កុំឆ្ងល់​ទៀត នេះហើយជាមូល​ហេតុធ្វើឲ្យ​មុខចាស់ជាងវ័យ

    កុំឆ្ងល់​ទៀត នេះហើយជាមូល​ហេតុធ្វើឲ្យ​មុខចាស់ជាងវ័យ

    ស្រី​ៗ​គ្នា​យើង​​ខ្លះ​ចេះ​តែ​ឆ្ងល់​ថា​ ម៉េច​បាន​​គេ​អាយុ​ច្រើន​ហើយ​ ប៉ុន្តែ​ស្បែក​​មុខ​នៅ​តែ​ក្មេង​ស្រស់​ស្អាត​អ៊ីចឹង​។ តើ​គេ​មាន​តិចនិក​ថែ​រក្សា​​សម្រស់​យ៉ាង​ម៉េច​​ខ្លះ? ពិត​ណាស់​ ​ស្បែក​មុខ​យើង​នឹង​លេច​ឡើង​នូវ​​ស្នាម​ជ្រីវជ្រួញ​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ។​ នេះ​ដោយ​សារ​​​​ការ​ផលិត​ជាតិ​ខូឡាជែន​​​​មាន​ការ​ធ្លាក់​ចុះ​ទៅ​តា​ម​ពេល​វេលា ​ហើយ​វា​បណ្ដាល​ឲ្យ​ស្បែក​​បាត់​បង់​នូវ​ភាព​យឺត​។

    ប៉ុន្តែ​ ​យើង​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​ទេ​ថា​ កត្តា​បរិស្ថាន​ និង​របៀប​របប​រស់​នៅ​ គឺ​ជា​ឫសគល់​ចម្បង​ ដែល​​ធ្វើ​ឲ្យ​ស្នាម​ជ្រីវជ្រួញ​​ឆាប់​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​របស់​យើង​លឿន​ជា​ការ​រំពឹង​ទុក​។ ដូច្នេះ​ បើ​មិន​ចង់​ភ្ញាក់​ពី​គេង​​មក​ឃើញ​ផ្ទៃ​មុខ​កាន់​តែ​ដុនដាប​ទេ​នោះ​ គ្នា​យើង​គួរ​​តែ​ចាប់​ផ្ដើម​ប្ដូរ​ទម្លាប់​ទាំងនេះ​ចេញ​ភ្លាម​​ទៅ​​។

    . ញ៉ាំ​ផ្អែម​ច្រើន​ពេក

    ការ​ញ៉ាំ​ផ្អែម​ច្រើន​ គឺ​មិន​ល្អ​ចំពោះ​សុខភាព​ឡើយ​ វា​​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​ប៉ុណ្ណោះ​ទេ​ ​តែ​វា​ក៏​ធ្វើ​ឲ្យ​យើ​ង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន​ផង​ដែរ​​ ដូចជា​ជំងឺ​បេះដូង​ ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​មហារីក​ជា​ដើម​។ លើស​ពី​នេះ​ វា​ក៏​​បង្ក​ឲ្យ​មាន​ការ​កើត​មុន​​ ព្រម​ទាំង​​​ពន្លឿន​នូវ​​ភាព​ចាស់​​ថែម​ទៀត​ផង​។​ ​ជាក់ស្ដែង​ ​ជាតិ​ខូឡូជែន​ និង​ភាព​យឺត​នៃ​ស្បែក​នឹង​កាន់​តែ​ចុះ​ខ្សោយ​ នៅ​ពេល​ដែល​យើង​ញ៉ាំ​ផ្អែម​ខ្លាំង​ ហើយ​ក៏​​បណ្ដាល​ឲ្យ​លេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​លើ​​ស្បែក​តែ​ម្តង​​។​​​​​​​​​​​

    មុខចាស់

    . ភ្លេច​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​

    កាំរស្មី​UVចេញ​ពី​ពន្លឺ​ព្រះអាទិត្យ​​ គឺ​ជា​អាវុធ​ដ៏​​កាច​សាហាវ​ ដែល​ចូល​ទៅ​បំផ្លាញ​ស្បែក​របស់​យើង​​នៅ​ពេល​ដែល​យើង​​​មិន​បាន​ប្រុង​ប្រយ័ត្ន​។ ​វា​នឹង​​ធ្វើ​ឲ្យ​ខូឡាជែន​នៃ​ស្បែក​បាត់​បង់ ហើយ​បង្ក​ទៅ​ជា​ស្នាម​ជ្រីវជ្រួញ​​នៅ​ក្នុង​មួយ​រំពេច​។ ដូចនេះ​ ​ចូរ​កុំ​ភ្លេច​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​​ជាប់​ជា​ប្រចាំ​ មិន​ថា​យើង​ត្រូវ​ចេញ​ទៅ​ក្រៅ​ ឬ​សំងំ​នៅ​តែ​ក្នុង​ផ្ទះ​នោះ​ទេ។

    . មិន​ផ្ដល់​សំណើម​ដល់​ស្បែក

    នៅ​ពេល​ដែល​ស្បែក​ខ្វះ​សំណើម​​ វា​នឹង​ក្លាយ​ទៅ​ជា​ស្ងួត​គ្រើម​ ​ប្រៀប​ដូច​ជា​ដើម​ឈើ​ខ្វះ​ជាតិ​ទឹក​ដូច្នោះ​ដែរ​។ ​​ហេតុនេះ​ហើយ​ ទើប​ការ​ផ្ដល់​សំណើម​ដល់​ស្បែក​ គឺ​ជា​អ្វី​ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ​។​ ជាពិសេស​ ​គឺ​ស្បែក​ខាង​ក្រោម​ភ្នែក​​ដែល​​មាន​សភាព​ស្ដើង​ជាង​គេ​បង្អស់​ ដោយ​លាប​គ្រីម​ការពារ​ក្រោម​ភ្នែក​ឲ្យ​បាន​​ជាប់​ជា​ប្រចាំ។

    . ឥរិយាបថ​ពេល​គេង

    ឥរិយាបថ​ពេល​​គេង​​ក៏​អាច​ជះឥទ្ធិពល​​យ៉ាង​ខ្លាំង​ដល់​ផ្ទៃ​​មុខ​ផង​ដែរ​។ ប្រសិនបើ​ យើង​គេង​ផ្កាប់​មុខ​​ ឬ​​គេង​ចំហៀង​ ដោយ​សង្កត់​ផ្ទៃ​មុខ​ទៅ​នឹង​ខ្នើយ​ក្នុង​​​រយៈពេល​យូរ​ នោះ​ស្នាម​ជ្រីវជ្រួញ​នឹង​លេច​ឡើង​បន្តិច​ម្ដង​ៗ​។ ដើម្បី​ចៀស​វាង​នឹង​បញ្ហា​នេះ​ ចូរ​ព្យាបាល​គេង​ផ្ងារ​ ឬ​ប្រើ​ខ្នើយ​ដែល​ធ្វើ​ពី​សូត្រ​ជំនួស​វិញ​ ដើម្បី​កាត់​បន្ថយ​​ការ​កកិត​លើ​​ស្បែក​។

    . គេង​មិន​គ្រប់​គ្រាន់

    នៅ​ពេល​ដែល​យើង​គេង​លក់​ កម្រិត​អ័រម៉ូន​ស្រ្តេស​ នឹង​ត្រូវ​ថយ​ចុះ​​ ហើយ​ស្បែក​របស់​យើង​ក៏​​ត្រូវ​បាន​ជួសជុល​​​តាម​បែប​ធម្មជាតិ​​​ផង​ដែរ​​។ ផ្ទុយ​ទៅ​វិញ​ បើ​យើង​គេង​មិន​គ្រប់​គ្រាន់​ទេ​នោះ​ កម្រិត​អ័រម៉ូន​ស្រ្តេស​នឹង​ឡើង​ខ្ពស់​ ​ដែល​អាច​ចូល​ទៅ​បំផ្លាញ​​​ជាតិ​ខូឡាជែន​ និង​ធ្វើ​ភាព​យឺត​នៃ​ស្បែក​ចុះ​ថយ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​លេចឡើង​នូវ​ស្នាម​ជ្រីវជ្រួញ។​

    . ត្រដុស​ ឬ​ទាញ​ខ្លាំងៗ

    ជាមួយ​គ្នា​នេះ​ដែរ​ ការ​ត្រដុស​ខ្លាំង​ៗ​នៅ​លើ​ផ្ទៃមុខ​ ដោយ​ប្រើ​​ក្រដាស​សើម​ជូត​Makeup ឬ​កូន​​កន្សែង និង​ការ​ទាញ​ស្បែក​បរិវេណ​ក្រោម​ភ្នែក​ ដើម្បី​គូស​ត្រេ​ភ្នែក​ ក៏​ដូចជា​ការ​លើក​ចិញ្ចើម​ឡើង​ខ្ពស់​ ដើម្បី​លាប​ម៉ាស្ការ៉ា​ គឺ​សុទ្ធតែ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​កើត​មាន​​ស្នាម​ជ្រីវជ្រួញ​។ ទម្លាប់​តូច​តាច​ទាំងនេះ​ នឹង​ចូល​ទៅ​បំផ្លាញ​ស្បែក​របស់​យើង​ដោយ​មិន​ដឹង​ខ្លួន។ ដូចនេះ​ ​នៅ​ពេល​ដែល​យើង​ត្រូវ​​ប៉ះពាល់​ស្បែក​មុខ​ ចូរ​ប្រើ​ដៃ​​ថ្នមៗ​បំផុត​​​​តាម​ដែល​អាច​ធ្វើ​បាន​។

    . ការ​បំពុល​បរិយាកាស​​

    ការ​កើន​ឡើង​នៃ​​កម្រិត​ជាតិ​ពុល​នៅ​ក្នុង​បរិយាកាស​ បាន​បំផ្លាញ​សុខភាព​របស់​យើង​យ៉ាង​ធ្ងន់ធ្ងរ​​។​ ​ម្យ៉ាង​វិញ​ទៀត​ ផ្សែង​អ័ព្ទ​ និង​កម្ទេច​ធូលី​​ផ្សេង​ៗ​បាន​ចូល​ទៅ​បំផ្លាញ​ជាតិ​ខូឡាជែន​ ដែល​នាំ​ឲ្យ​យើង​ឆាប់​ចាស់​ជាង​វ័យ​ និង​មាន​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​។ ហេតុនេះ​ហើយ​ ចូរ​ធ្វើការ​លាង​សម្អាត​ផ្ទៃមុខ​ឲ្យ​បាន​ស្អាត​ល្អ​ ដើម្បី​បន្ថយ​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​​ទាំង​នេះ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.femina.in/beauty/skin/causes-of-wrinkles-that-have-nothing-to-do-with-ageing-178280.html

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 04/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត