្លះៗ ហើយបន្តធ្វើរហូតដល់ក្រោយឆ្លងទន្លេ។
២- កុំដករោមក្លៀក តែកោរវិញល្អជាង
«បើពេលមានផ្ទៃពោះ ហើយក្លៀកប្រែជាខ្មៅ យើងកុំប្រើវិធីដករោមក្លៀកឲ្យសោះ ព្រោះជា ជម្រើសគ្រោះថ្នាក់ដែលបណ្ដាលឲ្យក្លៀកកាន់តែខ្មៅជាំខ្លាំងថែមទៀត ជម្រើសល្អ គួរតែកោរវិញ»។ នេះជាការចែករំលែករបស់អ្នកនាង តែ ចាន់ហេង ជាម៉ាក់ៗកូន ២ នាក់ ដែលមានស្រុកកំណើតនៅបាត់ដំបង។ ជាងកាត់សម្លៀកបំពាក់រូបនេះបានបន្ថែមទៀតថា ស្បែកក្រោមក្លៀកមានសភាពស្ដើង អ៊ីចឹងហើយការដកអាចបណ្ដាលឲ្យក្លៀកកាន់តែយារ។