ស្វែងយល់ពីការប្រើប្រាស់
១–ថ្នាំ Heptamyl ព្យាបាលជំងឺអ្វីខ្លះ?
គេប្រើថ្នាំ Heptamyl សម្រាប់ព្យាបាលជំងឺមួយចំនួនដូចជា៖
– សង្គ្រោះទារកទើបកើត
– បញ្ហាចំណង់ផ្លូវភេទ ដែលមិនមែនបណ្តាលមកពីកត្តាអ័រម៉ូន
– សម្ពាធឈាមទាប
– អស់កម្លាំង ខ្វាយខ្វល់ច្រើន រាងកាយមិនមានកម្លាំង ល្ហិតល្ហៃ
– ព្យាបាលករណីជំងឺបេះដូងកម្រិតស្រាល និងមធ្យម ជាពិសេសពេលហើមសួត (Pulmonary Edema)
– បញ្ហាបេះដូងខ្សោយទាក់ទងជាមួយ ការពុល ការឆ្លងរោគ ខូចសរសៃឈាម និងសាច់ដុំបេះដូង។
គ្រូពេទ្យអាចប្រើថ្នាំ ហិបតាមីល (Heptamyl) សម្រាប់ព្យាបាលជំងឺដទៃទៀតបាន។ អាចសួរគ្រូពេទ្យ ឬ ឱសថការីបន្ថែម។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
សម្រាប់ថ្នាំគ្រាប់
– ត្រូវលេបជាមួយអាហារ ឬលេបពេលញ៉ាំបាយ
– មិនត្រូវកិន បំបែក ឬទំពា ឡើយ ត្រូវលេបចូលទាំងមូលជាមួយទឹក។
សម្រាប់ថ្នាំចាក់
– ត្រូវឲ្យគ្រូពេទ្យជាអ្នកចាក់ អាចចាក់តាមសាច់ដុំ ឬសរសៃ
– សួរគ្រូពេទ្យបន្ថែមបើមានចម្ងល់អ្វីផ្សេង អំពីរបៀបប្រើប្រាស់ថ្នាំនេះ។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Heptamyl អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Heptamyl ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤– ត្រូវដឹងអីខ្លះមុនប្រើ?
មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖
– កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ព្រោះមិនអាចញ៉ាំថ្នាំផ្តេសផ្តាសដោយគ្មានវេជ្ជបញ្ជាពេលកំពុងពពោះ ឬបំបៅដោះកូនបានទេ។
- កំពុងប្រើថ្នាំផ្សេងៗ រួមទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា និងឱសថបុរាណផ្សេងទៀត
- មានប្រតិកម្មជាមួយសារធាតុផ្សំក្នុងថ្នាំ Heptamyl ឬមានប្រតិកម្មជាមួយថ្នាំអ្វីផ្សេង
- មានជំងឺអ្វីផ្សេង ឬមានបញ្ហាសុខភាព ក៏ដូចជាកំពុងព្យាបាលជាមួយថ្នាំ Theophylline
- មានប្រតិកម្មជាមួយអ្វីផ្សេងដូចជា៖ អាហារ ថ្នាំពណ៌ សារធាតុរក្សាអាហារកុំឲ្យខូច ឬមានប្រតិកម្មជាមួយសត្វ។
- បើបើកបរ ពេលយើងលេបថ្នាំនេះ អាចធ្វើឲ្យការបើកបររបស់អ្នកមានគ្រោះថ្នាក់។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ី។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត D សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ពេលប្រើប្រាស់ថ្នាំនេះ អាចឃើញមានផលរំខានមួយចំនួន៖
– ចង្អោរចង់ក្អួត
– ក្រហាយក្នុងក្រពះ
– បេះដូងលោតញាប់
– ញ័រទ្រូង។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ប្រើប្រាស់ថ្នាំ Heptamyl ជាមួយពពួកថ្នាំ IMAO អាចធ្វើឲ្យអ្នកជំងឺលើសសម្ពាធឈាមកាន់តែខ្លាំង។
៨– អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារនិងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ Heptamyl មានការប្រែប្រួល។ វាអាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផ្តល់ផលប៉ះពាល់របស់ថ្នាំកាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី ដើម្បីដឹងអំពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះមុនពេលចាប់ផ្តើមប្រើថ្នាំ។
៩– អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពបើយើងកំពុងមានបច្ចុប្បន្នដូចជា៖
– កើនឡើងមុខងារក្រពេញទីរ៉ូអ៊ីត (Hyperthyroidism)
– ហើមសាច់ខួរក្បាល (Cerebral edema)
– ជំងឺឆ្កួតជ្រូក (Epilepsy)
– លើសសម្ពាធឈាមក្នុងសរសៃអាក់ទែធ្ងន់ធ្ងរ (Arterial Hypertension)
– ខ្សោយសរសៃឈាមចិញ្ចឹមបេះដូង (Coronary insufficiency)
– ខ្សោយថ្លើម (Hepatic insufficiency)
– លើសទម្ងន់
– ដំបៅក្នុងក្រពះពោះវៀន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
– សម្រាប់ព្យាបាលខ្សោយអស់កម្លាំង និងសម្ពាធឈាមធ្លាក់ចុះ៖ លេបម្តង ២គ្រាប់ ហើយ ៣ ដង/ថ្ងៃ។
– សម្រាប់ព្យាបាល Shock សន្លប់ និងសម្ពាធឈាមធ្លាក់ចុះភ្លាមៗ៖ ចាក់ ២ អំពូលតាមសរសៃឈាម ឬចាក់ ១-២ អំពូលក្នុងសាច់ដុំ (ត្រូវបន្តចាក់រហូតអាការៈជំងឺបានធូរស្រាល)។
១១- ក្មេងត្រូវប្រើកម្រិតណា?
– សម្រាប់ព្យាបាល Shock សន្លប់ និងសម្ពាធឈាមធ្លាក់ចុះភ្លាមៗ។ ចាក់ ២-៥ មិល្លីលីត្រ ក្នុងសាច់ដុំ ឬចាក់ចូលតាមសរសៃឈាម (ត្រូវបន្តចាក់រហូតអាការៈបានធូរស្រាល)។
– សម្រាប់សង្គ្រោះទារកទើបកើត៖ ចាក់ ២មិល្លីលីត្រ ចាក់ចូលតាមទងសុក។
១២- មានទម្រង់បែបណាខ្លះ?
ថ្នាំ Heptamyl មានជាប្រភេទក្នុងកម្រិតដូចជា៖
– ប្រភេទគ្រាប់៖ ១៥០មិល្លីក្រាម ឈ្មោះ Heptaminol chlorhydrate
– ប្រភេទចាក់៖ ២៥០មិល្លីក្រាម ក្នុង ៥មិល្លីលីត្រ ឈ្មោះ Heptaminol chlorhydrate។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ ត្រូវលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]